របាយការណ៍ដដែលនេះ ក៏បានឲ្យដឹងថាស្ថានភាពកូវីដ-១៩ នៅតែបន្ដមានធ្ងន់ធ្ងរនៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលវាបានធ្វើឲ្យការនាំចេញទំនិញទៅកាន់ប្រទេសទាំងនេះ នៅតែបន្ដប្រឈមមុខនឹងការលំបាកដោយសារតែកង្វះការបញ្ជាទិញ។
ទោះជាបែបនេះក្ដី ការធ្លាក់ចុះ១៥នៃការនាំចេញទំនិញវាយនភណ្ឌ និងកាត់ដេររបស់វៀតណាមនៅឆ្នាំនេះ គឺនៅតែមានទាបជាងការធ្លាក់ចុះ២០% ទៅ២៥%នៃតម្រូវការពិភពលោកនៅឆ្នាំនេះ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបន្ថែមទៀតថា ក្រុមហ៊ុនក្នុងស្រុក បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណូល តាមរយៈការផលិតផលិតផលតម្លៃបន្ថែមទាបជាងមុន ដើម្បីធានាបាននូវលំហូរសាច់ប្រាក់។
ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Dony ដែលមានទីតាំងនៅទីក្រុងហូជីមិញ កំពុងផ្ដោតទៅលើការបញ្ជាទិញខ្នាតតូចៗ ហើយបើតាមនាយកប្រតិបត្តិក្រុមហ៊ុននេះ បានគូសបញ្ជាក់នៅក្នុងសារព័ត៌មាន VN Express ថា នៅពេលកូវីដ-១៩ ទើបចាប់ផ្ដើមរាតត្បាត ក្រុមហ៊ុនរបស់លោក បានទទួលបានការបញ្ជាទិញម៉ាស់រាប់លានម៉ាស់ ពីអ្នកបញ្ជាទិញនៅអាមេរិក និងអឺរ៉ុប ប៉ុន្ដែឥឡូវនេះ ក្រុមហ៊ុនកំពុងទទួលបានការបញ្ជាទិញខ្នាតតូចៗ ដែលមានបិរមាណប្រមាណ ៣ម៉ឺន៦ពាន់ម៉ាស់។
ប្រធានសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺទំនង ជាងនឹងជំរុញតម្រូវការទីផ្សារប្រទេសចិន សម្រាប់ផលិតផលកាត់ដេររបស់វៀតណាម។
ប្រទេសជប៉ុន គឺជាទីផ្សារសក្ដានុពលមួយទៀតរបស់វៀតណាម ប៉ុន្ដែទីផ្សារមួយនេះ តម្រូវឲ្យក្រុមហ៊ុនវៀតណាមត្រូវ បង្ហាញថាផលិតផលរបស់ពួកគេ គឺំមានប្រភពវត្ថុធាតុដើមមកពីប្រទេសអាស៊ានដទៃទៀត ឬពីប្រទេសជប៉ុន ទើបអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធនាំចូល ខណៈដែលមានទំនិញវៀតណាមភាគច្រើនត្រូវបានបង្កើតឡើងពីវត្ថុធាតុដើមនាំចូលពីប្រទេសចិន។
ទោះយ៉ាងណា នៅពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន សូម្បីតែផលិតផលវៀតណាមដែលមានវត្ថុធាតុដើមនាំចូលពីប្រទេសចិន ក៏នឹងអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Garment 10 Corpration Jsc គឺលោក Duc Viet បាននិយាយថា ការកាត់ពន្ធគយលើការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ជាច្រើនទៅកាន់អឺរ៉ុប គឺដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងអឺរ៉ុប ហើយវាក៏នឹងជួយជំរុញដល់កំណើននៃវិស័យនេះផងដែរ៕