ការប្រើប្រាស់ឌីជីថល បានក្លាយជាទម្លាប់ថ្មីមួយ នៅគ្រាដែលអ្នកលក់ទំនិញតាមអនឡាញនៅវៀតណាមបានកើនឡើងកាន់តែច្រើន ហើយបានធ្វើឲ្យប្រទេសនេះ ក្លាយជាតារារះថ្មី នៅក្នុងទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-commerce នៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់ក្រុមហ៊ុន iPrice Group របស់ម៉ាឡេស៊ី ដែលស្រាវជ្រាវលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងតំបន់អាស៊ី។
ជាមួយគ្នានេះ តាមរបាយការណ៍របស់ក្រុមហ៊ុន Google, Temasek និង Bain & Co បានឲ្យដឹងទៀតថា ប្រទេសវៀតណាម នឹងនាំមុខប្រទេសថៃនៅត្រឹមឆ្នាំ២០២៥ ក្លាយជាប្រទេសមានសេដ្ឋកិច្ចពាណិជ្ជកម្មតាមបណ្ដាញអ៊ីនធើណែតធំជាងគេបំផុតទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានទំហំទីផ្សារដល់ទៅ ៥៧ពាន់លានដុល្លារអាមេរិក តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី ដែលមានទំហំទីផ្សារ ១៤៦ពាន់លានដុល្លារអាមេរិក។
ទោះយ៉ាងណា ក្រុមហ៊ុនបរទេសនៅតែមានឥទ្ធិពលគ្របដណ្ដប់ខ្លាំងលើទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិករបស់វៀតណាម ក្នុងក្របខណ្ឌប្រតិបត្តិការនៅលើគេហទំព័រ។ ក្នុងនោះ រួមមាន ក្រុមហ៊ុន Shopee របស់សិង្ហបុរី ដែលមានចំណែកប្រតិបត្តិការប្រមាណ៥៧% នៅវៀតណាម និងតាមពីក្រោយដោយក្រុមហ៊ុនសិង្ហបុរីមួយទៀត គឺក្រុមហ៊ុន Lazada មានចំណែក ១៦%។ រីឯ ក្រុមហ៊ុនទើបទើបង្កើតឡើងថ្មីរបស់វៀតណាម Tiki ឈរក្នុងលំដាប់ទី៣ ដែលមានចំណែកប្រតិបត្តិការត្រឹមតែ ១៣%ប៉ុណ្ណោះ។
របាយការណ៍ក្រុមហ៊ុន iPrice បានរកឃើញថា អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាមនិយមប្រើបណ្ដាញសង្គមធ្វើជាកន្លែងទិញលក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាជាងអ្នកប្រើប្រាស់នៅប្រទេសថៃ ប៉ុន្ដែ អ្នកប្រើបណ្ដាញសង្គមនៅវៀតណាមនៅតិចជាងអ្នកប្រើប្រាស់នៅម៉ាឡេស៊ី។ កត្តានេះ បានបង្ហាញឲ្យឃើញថា ហ្វេសប៊ុកគឺមានសារៈសំខាន់ណាស់ក្នុងការជំរុញផ្សព្វផ្សាយម៉ាកយីហោផលិតផលអាជីវកម្មនានានៅក្នុងប្រទេសវៀតណាម៕