តាមប្រភពកសិករចិន នៅខេត្តដដែលនេះបានឲ្យរ៉យទ័រដឹងថា ស្ទើរតែទាំងអស់នៃផលដំណាំត្រូវទឹកជនលិច ហើយពេលទឹកស្រកទៅវិញ ដំណាំទាំងអស់ត្រូវរលួយងាប់ ស្ទើរតែគ្មានអ្វីប្រមូលផលទាល់តែសោះ។
ប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ ហើយតម្លៃបន្លែនៅក្នុងខេត្តសានតុង បានហក់ឡើងខ្លាំង រហូតថ្លៃជាងតម្លៃរបស់សាច់សត្វ ដូចជាសាច់ជ្រូកទៅទៀត។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា តម្លៃបន្លែលក់ដុំជាមធ្យម បានកើនឡើងជិត៤០% ចាប់តាំងពីខែមុនមក។
អាជ្ញាធរបានព្រមានថា តម្លៃអាចនឹងកើនឡើងបន្ថែមទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារតែអាជ្ញាធរមានគម្រោងនាំយកការផ្គត់ផ្គង់បន្លែពីខេត្តភាគខាងត្បូងមកវិញ ដែលត្រូវចំណាយថ្លៃដឹកជញ្ជូនខ្ពស់។
គួរជម្រាបថា ការកើនឡើងនេះ ស្របពេលកំពុងមានកំណើនអតិផរណាក្នុងទីផ្សារចិន និងគួបផ្សំតម្លៃស្បៀងអាហារពិភពលោកកំពុងឡើងថ្លៃផងដែរ។ រដ្ឋាភិបាលក្រុងប៉េកាំង កំពុងព្រួយបារម្ភពីបញ្ហានេះស្របពេលដែលពួកគេ មានបំណងធានាការផ្គត់ផ្គង់ស្បៀងឱ្យបានគ្រប់គ្រាន់នៅមុនរដូវរងាចូលមកដល់។
សូមជម្រាបថា បើយោងតាមអង្គការសហប្រជាជាតិ ស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា អេហ្វ អេស អូ (FAO) តម្លៃស្បៀងអាហារ បានឡើងថ្លៃខ្លាំងគួរឲ្យព្រួយបារម្ភ នៅទូទាំងពិភពលោក បើគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ពោលគឺបានកើនឡើង ប្រមាណជា ៤០% បោះគិតនៅក្នុងមួយឆ្នាំចុងក្រោយនេះ ដែលជាកម្រិតឡើងខ្ពស់ខ្លាំងបំផុត បើគិតពីខែកញ្ញាឆ្នាំ ២០១១មក។
បញ្ហានេះ វានឹងបង្កើនការលំបាក ដល់ជីវភាពរបស់ប្រជាជន ជាពិសេសនៅតាមប្រទេសក្រីក្រ ហើយជាងនេះទៀត វាអាចរុញច្រាន ឲ្យកើតទៅបញ្ហាអស្ថិរភាព អសន្តិសុខ ចលាចលក្នុងសង្គមផងដែរ៕