សារព័ត៌មាន VN Express របស់វៀតណាម បានផ្សាយថា វៀតណាមគ្រោងទិញវ៉ាក់សាំងឲ្យបាន ១៥០លានដូសនៅឆ្នាំនេះ ដើម្បីចាក់ឲ្យប្រជាជន ឲ្យបាន ៧០% នៃចំនួនប្រជាជនសរុប ។
វៀតណាមមិនត្រឹមតែកំពុងស្វះស្វែងរកទិញតែវ៉ាក់សាំងប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏កំពុងស្វែងរកការផ្ទេរបច្ចេកវិទ្យាផងដែរ ដើម្បីឲ្យខ្លួនអាចផលិតវ៉ាក់សាំងដោយខ្លួនឯងបាន ។
វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន គឺជាវ៉ាក់សាំងទីបីហើយដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីវ៉ាក់សាំងរុស្ស៊ី Sputnik V និងវ៉ាក់សាំង AstraZeneca របស់ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត ។
កាលពីថ្ងៃសុក្រ (ទី៤ មិថុនា ២០២១) នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) បានសន្ទនាតាមទូរសព្ទជាមួយសមភាគីចិន លោក លី ខឺឈាង (Li Keqiang) ដោយក្នុងកិច្ចសន្ទនានោះត្រូវបានសារព័ត៌មានវៀតណាមឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្វះស្វែងរកការជួយគាំទ្រពីប្រទេសចិនសម្រាប់ការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំងរបស់វៀតណាម ផងដែរ ។
សារព័ត៌មានវៀតណាមដដែល បានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានសន្យាផ្ដល់កិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ប្រទេសវៀតណាម នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ សរុបជាង ៨៣៦០ករណី ជាសះស្បើយ ៣២៤២ករណី និងស្លាប់ ៥១នាក់ ។ គិតមកទល់ពេលនេះ វៀតណាមចាក់វ៉ាក់សាំងឲ្យប្រជាជនបាន ១,២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៩៦លាននាក់ ៕