
នៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២១នេះ វៀតណាមទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស លើការវិនិយោគគម្រោងថ្មីៗមានប្រមាណជាង ៩ពាន់៥រយលានដុល្លារ ជាមួយគម្រោងចំនួនជាង៨០០គម្រោង មានការកើនឡើងជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ ការចាក់បន្ថែមដើមទុនទៅក្នុងគម្រោងដែលមានស្រាប់វិញមានប្រមាណ ជាង៤ពាន់លានដុល្លារ លើចំនួនគម្រោង ៤៦០គម្រោង កើនឡើងជាង ១០% ខណៈដែលកិច្ចព្រមព្រៀងទិញភាគហ៊ុនក្រុមហ៊ុនក្នុងស្រុក ដោយវិនិយោគបរទេសវិញ មានជាង១ពាន់៦រយលានដុល្លារអាមេរិក។
នៅក្នុងចំណោមវិស័យចំនួន១៨ ដែលបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស វិស័យផលិតកែច្នៃ គឺទទួលបានការវិនិយោគច្រើនជាងគេបង្អស់ ដោយមានទំហំទុនវិនិយោគ ប្រមាណ៧ពាន់លានដុល្លារ ឬស្មើនឹងប្រមាណជាង៤៥% នៃទំហំទុនវិនិយោគផ្ទាល់ពីបរទេសរុប តាមពីក្រោយដោយ វិស័យផលិតកម្ម និងចែកចាយថាមពល។
ប្រទេសសង្ហបុរីឈរលំដាប់ជួរមុខគេ ក្នុងចំណោមប្រទេសចំនួន៨០ ដែលបានចូលមកវិនិយោគនៅប្រទេសវៀតណាមច្រើនជាងគេ ដោយទុនវិនិយោគផ្ទាល់ពីប្រទេសសិង្ហបុរីមានជាង៥ពាន់៦រយលានដុល្លារអាមេរិក បន្ទាប់មកជប៉ុនមានជាង២ពាន់៤រយលានដុល្លារ និងកូរ៉េខាងត្បូងមានប្រមាណ២ពាន់លានដុល្លារ។
ប្រាក់ចំណូលនាំចេញពីវិស័យវិនិយោគផ្ទាល់ពីបរទេស នៅ៦ខែដំបូងឆ្នាំនេះ ក៏មានការកើនឡើងប្រមាណជាង ៣២%ដែរ ដោយមានទឹកប្រាក់សរុប ១១៦ពាន់លានដុល្លារ ស្មើនឹងប្រមាណជាង៧៤% នៃការនាំចេញសរុប។ ទន្ទឹមនឹងនេះ ការនាំចូលមករបស់វិស័យវិនិយោគផ្ទាល់ពីបរទេសក៏មានការកើនឡើងជិត៤០%ដែរ ដោយមានតម្លៃទឹកប្រាក់នាំចូលជាង១០០ពាន់ដុល្លារ អាមេរិក៕