ផលិតផលទូរសព្ទ និងគ្រឿងបន្លាស់វៀតណាម នៅត្រឹមខែដំបូងនៃឆ្នាំ ២០២២ សម្រេចបានការនាំចេញក្នុងតម្លៃជាទឹកប្រាក់ ៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ១៤ % នៃការនាំចេញសរុបរបស់ប្រទេសវៀតណាមនៅ១ខែដំបូងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ផលិតផលទូរសព្ទ ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៥០ នៅទូទាំងពិភពលោក ដោយប្រទេសចិនជាអ្នកនាំចូលធំជាងគេ។ ដោយឡែក កាលពីឆ្នាំ២០២១ ការនាំចេញទូរស័ព្ទបានកើនឡើងអត្រាកំណើនពីរខ្ទង់ ដែលឈានដល់ ទឹកប្រាក់ ៥៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% បើធៀបនឹងឆ្នាំ២០២០។
គួរជម្រាបថា ប្រទេសចិន និង សហរដ្ឋអាមេរិក គឺជាអ្នកនាំចូលទូរស័ព្ទរបស់វៀតណាមច្រើនជាងគេ ដែលប្រទេសចិនបាននាំចូល គិតជាទឹកប្រាក់សរុបចំនួនជាង ១៥ ពាន់លានដុល្លារ និង សហរដ្ឋអាមេរិកប្រមាណជិត ១០ ពាន់លានដុល្លារ។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) តម្លៃនៃការនាំចេញនៃវិស័យផលិតទូរស័ព្ទ និងគ្រឿងបន្លាស់ បានកើនដល់ជាង ៥១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ និង ២០២០ និង ជិត៥៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។
គួរកត់សម្គាល់ថាទូរសព្ទដែលផលិតឡើងទាំងស្រុងរបស់វៀតណាមត្រូវបាននាំចេញជាចម្បងទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលស្មើនឹង ៥៨ ភាគរយនៃចំណូលនៃចំណូលសរុប។ ក្នុងនោះផងដែរ ក្រុមហ៊ុនវិនិយោគបរទេស គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ពីវៀតណាម ដែលមានដល់ទៅជាង ៩៨% នៃការនាំចេញសរុប។
ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកដ៏ធំជាងគេបំផុតប្រចាំប្រទេសវៀតណាម ហើយថ្មីៗនេះ Samsung ក៏មានការពង្រីការវិនិយោគកាន់តែច្រើនឡើងនៅក្នុងប្រទេសនេះផងដែរ។
កាលពីឆ្នាំមុន ប្រាក់ចំណូល និងចំណូលពីការនាំចេញរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung បានកើនដល់ទៅជាង ៧៤ពាន់លានដុល្លារ កើនឡើង១៤ %ធៀបនឹងឆ្នាំ២០២០។
អត្ថបទ វ៉ាន់ ស្រីរ័ត្ន