
រដ្ឋាភិបាលវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងគ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ខ្នាតយក្សមួយ ដែលលាតសន្ធឹងក្នុងទីក្រុងធំៗពីរ គឺទីក្រុងដាណាង និងទីក្រុងហូជីមិញ ហើយផែនការដ៏មហិច្ឆតានេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមអ្នកប្រឹក្សាយោបល់ជាតិ និងអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន វ៉ា ប៊ិញ (Nguyen Hoa Binh) បានលើកឡើងពីផែនការនេះក្នុងកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញ មុនពេលដាក់ផែនការនេះជូនរដ្ឋសភាពិនិត្យ និងអនុម័ត។
ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ា ប៊ិញ បានគូសបញ្ជាក់ថា ប្រទេសវៀតណាមនឹងកសាងក្របខណ្ឌច្បាប់ដ៏រឹងមាំមួយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ ដោយអនុវត្តតាមស្តង់ដាអន្តរជាតិ និងធានារក្សាតុល្យភាពនៃផលប្រយោជន៍របស់រដ្ឋ ផលប្រយោជន៍របស់វិនិយោគិន និងផលប្រយោជន៍របស់ពលរដ្ឋ។
បណ្ដាថ្នាក់ដឹកនាំមូលដ្ឋាននៅទីក្រុងដាណាង និងក្រុងហូជីមិញ បានបង្ហាញការត្រៀមខ្លួនរួចរាល់ និងការប្តេជ្ញាចិត្តគាំទ្រគម្រោងនេះយ៉ាងពេញទំហឹង។ ទន្ទឹមនេះ ក្រុមថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិ ក៏បានសន្យាជួយគាំទ្រដល់គម្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នេះ ឱ្យទទួលបានជោគជ័យផងដែរ។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីផែនការលម្អិតពាក់ព័ន្ធទំហំទុនវិនិយោគ និងកាលបរិច្ឆេទចាប់ផ្ដើមបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នេះ នៅឡើយទេ៕
ដោយ: តែម សុខុម