ទីផ្សារមាស

វៀតណាម ជាប្រទេសប្រើប្រាស់មាសច្រើនជាងគេបំផុតនៅអាស៊ាន ដែលមានរហូតដល់៥៥តោនក្នុង១ឆ្នាំ


ទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក ដែលដកស្រង់សម្ដីរបស់សមាជិកសភាវៀតណាមម្នាក់បានបង្ហាញថា ប្រទេសវៀតណាម បាននាំមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់មាស ដែលមានរហូតដល់ទៅ៥៥តោនក្នុងមួយឆ្នាំៗនៅ៣ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះសមាជិកសភារូបនេះ ស្នើឱ្យរដ្ឋាភិបាលវៀតណាម បង្កើតផ្សារហ៊ុនមាសថ្នាក់ជាតិ ដែលអាចផ្ដល់ប្រយោជន៍ដល់ប្រជាជនផង និងអាចប្រើប្រាស់ដើមទុន ដែលទុកចោលនេះផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
ទីផ្សារមាស
ដោយ

លោក ថាច់ ហ៊្វុក ប៊ិញ (Thach Phuoc Binh) សមាជិកសភាម្នាក់មកពីខេត្តវិញឡុង នៅភាគខាងត្បូង ប្រទេសវៀតណាម បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ការប្រើប្រាស់មាសរបស់វៀតណាម មានចំនួន៥៥តោន កាលពីឆ្នាំមុន ដោយកើនលើសប្រទេសថៃ ដែលមានចំនួនជិត៥០តោន និងឥណ្ឌូនេស៊ី មានជាង៤៧តោន។

ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា វាជាឆ្នាំទី៣ជាប់ៗគ្នាហើយ ដែលអ្នកប្រើប្រាស់នៅវៀតណាម បានទិញមាសលើសពី៥៥តោន ក្នុងនោះ មានទាំងគ្រឿងអលង្ការ ដុំមាស និងកាក់មាសផងដែរ ប៉ុន្តែលោក ប៊ិញ បាននិយាយថា មាសភាគច្រើននៅតែស្ថិតនៅក្នុងទូដែករបស់ប្រជាជន ដែលពួកគេមិន​បានប្តូរឱ្យទៅជាដើមទុន ដើម្បីផ្តល់មូលនិធិដល់ការពង្រីកសេដ្ឋកិច្ច។

តម្លៃមាសនៅវៀតណាម ជាធម្មតាថ្លៃជាងប្រទេស ឬកន្លែងផ្សេងទៀតដោយពេលខ្លះគម្លាតនៃតម្លៃមាសនេះមានភាពខុសគ្នារហូតដល់៧៦០ដុល្លារអាម៉េរិក ក្នុង១តម្លឹង។ កត្តាដែលធ្វើឱ្យតម្លៃមាសនៅវៀតណាម មានគម្លាតឆ្ងាយពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិ គឺដោយសារកង្វះ​ទីផ្សារមាសដែលមានតម្លាភាព ទំនើប និងមានសុវត្ថិភាពសម្រាប់វិនិយោគិន។

ពាក់ព័ន្ធបញ្ហានេះ លោក ប៊ិញ បានស្នើឱ្យបង្កើតផ្សារហ៊ុនមាសថ្នាក់ជាតិមួយ ដែលប្រជាជនអាចដាក់មាសក្នុងទូដែក និងទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិកសម្រាប់ពួកគេដែលអាចជួញដូរបាន។ លោកជឿជាក់ថា ប្រសិនបើវៀតណាម អាចយកមាសពី១០ ទៅ១៥% ដែលត្រូវបានទុកចោលឱ្យចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ វានឹងក្លាយជាប្រភពមូលនិធិដ៏មានតម្លៃមួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងជួយកាត់បន្ថយការបង្កើនបំណុលសាធារណៈផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិននឹងផ្អាកការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ និងបញ្ឈប់ការស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិក

សេតវិមានអាម៉េរិក បានអះអាងថា ចិននឹងផ្អាកការអនុវត្តការគ្រប់គ្រងការនាំចេញរ៉ែកម្រ និងបញ្ចប់ការស៊ើបអង្កេត ដែលផ្តោតលើក្រុមហ៊ុនអាម៉េរិក នៅក្ន…

ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន AirJapan នឹងបិទប្រតិបត្តិការហោះហើរ ក្រោយដំណើរការបាន២ឆ្នាំ

ក្រុមហ៊ុនអាកាសចរណ៍ AirJapan ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ANA Group នឹងផ្អាកប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសនៅក្នុងរង្វង់ចុងខែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ