ទីភ្នាក់ងារព័ត៌មាន Global Times បានស្រង់សម្ដីមន្ត្រីអាម៉េរិកម្នាក់ដែលបានប្រាប់ NBC News ថា «អង្គភាពឆ្មាំសមុទ្រសហរដ្ឋអាម៉េរិកកំពុងដេញតាមនាវាជាប់ទណ្ឌកម្មយ៉ាងសកម្ម ដែលជាផ្នែកមួយនៃការគេចវេះពីទណ្ឌកម្មរបស់ប្រទេសវេណេស៊ុយអេឡា។ នាវានេះបំពាក់ទង់ជាតិក្លែងក្លាយ និងស្ថិតនៅក្រោមបញ្ជារឹបអូសរបស់តុលាការ»។
សារព័ត៌មាន Bloomberg News បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូថា នាវាដឹកប្រេង ១គ្រឿងឈ្មោះ Bella 1 ត្រូវបានក្រុមមន្ត្រីអាម៉េរិកឡើងឆែកឆេរ ខណៈកំពុងធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡាដើម្បីផ្ទុកទំនិញ និងបានបញ្ជាក់នៅពេលក្រោយមកថា ការឆែកឆេរ និងការតាមប្រមាញ់នៅតែជាបន្ត។
ប្រសិនបើត្រូវចាប់បាន នាវាដឹកប្រេង ១គ្រឿងនេះនឹងក្លាយជានាវាទី៣ ដែលមានទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាមេរិកខាងត្បូងដែលសម្បូរប្រេង ហើយត្រូវបានសហរដ្ឋអាម៉េរិកស្ទាក់ចាប់ក្នុងរយៈពេលមិនដល់ ២សប្តាហ៍កន្លងមកនេះ។
១ថ្ងៃមុន ឆ្មាំសមុទ្រសហរដ្ឋអាម៉េរិកបានឡើងទៅលើនាវា សេនជូរី នៅក្រៅឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា ដែលជានាវាដឹកប្រេងខ្នាតធំបំពាក់ទង់ជាតិប៉ាណាម៉ា ដែលមិនមាននៅក្នុងបញ្ជីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យសេតវិមាន លោកស្រី អ៊ែនណា ខេលលី បានថ្លែងនៅលើប្រព័ន្ធ X ថា ប្រេងឆៅនៅលើកប៉ាល់សេនជូរី មានប្រភពមកពីក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេស៊ុយអេឡា ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។
កាលពីពាក់កណ្ដាលខែធ្នូ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យ "បិទផ្លូវនាវាចរណ៍ទាំងស្រុង" ចំពោះកប៉ាល់ដឹកប្រេងដែលចូល ឬចេញពីប្រទេសវេណេស៊ុយអេឡា ដោយប្រកាសថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានកំណត់ថា ជា "អង្គការភេរវកម្មបរទេស"។
ចំណែកប្រទេសវេណេស៊ុយអេឡាបានចោទទីក្រុងវ៉ាស៊ីនតោនវិញថា កំពុងតែព្យាយាមផ្លាស់ប្តូររបបគ្រប់គ្រងរបស់ខ្លួន និងការពង្រីកអំណាចខាងយោធានៅក្នុងតំបន់អាមេរិកឡាទីន និងថ្កោលទោសការស្ទាក់ចាប់កប៉ាល់ដឹកប្រេង ថាជា "ទង្វើរបស់ចោរសមុទ្រ"៕