កំពង់ផែស្វយ័តភ្នំពេញ

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញរំពឹងថា ឆ្នាំ២០២៣ ចរាចរណ៍ទំនិញឆ្លងកាត់នឹងនៅតែមានកំណើនវិជ្ជមាន


បើទោះជាពិភពលោកស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក្ដី ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័តភ្នំពេញនៅតែមានដំណើរការល្អប្រសើរ។ ជាក់ស្ដែង នៅរយៈពេល ១១ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៣៧លានដុល្លារអាមេរិក មានការកើនឡើង២២% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ថ្នាក់ដឹកនាំ កំពង់ផែស្វយ័តភ្នំពេញ រំពឹងថា នៅឆ្នាំ ២០២៣ ការចរាចរណ៍នាវាដឹកទំនិញចេញ-ចូល កំពងផែស្វយ័តភ្នំពេញ នៅតែអាចរក្សារបាននូវសញ្ញាណវិជ្ជមានផងដែរ។
កំពង់ផែស្វយ័តភ្នំពេញ

ឯកឧត្តម ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានគូសបញ្ជាក់ថា ស្ថានភាពចរាចរណ៍ដឹកទំនិញចេញ-ចូល កំពង់ផែស្វយ័តភ្នំពេញនាពេលបច្ចុប្បន្ន ហាក់មានដំណើរល្អជាមួយនឹងកំណើនគួរឲ្យកត់សម្គាល់ ប្រមាណ១៥% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះមាននាវាដែលដឹកជញ្ជូនផលិតផលកសិកម្ម និងផលិតផលកាត់ដេរសម្លៀកបំពាក់ចេញទៅក្រៅប្រទេស ខណៈដែរការដឹកជញ្ជូនសម្ភារៈសំណង់ និងវត្ថុធាតុដើមរោងចក្រកាត់ដេរ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតចូលមកកម្ពុជា នៅតែមានចំនួនខ្ពស់ផងដែរ។ ដ្បិតសកម្មភាពនាវាដឹកទំនិញចេញ-ចូលដំណើរការធម្មតា ក៏ពិតមែន តែបញ្ហាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន នៅតែជះឥទ្ធិពលមួយចំនួនដល់វិស័យដឹកជញ្ជូននៅកម្ពុជា ពិសេសការកាត់បន្ថយការបញ្ជាទិញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ពីសហគមន៍អឺរ៉ុបតែម្ដង។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម ហ៊ី ប៉ាវី នៅតែបង្ហាញនូវសុទិដ្ឋិនិយមថា បញ្ហាទាំងនេះមិនបានគំរាមកំហែងដល់ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនោះទេ។

ឯកឧត្តម ហ៊ី ប៉ាវី អះអាងថា ស្ថានភាពពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ ដោយអាចនឹងមានការប៉ះពាល់មួយចំនួនមែន ប៉ុន្តែដោយសារប្រទេសកម្ពុជាជាប្រទេសផលិតកសិកម្ម និងជាប្រទេសឧស្សាហកម្មធុនស្រាល ដូច្នេះ នៅក្នុងឆ្នាំ ២០២៣ សកម្មភាពដឹកទំនិញចេញ-ចូលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ នៅតែរក្សាបានសញ្ញាណវិជ្ជមាន អាចនឹងមានស្ថានភាពប្រហាក់ប្រហែលក្នុងឆ្នាំ២០២២នេះ ឬមានការកើនឡើងក្នុងកម្រិតតិចតួច។

អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញរូបនេះ បញ្ជាក់បន្ថែមថា កំពង់ផែស្វយ័តភ្នំពេញ ក៏មានវិធានការបន្ថែមទៀត សម្រាប់ជួយដល់អាជីវកម្មរបស់ខ្លួនផងដែរ ក្រោយពីរាជរដ្ឋាភិបាលបានផ្តល់ឱកាសឱ្យមានការបង្កើតផែរណប ដោយជំរុញឱ្យផែរណបទាំង៤ អាចចាប់ផ្តើមដំណើការបាន នៅអំឡុងត្រីមាសទី១ ទី២ និងទី៣ ក្នុងឆ្នាំ២០២៣ ។ យ៉ាងណាមិញ ឯកឧត្តម ហ៊ី ប៉ាវី មានក្តីរំពឹងថា កាលណាផែរណបទាំង៤ មានដំណើរការក្នុងកម្រិតណាមួយហើយនោះ គឺនឹងអាចជួយបំពេញបន្ថែមដល់ចរន្តការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញផងដែរ តែទោះជាយ៉ាងណា ឯកឧត្តម បានសង្កត់ធ្ងន់ថា ចរន្តដឹកជញ្ជូនទំនិញឆ្លងកាត់កម្ពុជា ជាពិសេសនៅកំពង់ផែស្វយ័តភ្នំពេញតែម្តង នឹងមិនមានការថមថយនោះទេនៅឆ្នាំក្រោយ។

សូមជម្រាបថា តាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅរយៈពេល ១១ខែ ឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៣៧លានដុល្លារអាមេរិក កើនឡើង២២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ចរាចរណ៍នាវាដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ៣ពាន់ជើង បានកើនឡើងជាង ៥៥ % ប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ដោយឡែក ចំពោះបរិមាណកុងតឺន័រវិញ ក៏មានការកើនឡើងដូចគ្នា ដោយនៅរយៈពេល១១ខែនេះ គឺមានកុងតឺន័ររហូតដល់ជាង ៣៨ម៉ឺនកុងតឺន័រ កើនឡើងប្រមាណ ២១% ប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕




អត្ថបទបន្ទាប់


អេមហួស កំពូលកីឡាករ ធឿន ធារ៉ាទទួលប្រាក់ឧបត្ថម្ភ១០លានរៀលពីក្រុមហ៊ុន ខេ អិន អិន

ព័ត៌មាន
ធឿន ធារ៉ាត្រូវបានក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភថវិការរហូតដល់ទៅ១០លាន…

សម្ដេច ហ៊ុន សែន ដាក់បទបញ្ជាជាកំហិតឲ្យក្រសួងដែនដីត្រូវបញ្ចប់ការដោះស្រាយបញ្ហាបឹងទន្លេសាបត្រឹមខែឧសភាឆ្នាំក្រោយ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមន្រ្តីនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បន្ថែមការយកចិត្តទុក និងពន្លឿនការដោះស្រាយបញ្ហាទន្ទ្រានដីព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ