
តំបន់បណ្តុំឧស្សាហកម្មថ្មីមួយតម្លៃ២៥៤លានដុល្លារនឹងផុសត្រដែតឡើងនៅលើផ្ទៃដីជាង២៦ហិកតានៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីប្រែក្លាយតំបន់មួយដែលសម្បូរដោយជាងឈើ និងវិស្វកម្មមេកានិចទៅជាតំបន់ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ គម្រោងនេះ ត្រូវបានរចនាឡើង ដើម្បីផ្លាស់ប្តូរទីតាំងផលិតកម្មដែលនៅរាយប៉ាយតាមលំនៅដ្ឋាននានា ទៅជាមជ្ឈមណ្ឌលមួយ ដោយមានគោលដៅធ្វើឱ្យប្រសើរឡើងនូវការការពារបរិស្ថាន ការលើកកម្ពស់គុណភាពផលិតផល និងពង្រឹងការលើកកម្ពស់ការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។
តាមការគម្រោងទុក តំបន់បណ្តុំឧស្សាហកម្មនេះនឹងបំពាក់ជាមួយហេដ្ឋារចនាសម្ព័ន្ធទំនើប រួមទាំងរោងចក្រប្រព្រឹត្តិកម្មទឹក ប្រព័ន្ធលូដាច់ដោយឡែកសម្រាប់កាកសំណល់រាវ និងតំបន់ទេសភាពបៃតង។ មន្ត្រីនៅសាលាក្រុងហាណូយ បានអះអាងថា តំបន់នេះនឹងកំណត់អាទិភាពសម្រាប់អ្នកវិនិយោគ ដែលប្រើប្រាស់វិធីសាស្រ្តផលិតកម្មស្អាត ស្វ័យប្រវត្តិ និងបច្ចេកវិទ្យាខ្ពស់ ដែលបំពេញតាមស្តង់ដាបរិស្ថានដ៏តឹងរ៉ឹងបំផុត ដើម្បីពន្លឿនការផ្លាស់ប្តូរតំបន់នោះឆ្ពោះទៅរកឧស្សាហូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចពិភពលោក។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញ និងអភិវឌ្ឈន៍ឧស្សាហកម្មនៅក្នុងប្រទេសពីឆ្នាំ២០១៧ ដល់ឆ្នាំ២០៣០ ខាងមុខ ទីក្រុងហាណូយ បានកំណត់បង្កើតតំបន់បណ្តុំឧស្សាហកម្មបែបនេះឱ្យបាន១៥៩កន្លែងលើផ្ទៃដីជាង៣២០០ហិកតា៕
ដោយៈ សរ សុជាតិ