បច្ចុប្បន្ន អាជ្ញាធរវៀតណាមកំពុងអំពាវនាវឲ្យកសិកររក្សាទុកម្រេចកុំអាលលក់ ដោយរង់ចាំពីរបីខែដើម្បីឲ្យម្រេចឡើងថ្លៃវិញ។
សារព័ត៌មាន VN Expressផ្សាយថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៧ វៀតណាមនាំម្រេចខ្មៅចេញបាន ១សែន ១ពាន់តោន គឺកើនឡើង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
ប៉ុន្តែ ការកើនឡើងនៃបរិមាណនាំចេញមិនបានធ្វើឲ្យចំណូលពីការនាំចេញម្រេចកើនឡើងទេ ដោយសារតែថ្លៃម្រេចធ្លាក់ចុះ។
សមាគមម្រេចវៀតណាម ឲ្យដឹងថា នៅពេលដែលការផ្គត់ផ្គង់លើសតម្រូវការ ប្រទេសនាំចូលម្រេចព្យាយាមទម្លាក់ថ្លៃម្រេច ហើយប្រទេសវៀតណាមដែលផ្គត់ផ្គង់ម្រេច ៦០% នៃទិន្នផលម្រេចសរុបទូទាំងពិភពលោក ទំនងជារងផលប៉ះពាល់ខ្លាំង។
សមាគមម្រេចវៀតណាម ក៏បានឲ្យដឹងដែរថា នៅរដូវប្រមូលផលម្រេច កសិករសម្រុកលក់ម្រេចចេញដោយសារតែត្រូវការលុយសងការចំណាយ ដែលជាហេតុនាំឲ្យម្រេចធ្លាក់ថ្លៃ ជាពិសេស ក្នុងអំឡុងខែឧសភា និងខែមិថុនានេះតែម្ដង។
សមាគមម្រេចវៀតណាម អំពាវនាវឲ្យកសិកររក្សាម្រេចទុក បង្អង់ចាំមួយខែ ឬពីរខែទៀត ដើម្បីឲ្យម្រេចឡើងថ្លៃបន្តិចវិញ។ ទន្ទឹមនឹងនេះ អាជ្ញាធរវៀតណាមក៏ជំរុញឲ្យកសិករងាកទៅដាំដំណាំអ្វីផ្សេងដែលមានទីផ្សារដើម្បីបង្កើនជីវភាពផងដែរ។
គួរបញ្ជាក់ថា បើយោងតាមសមាគមម្រេចវៀតណាម ប្រទេសវៀតណាមទិញម្រេចប្រមាណ ២ម៉ឺនតោនពីកម្ពុជា៕