ទិន្នន័យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងបរទេសដែលហោះហើរទៅកាន់ប្រទេសនេះបានដឹកអ្នកដំណើរអន្តរជាតិចំនួនជាង ១៧លានម៉ឺននាក់ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ជិត៥ដងបើធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុន VietJet បានដឹកអ្នកដំណើរអន្តរជាតិចំនួនជាង ២៤% នៃចំនួនអ្នកដំណើរ អន្តរជាតិសរុប ពោលគឺបាននាំមុខ ០,៥% លើក្រុមហ៊ុនអាកាសចរណ៍រដ្ឋវៀតណាមអ៊ែរឡាញ ដែលបានជាប់លំដាប់ទី២។
កំណើនដឹកអ្នកដំណើរអន្តរជាតិរបស់ក្រុមហ៊ុន VietJet មានសន្ទុះកំណើនអ្នកដំណើរលឿនជាងក្រុមហ៊ុនវៀតណាមអ៊ែរឡាញ និងក្រុមហ៊ុនបេមប៊ូ អ៊ែរវ៉េយ៍ (Bamboo Airways) ប៉ុន្តែវាមានសន្ទុះយឺតជាងក្រុមហ៊ុន ប៉ាស៊ីហ្វិក អ៊ែរឡាញ (Pacific Airlines) ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃថោក និងមានទំនាក់ទំនងជាមួយក្រុមហ៊ុន Vietnam Airlines។
ក្រុមហ៊ុនអាកាសចរណ៍ Pacific Airlines បានដឹកអ្នកដំណើរកើនឡើងជាង ៨ដងក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២ ចំណែកក្រុមហ៊ុន Vietnam Airlines បានដឹកអ្នកដំណើរកើនឡើងជាង ៤ដង ខណៈដែលកំណើនអ្នកដំណើរអន្តរជាតិរបស់ក្រុមហ៊ុន Bamboo Airways បានកើនឡើងជាង៣ដងក្នុងរយៈពេលដូចគ្នានោះ។
ក្រុមហ៊ុន VietJet បានបន្តទៅមុខយ៉ាងលឿនជាមួយនឹងការពង្រីកខ្លួនហោះហើរទៅកាន់អន្តរជាតិថែមទៀត ដោយក្រុមហ៊ុននេះបានបើកផ្លូវហោះហើរថ្មីចំនួន ១១ទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា និងឥណ្ឌូនេស៊ីក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ។ គិតត្រឹមចុងខែមិថុនា ក្រុមហ៊ុននេះបានបើកផ្លូវហោះហើរសរុបចំនួន១២០ផ្លូវ ដោយក្នុងនោះចំនួន៧៥ គឺជាផ្លូវអន្តរជាតិ។
អនុប្រធាននាយកប្រតិបត្តិលោក ង្វៀន ថាញ់ សុន (Nguyen Thanh Son) បាននិយាយថា ក្រុមហ៊ុន វៀតចេត កំពុងហោះហើរទៅកាន់គោលដៅជាច្រើនទៀតនៅក្នុងប្រទេសជប៉ុនផងដែរ ដោយមើលឃើញថាប្រទេសនេះជា «ទីផ្សារដ៏សំខាន់មួយ ដែលមានសក្ដានុពលនៃកំណើនដ៏អស្ចារ្យ»៕
អត្ថបទ ៖ សុខ ជា