
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) នៃប្រទេសវៀតណាម កំពុងស្ទង់មតិសាធារណជន ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំសេចក្ដីព្រាងសារាចរណ៍គ្រប់គ្រងកូតាពន្ធនាំចូលសម្រាប់ថ្នាំជក់សម្ងួត និងស្រូវអង្ករពីប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៦។ ការធ្វើសេចក្ដីព្រាងសារាចរណ៍នេះ គឺជាជំហានដ៏សំខាន់មួយឈានទៅរកការអនុវត្តកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុន។
សេចក្តីព្រាងសារាចរណ៍នេះ កំណត់កូតានាំចូលសម្រាប់ផលិតផលជាក់លាក់តែពីរមុខប៉ុណ្ណោះ គឺស្លឹកថ្នាំជក់សម្ងួត និងស្រូវអង្ករដែលនាំចូលពីកម្ពុជា។ យោងតាមសេចក្តីព្រាងសារាចរណ៍ដដែលនេះបង្ហាញថា ទំនិញទាំងពីរមុខនេះនឹងទទួលបានការអនុគ្រោះពិសេស០% សម្រាប់ការនាំចូលទៅវៀតណាម អំឡុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។
ទោះជាយ៉ាងណា ទំនិញនាំចូលទាំងពីរមុខនេះត្រូវតែភ្ជាប់មកជាមួយវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញយ៉ាងតឹងរ៉ឹង ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ហើយត្រូវទទួលបានអាជ្ញាបណ្ណនាំចូលដែលចេញដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ សូមបញ្ជាក់ថា សារាចរណ៍នេះនឹងមានសុពលភាពអនុវត្តន៍ចាប់ពីឆ្នាំ២០២៥ នេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦៕
ដោយ: តែម សុខុម