គយវៀតណាម បានបញ្ជាក់ថា ការកើនឡើងនៃការនាំចូលរថយន្តដ៏ច្រើនលើសលប់នេះ គឺដោយសារតែឆ្នាំមុន រដ្ឋាភិបាលវៀតណាម បានរឹតបន្តឹងលើ លក្ខខណ្ឌនាំចូល ដែលធ្វើឲ្យតួលេខនាំចូលរថយន្ត ធ្លាក់ចុះខ្លាំង។
អ្នករកស៊ីនៅក្នុងឧស្សាហកម្មរថយន្តវៀតណាម បានឲ្យដឹងថា ឆ្នាំមុន រដ្ឋាភិបាលវៀតណាម បានចេញអនុក្រឹត្យ ដែលមានលក្ខខណ្ឌពិបាកជាងមុន ដូចជា តម្រូវឲ្យ អ្នកនាំចូល ផ្តល់វិញ្ញាបនប័ត្រច្បាស់លាស់ដើម្បីបញ្ជាក់ពីគុណភាព និងប្រទេសដើម។
គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៨កន្លងទៅ វៀតណាម នាំចូលរថយន្តជាង ៧ម៉ឺនគ្រឿង ដែលមានការធ្លាក់ចុះប្រមាណ ២០ភាគរយ ធៀបនឹងឆ្នាំ ២០១៧ ក៏ប៉ុន្តែតម្លៃរថយន្តសរុប មានចំនួន ១,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២១ភាគរយវិញ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាម មិននៅស្ងៀមនោះទេ ហើយក៏ចាប់ផ្ដើមរឹតបន្ដឹងចំពោះការនាំចូលរថយន្ដពីក្រៅប្រទេសផងដែរ ដើម្បីលើកទឹកចិត្តដល់ ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងមានបំណងឲ្យ ពលរដ្ឋវៀតណាម ប្រើប្រាស់រថយន្ដដែលផលិតនៅក្នុងស្រុកវិញ៕