អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ នៅថ្ងៃទី ៥ ខែឧសភា ខណៈពេលឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការប្រកាសថ្មីៗនេះរបស់ប្រទេសចិនអំពីការហាមឃាត់ការនេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៦ នៅក្នុងតំបន់មួយចំនួននៃដែនសមុទ្រខាងកើត ស្ថិតនៅតំបន់ប្រជុំកោះ ដែលវៀតណាមអះអាងថាជាដែនទឹករបស់វៀតណាម។
លោកស្រីបានអះអាងថា «ជំហររបស់វៀតណាម ចំពោះវិធានហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើតគឺធ្វើឡើងដោយគ្មានការប្រែប្រួល ហើយត្រូវបានបញ្ជាក់ជាថ្មីយ៉ាងច្បាស់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ»។
អ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា វៀតណាមបានជំរុញឲ្យចិនគោរពសិទ្ធិរបស់អ្នកនេសាទវៀតណាមក្នុងការធ្វើសកម្មភាពស្របច្បាប់នៅក្នុងដែនទឹករបស់វៀតណាម និងក្នុងតំបន់ដែនសមុទ្រដែលហួសពីដែនសមត្ថកិច្ចជាតិ ស្របតាមច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ UNCLOS ។
លោកស្រីបានបន្ថែមថា ប្រទេសចិនក៏ត្រូវចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅសមុទ្រខាងកើតផងដែរ។
សូមបញ្ជាក់ថា ការហាមឃាត់ការនេសាទប្រចាំឆ្នាំនៅរដូវក្តៅរបស់ប្រទេសចិនចូលជាធរមានកាលពីរសៀល ថ្ងៃទី ១ ខែឧសភា នៅទូទាំងសមុទ្របូហៃ សមុទ្រលឿង សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ។ ការផ្អាកនេះមានរយៈពេលពីបីខែកន្លះទៅបួនខែកន្លះ ដោយភាគច្រើននៃការហាមឃាត់នឹងបញ្ចប់នៅថ្ងៃទី ១៦ ខែសីហា ខណៈនៅតំបន់មួយចំនួននៅសមុទ្រលឿង និងសមុទ្រចិនខាងកើតបន្តដល់ថ្ងៃទី ១៦ ខែកញ្ញា។