ប្រាក់ឧបត្ថម្ភ​កម្មករ​រងផលប៉ះពាល់​ព្រោះ កូវីដ-១៩

កម្មករជិត ៦ពាន់នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារពីរដ្ឋ តាមរយៈធនាគារឯកទេសវីង


អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតចាប់ពីក្រោយបុណ្យចូលឆ្នាំបានបញ្ចប់ទៅ មានរោងចក្រសហគ្រាសប្រមាណជា ១០ហើយ ដែលបានដាក់ពាក្យសុំព្យួរការងារ ដោយបានធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មចំនួនប្រមាណជិត ៦.០០០នាក់ ខណៈដែលក្រសួងប្រកាសថា កម្មករជិត៦.០០០នាក់នេះ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែ។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈបានបញ្ជាក់ថា ក្រោយពេល​ចូលឆ្នាំនេះ​រាជរដ្ឋាភិបាល បានដាក់ចេញ​វិធានការ​ជុំទី០៣ ក្នុងការជួយ​ដល់កម្មករ​និយោជិត ត្រូវបាន​ព្យួរការងារ ព្រោះតែ​បញ្ហា​នៃមេរោគ​កូវីដ-១៩។

ឯកឧត្តមបញ្ជាក់ថា «អ្នកដែលព្យួរ​ក្រោយ​ចូលឆ្នាំនេះ គាត់នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល គឺ៤០ដុល្លារ ហើយដើម្បី​ទទួលបាន​នូវប្រាក់​ឧបត្ថម្ភនេះ ទីមួយ​កម្មករនិយោជិត​ត្រូវ ផ្តល់នូវ​លេខអត្តសញ្ញាណបណ្ណ ហើយនិងផ្តល់​លេខទូរស័ព្ទ​ដែលត្រឹមត្រូវ មកឲ្យ​រដ្ឋបាល​រោងចក្រ ដើម្បី​រដ្ឋបាលរោងចក្រ កសាង​ជាបញ្ជី​ផ្តល់​ឲ្យខាងក្រសួង ដើម្បីប្រគល់​ឲ្យ​ធនាគារឯកទេស​វីង ដើម្បីឲ្យ​គាត់ផ្ទេរ​ថវិកា​៤០ដុល្លារ​ក្នុងមួយខែនេះ ជូនទៅដល់​កម្មករ​និយោជិត​របស់យើង»។

អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះបានបន្តទៀតថា មកដល់ម៉ោងនេះ គឺមានរោងចក្រ​ប្រហែលជា​១០ រោងចក្រហើយ ដែលបានទទួល​ការអនុញ្ញាត​ឲ្យព្យួរ​ប្រតិបត្តិការ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរនេះ ហើយមាន​កម្មករ​ប្រហែល​ជិត​៦.០០០នាក់ ដែលរងផល​ប៉ះពាល់​នេះ ដោយកម្មករនឹង​ទទួល​បាននូវ​ប្រាក់​ឧបត្ថម្ភនេះ ក្នុងរយៈពេល​១០ថ្ងៃក្រោយ​ពីក្រសួង​អនុញ្ញាត​ឲ្យរោងចក្រ​ព្យួរ។

ឯកឧត្តមបន្ដថា «មូលហេតុ ដែលរងចាំ​រហូតដល់​១០ថ្ងៃទើប​បាន​ប្រាក់ឧបត្ថម្ភនេះ ព្រោះតែ ក្រុមហ៊ុន​ត្រូវផ្តល់​លេខទូរស័ព្ទ និងលេខ​អត្តសញ្ញាណបណ្ណ អញ្ចឹង​យើង​ប្រគល់កិច្ចការ​នេះ​ទៅឲ្យវីង​ដើម្បីវីងគាត់ បើកជាគណនី​វីងមួយ​សម្រាប់​បុគ្គលហ្នឹង អញ្ចឹងពេល​ដែលបង្កើត​គណនី​វីងនេះហើយ ទើបប្រគល់​លុយនេះ​តាម​វីងជូនគាត់»។

បើតាមឯកឧត្តម ហេង សួរ​ បានឲ្យដឹងទៀតថា នៅក្នុងត្រីមាសទី១ ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និងស្បែកជើង គឺមាន​ប្រមាណ ៨០% នៃការនាំចេញ​ក្នុងត្រីមាស​ទី១ កាលពី​ឆ្នាំ២០១៩ ដោយកាលពីខែមករា ការនាំចេញ​នៅជាធម្មតា ព្រោះនៅតំបន់​អឺរ៉ុប​មិនទាន់​ប៉ះពាល់​ខ្លាំង ដោយឡែក​ខែកុម្ភៈ​ការថយចុះខ្លះ និងខែមីនា គឹបិទគ្មាន​ការនាំចេញ​តែម្តង។ ដោយឡែក​នៅក្នុងត្រីមាសទី២​វិញ ក្រសួងប៉ាន់ស្មានថា ការនាំចេញ​អាចមាន​ប្រមាណតែ ៥០%​នៃការនាំចេញ​ក្នុងត្រីមាស​ទី២កាល​ពីឆ្នាំ​២០១៩ ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេសប្រមាណ ១២ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០

ព័ត៌មាន
អំឡុងពេលវិបត្តិមេរោគកូវីដ១៩ យើងឃើញថា វៀតណាម ធ្វើបានល្អ នៅក្នុងរឿងជំនួញពាណិជ្ជកម្មក្រៅប្រទេស ដោយសម្រេចបានអតិរេកពាណិជ្ជកម្មជាច្រើនពាន់លានដ…

វិស័យទេសចរណ៍ថៃ ត្រូវការវ៉ាក់សាំងមេរោគកូវីដ១៩ ដើម្បីស្រោចស្រង់កំណើនមកវិញ

ព័ត៌មាន
បញ្ហាមេរោគរាតត្បាត កូវីដ១៩ បានវាយប្រហារដល់វិស័យទេសចរណ៍ថៃ យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យបាត់បង់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាច្រើនលាននាក់ ហើយវាអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ