ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានបញ្ជាក់ឲ្យដឹងថា ក្រសួង កំពុងធ្វើការងារយ៉ាងសកម្មជាមួយ វិស័យឯកជនវៀតណាម ដើម្បីប្រឹក្សាយោបល់ និងបង្កើតគម្រោងគាំទ្រដល់ អាជីវកម្មរបស់ពួកគេ ហើយក្រសួងក៏បានបង្ហើបដែរថា ក្រុមហ៊ុនឯកជនជាច្រើន គ្រោងនឹងកាត់បន្ថយបុគ្គល ចន្លោះពី ៦០% ទៅ ៧០% នៃកម្លាំងពលកម្មសរុបរបស់ពួកគេ។
សហព័ន្ធការងារទូទៅវៀតណាម ក៏បានរាយការណ៍ដែរថា មានសហគ្រាសអាជីវកម្ម ៥,៦ ពាន់កន្លែង ហើយនឹងក្រុមហ៊ុនមកពីវិស័យផ្សេងៗជាង ១,៣ ពាន់ក្រុមហ៊ុន ត្រូវបានរំលាយចោល ហើយខ្លះទៀត ត្រូវកាត់បន្ថយខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលអាចប៉ះពាល់ដល់ ការងារជាង ៤៦ម៉ឺនកន្លែង គិតត្រឹមដំណាច់ខែមេសា កន្លងទៅ។
យ៉ាងណាក៏ដោយ ក្រសួងការងារវៀតណាម បានធ្វើការរួមគ្នា ជាមួយវិស័យឯកជន ដើម្បីស្តារស្ថានការណ៍ដ៏លំបាកនេះឡើងវិញ ពង្រឹងស្ថិរភាពការងារ និងធានាឲ្យបាននូវ ប្រភពចំណូលសម្រាប់កម្មករ ហើយបើសិនជា រដ្ឋាភិបាលវៀតណាម អាចគ្រប់គ្រងស្ថានការណ៍នេះបាន គឺមានកម្មករតែ ៧ម៉ឺន ដល់ ៨ម៉ឺននាក់ អាចនឹងបាត់បង់ការងារ ហើយកម្មករជាង ៣លាននាក់ទៀត ត្រូវព្យួរការងារជាបណ្តោះអាសន្ន ខណៈក្រុមហ៊ុនសហគ្រាស ជាង ៧០% នឹងទទួលរងផលប៉ះពាល់នេះ។
សូមជម្រាបបន្ថែមថា ក្រសួងការងារវៀតណាម បាននិងកំពុងសម្របសម្រួលលើ ការអនុវត្តកញ្ចប់ថវិកាសង្គ្រោះជាង ២,៦ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ ក្រុមហ៊ុនសហគ្រាស ដែលកំពុងរងគ្រោះ ដោយស្នើឲ្យមានការបន្ធូរបន្ថយលក្ខខណ្ឌ សម្រាប់កម្ចីនេះ ព្រោះមកទល់ពេលនះ មានក្រុមហ៊ុនតិចតួចណាស់ ដែលអាចប្រើប្រាស់កញ្ចប់នេះបាន៕