
ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់ ទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ រហូតដល់ទៅ៣៨,៦៤% នៅក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដោយវ៉ាដាច់ប្រទេសម៉ាឡេស៊ី និងថៃ ជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ (UNWTO) បានឱ្យដឹងទៀតថា ប្រទេសកូរ៉េខាងត្បូង សម្រេចបានកំណើនទេសចរបរទេសលឿនជាងគេបំផុតក្នុងពិភពលោកជាមួយនឹងកំណើនខ្ពស់រហូតដល់ទៅ៤៨,៨២% បន្ទាប់មកប្រទេសជប៉ុន ដែលសម្រេចបានកំណើន៤៧,០៩% និងប្រទេសស៊ីលី សម្រេចបានកំណើន៤០,៤២%។
កំណើនភ្ញៀវទេសចរបរទេសដ៏រឹងមាំរបស់វៀតណាម ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អន្តរជាតិ ចំពោះភាពទាក់ទាញរបស់វៀតណាម ផ្នែកវប្បធម៌ ធម្មជាតិ និងចំណីអាហារ។
កំណើនភ្ញៀវទេសចរបរទេសរបស់វៀតណាម បានវ៉ាដាច់ប្រទេសផ្សេងៗនៅក្នុងតំបន់ ដូចជា ប្រទេសថៃ ដែលសម្រេចបានកំណើនភ្ញៀវទេសចរបរទេសត្រឹមតែ២៦,២៧% ជាប់ចំណាត់ថ្នាក់លេខ១២ ប្រទេសឡាវ សម្រេចបានកំណើន២៥,២៩% ជាប់ចំណាត់ថ្នាក់លេខ១៣ ម៉ាឡេស៊ី សម្រេចបានកំណើន២៤,២០% ជាប់ចំណាត់ថ្នាក់លេខ១៥ កម្ពុជា សម្រេចបានកំណើន ២២,៨៧% ជាប់ចំណាត់ថ្នាក់លេខ១៦ និងសិង្ហបុរី សម្រេចបានកំណើន២១,២២% ជាប់ចំណាត់ថ្នាក់លេខ២០៕
ដោយ: សុខុម