
អ្នកដឹកនាំធុរកិច្ចនៅក្នុងប្រទេសថៃ បានព្រមានថា ការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាម ដែលមានការយកចិត្តទុកជួយជ្រោមជ្រែងពីរដ្ឋាភិបាល អាចនឹងវ៉ាដាច់ប្រទេសថៃ ក្នុងវិស័យជាច្រើនរាប់ចាប់តាំងពីវិស័យទេសចរណ៍រហូតដល់វិស័យកសិកម្មក្នុងពេលឆាប់ៗខាងមុខនេះ។
សារព័ត៌មាន The Nation របស់ថៃ បានចុះផ្សាយថា បច្ចុប្បន្នសហគ្រិននៅប្រទេសថៃ ដែលជាបងធំសេដ្ឋកិច្ចទី២ នៅតំបន់អាស៊ាន កំពុងបង្ហាញការព្រួយបារម្ភចំពោះការធ្លាក់ចុះ នៃការក្តាប់សក្តានុពលលើការនាំចេញកសិផលរបស់ថៃ ដោយព្រមានថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វៀតណាម ដែលត្រូវបានជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគជាយុទ្ធសាស្រ្ត អាចជំរុញឱ្យប្រទេសនេះនាំមុខប្រទេសថៃ ក្នុងវិស័យនេះក្នុងពេលឆាប់ៗខាងមុខ។
លោក ស្មីត ថាវីឡឺតនីធី (Smith Taweelerdniti) នាយកគ្រប់គ្រងក្រុមហ៊ុន Nithi Foods បាននិយាយថា ស្របពេលថៃ បាននាំមុខគេនៅអាស៊ាន លើការនាំចេញកសិផលជាច្រើនឆ្នាំមកនេះ ពេលនេះ វៀតណាម កំពុងកាត់បន្ថយគន្លាតនាំមុខរបស់ថៃ តាមរយៈការជំរុញការវិនិយោគលើបច្ចេកវិទ្យាម្ហូបអាហារ និងកសិកម្ម។ វៀតណាម នៅពេលនេះ កំពុងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធយ៉ាងសម្បើម ដើម្បីទាក់ទាញអ្នកវិនិយោគ គួមផ្សំទីផ្សារក្នុងស្រុកវៀតណាម មានទំហំធំស្រាប់ និងប្រាក់ឈ្នួលទាប បានជួយឱ្យវៀតណាម មានការរីកចម្រើនយ៉ាងលឿនស្ទើរគ្រប់វិស័យ ដែលអាចនាំមុខថៃ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
បច្ចុប្បន្ន វៀតណាម កំពុងប្រកួតប្រជែងដោយផ្ទាល់ជាមួយថៃ ក្នុងទីផ្សារនាំចេញសំខាន់ៗដូចជាសហរដ្ឋអាម៉េរិក និងចិន ជាដើម។ ស្ថិតិពាណិជ្ជកម្មរបស់វៀតណាម បានបង្ហាញថា ការនាំចេញកសិផលរបស់វៀតណាម កាលពីឆ្នាំ២០២៤ មានតម្លៃប្រមាណជាង៦២ពាន់លានដុល្លារកើនឡើងជិត១៩% បើធៀបនឹងឆ្នាំ២០២៣។
សម្រាប់វិស័យទេសចរណ៍វិញ នៅឆ្នាំនេះថៃ ដាក់គោលដៅទាក់ទាញទេសចរបរទេសឲ្យបាន៣៦លាននាក់ ខណៈវៀតណាម ដាក់គោលដៅទាក់ទាញឱ្យបាន២៣លាននាក់។ ប៉ុន្តែស្ថិតិនៅក្នុងខែមីនា កន្លងទៅបានបង្ហាញថា ថៃ ទាក់ទាញភ្ញៀវទេសចរបរទេសបាន២,៧លាននាក់ ធ្លាក់២០% រីឯវៀតណាម ទាក់ទាញបាន២លាននាក់ កើនឡើង៤០%។
អ្នកជំនាញសេដ្ឋកិច្ច បានព្យាករថា វៀតណាម អាចនឹងវ៉ាដាច់ថៃ ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី នៅត្រឹមឆ្នាំ២០៣៦។ នៅក្នុងឆ្នាំ២០២៥ នេះ វៀតណាម ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣ នៅអាស៊ាន មានទំហំ GDP សរុបប្រមាណ៥៧១ពាន់លានដុល្លារ ខណៈថៃ មានទំហំ GDP ជាង៦៣២ពាន់លានដុល្លារ ហើយឥណ្ឌូនេស៊ី មានទំហំជាង១,៦ទ្រីលានដុល្លារ៕
ដោយៈ សរ សុជាតិ