
ប៉ូលិសវៀតណាម ក្នុងខេត្តដាក់ឡាក់ បាននិយាយកាលពីថ្ងៃសុក្រ ទី៩ ខែឧសភា ថា ជនសង្ស័យវៀតណាម ពីរនាក់ឈ្មោះ ង្វៀន ថៃង្វៀន (Nguyen Thai Nguyen) អាយុ៤២ឆ្នាំ និងឈ្មោះ ត្រាន់ វ៉ាន់ ង៉ូ (Tran Van Ngo) អាយុ៤៥ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេតពីបទរត់ពន្ធផ្លែទុរេនផ្ទុកសារធាតុគីមីពីប្រទេសថៃ។ ប៉ូលិសវៀតណាម បានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ហើយម្នាក់ត្រូវបានឃុំខ្លួនឱ្យនៅក្នុងផ្ទះជាបណ្ដោះអាសន្ន។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះ បានចាប់ផ្តើមសហការគ្នារត់ពន្ធផ្លែទុរេនចូលក្នុងប្រទេសវៀតណាម នៅឆ្នាំ២០២២ ដោយឈ្មោះ ត្រាន់ វ៉ាន់ ង៉ូ (Tran Van Ngo) ជាអ្នកវេចខ្ចប់ និងដឹកជញ្ជូនទុរេនដែលផ្ទុកសារធាតុគីមីសម្រាប់បន្ទុំ និងសារធាតុគីមីរក្សាគុណភាពបានយូរឆ្លងព្រំដែន ដើម្បីឱ្យឈ្មោះ ង្វៀន ថៃង្វៀន (Nguyen Thai Nguyen) ចែកចាយលក់ពេញប្រទេសវៀតណាម។
នៅទីបំផុត ករណីរត់ពន្ធទុរេនដែលផ្ទុកសារធាតុគីមីពីប្រទេសថៃ នេះ បានបែកការនៅខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលប៉ូលិស បានឆ្មក់ចូលឆែកឆេនៅលំនៅឋានមួយកន្លែងនៅក្រុងបួន ម៉ា ធួត ដោយរកឃើញទុរេន២៩៣កេស ដែលមានផ្ទុកសារធាតុគីមី និងបិទស្លាកជាភាសាបរទេសដោយមិនបញ្ជាក់ពីប្រភពដើមច្បាស់លាស់។
សូមបញ្ជាក់ថា បច្ចុប្បន្ន ករណីរត់ពន្ធទុរេន ដែលមានផ្ទុកសារធាតុគីមីពីប្រទេសថៃ ចូលក្នុងប្រទេសវៀតណាម នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕
ដោយ: តែម សុខុម