ប្រធានាធិបតីទើបឡើងកាន់អំណាចហ្វីលីពីន ស្នើសុំថវិកាដ៏មហាសាល!

ប្រធានាធិបតីថ្មីហ្វីលីពីន ស្នើថវិកា ៩៤ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រទេសឆ្នាំ ២០២៣


ប្រធានាធិបតីទើបឡើងកាន់អំណាចរបស់ប្រទេសហ្វីលីពីន លោក ម៉ាកូស ជូនៀ (Marcos Jr) កាលពីថ្ងៃចន្ទ ទី២២ ខែសីហានេះ បានស្នើសភាអនុម័តនូវកញ្ចប់ថវិកាដ៏ច្រើនលើសលប់ ដែលមានចំនួនជាង ៩៤ ពាន់ដុល្លារ សម្រាប់រដ្ឋាភិបាលរបស់លោកនៅឆ្នាំ ២០២៣ ក្នុងការគាំទ្រ និងដាក់ចេញនូវគោលនយោបាយលោតផ្លោះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងជួយប្រជាជនហ្វីលីពីនរាប់លាននាក់ចេញពីបន្ទាត់ក្រីក្រផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីថ្មីហ្វីលីពីន ស្នើថវិកា ៩៤ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រទេសឆ្នាំ ២០២៣

ថវិកាដែលបានស្នើឡើង​ដោយលោក Marcos នេះគឺស្មើនឹងជាង ២២% នៃទិន្នផល​សេដ្ឋកិច្ចសរុបរបស់ប្រទេស​ហ្វីលីពីន និងខ្ពស់ជាង ៥% នៃផែនការ​ចំណាយ​របស់អតីតប្រធានាធិបតី​ក្នុងឆ្នាំ ២០២២ ទៅទៀត។

មែនទែនទៅ ប្រធានាធិបតី​ដ៏មានប្រជាប្រិយភាពរូបនេះ មានគោលបំណង​ចង់ពង្រីកសេដ្ឋកិច្ច​ប្រទេសរបស់ខ្លួន​ឲ្យមាន​កំណើន ៨% ក្នុងអាណត្តិ​របស់​លោក ដែលមានរយៈពេល ៦ ឆ្នាំ និងដើម្បី​ដេញ​តាមឲ្យទាន់​ក្នុង​ការរក្សាតំណែង ជាប្រទេស​ដែលមានការលូតលាស់​លឿន​បំផុតនៅអាស៊ី ក៏ដូចជា​កាត់បន្ថយអត្រាភាពក្រីក្រ​ឲ្យ​បាន​ពាក់កណ្តាល ដែលមាន​ជាង​ ១៨% នៃប្រជាជន​សរុប​ក្នុងឆ្នាំ ២០២១។

ក្នុងនោះដែរ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខស្បៀង ការថែទាំសុខភាព និងវិស័យថាមពលស្អាត នឹងក្លាយជា​អាទិភាព​ដើមដំបូង​នៃកញ្ចប់ថវិកានេះ ដែលត្រូវបាន​ស្នើឡើង​ទៅសភា​តំណាងប្រធានាធិបតី។

ហើយសភាហ្វីលីពីន​ត្រូវបានគេរំពឹងថា នឹងអនុម័ត​កញ្ចប់​ថវិកា​នៅខែតុលាខាងមុខ បន្ទាប់មក លោក Marcos ក៏នឹងចុះហត្ថលេខាបន្ថែមឲ្យក្លាយ​ទៅជាច្បាប់ មុននឹងដាក់អនុវត្ត​នៅដំណាច់ឆ្នាំនេះម្តង។

លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិស័យអប់រំ​នឹងត្រូវបាន​គិតគូរខ្លាំងជាងគេពី​កញ្ចប់​ថវិកានេះ ដែលមានចំនួន​ជាង ១៥ ពាន់លានដុល្លារ ឬ ១៦% នៃចំនួន​ថវិកាសរុប បន្ទាប់មកគឺទៅលើវិស័យការងារ​សាធារណៈ ១៣% ការថែទាំសុខភាព ៥%​ និងសុខុមាលភាព​សង្គម​ប្រហែល ៤%​។

គួរជម្រាបថា លោក Marcos បានឈ្នះឆ្នោតជា​ប្រធានាធិបតីហ្វីលីពីន សម្រាប់អាណត្តិរយៈពេលប្រាំមួយឆ្នាំកាលខែឧសភាកន្លងទៅ ព្រមទាំងគ្រប់គ្រងសំឡេង​ភាគច្រើននៅក្នុងសភាផងដែរ ដោយវាជាឱកាសមួយក្នុងការជំរុញ​ឲ្យរបៀបវារៈ​របស់លោកក្នុងតំណែងជាក្បាលម៉ាស៊ីនដឹកនាំប្រទេស​អាចដំណើរការទៅបាន​យ៉ាងរលូន រួមទាំងការស្នើកញ្ចប់ថវិកាចំណាយក្នុងឆ្នាំ ២០២៣ នេះផងដែរ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន ក្រោយការចរចារជាមួយកូរ៉េខាងជើងទទួលបរាជ័យ

ព័ត៌មាន
មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទ ទី២២ …

បើចិនពិតជាវាយកោះតៃវ៉ាន់មែននោះ តើនឹងត្រូវខាតបង់ក្នុងទំហំប៉ុនណា?

ព័ត៌មាន
របាយការណ៍ស្តីពីផលប៉ះពាល់របស់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ដែលអាចកើតមានលើប្រទេសចិន ក្នុងករណីដែលចិនពិតជាវាយយកតៃវ៉ាន់ដោយកម្លាំង បានបង្កក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ