ប្រទេសវៀតណាម បានបង្ហាញពីគម្រោងកញ្ចប់ថវិកាជំនួយសម្រាប់ពលរដ្ឋក្រីក្រ និងអាជីវកម្ម រងគ្រោះដោយសារកូវីដ-១៩នេះ គឺនៅចំពេលដែលប្រទេសនេះ កំពុងមានករណីឆ្លងកូវីដ-១៩រីករាលដាលកាន់តែខ្លាំងឡើង ដោយមួយថ្ងៃៗវៀតណាមបន្ដមានករណីឆ្លងថ្មីរាប់រយនាក់។
លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជីង បានទាមទារឲ្យក្រសួងការងារ ធានាថាកញ្ចប់ថវិកាដែលគ្រោងចំណាយជាង១ពាន់លានដុល្លារអាមេរិកបន្ថែមនេះ ពិតជាអាចបានទៅដល់ដៃពលរដ្ឋដែលមានតម្រូវការពិតប្រាកដ រួមទាំងកម្មករធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកលក់ដូតាមដងផ្លូវផងដែរ។
វៀតណាម កាលពីខែមេសាឆ្នាំមុន ធ្លាប់បានបញ្ចេញកញ្ចប់ថវិកាគាំទ្រប្រមាណជាង ១ពាន់៥រយលានដុល្លារអាមេរិក ដែលបានមកពីកញ្ចប់ថវិការដ្ឋាភិបាលកណ្ដាល និងរដ្ឋបាលមូលដ្ឋាន។
តើកន្លងមកវៀតណាមប្រើប្រាស់ថវិកាជំនួយសង្គមនេះយ៉ាងដូចម្ដេចខ្លះ0x017d7
ក្នុងនោះ មានការជួយទៅលើអ្នកបាត់បង់ការងារធ្វើ ដោយសារកូវីដ១៩ ក្នុងចំនួនទឹកប្រាក់ ៧៨ដុល្លារក្នុងមួយខែ, អ្នកធ្វើការងារក្រៅម៉ោងដែលបាត់បង់ការងារ អាចទទួលបានប្រាក់ឧបត្ថម្ភប្រមាណជាង៤៣ដុល្លារក្នុងមួយខែ ។ រីឯពលរដ្ឋក្រីក្រវិញ អាចទទួលបានចន្លោះពី ១០ដុល្លារ ទៅជាង២០ដុល្លារក្នុងមួយខែ ទៅតាមប្រភេទគ្រួសារក្រីក្រដែលបានកំណត់ដោយរដ្ឋវៀតណាម។
ដោយឡែក ចំពោះអាជីវកម្មខ្នាតតូច ដែលមានប្រាក់ចំណូលតិចជាងប្រមាណ ៤.៣០០ ដុល្លារក្នុងមួយឆ្នាំ និងត្រូវបានព្យួរប្រតិបត្តិការអាជីវកម្ម ដោយសារកូវីដ-១៩ ក៏អាចទទួលបានប្រាក់គាំទ្រជាង ៤៣ដុល្លារក្នុងមួយខែផងដែរ។
គិតត្រឹមខែឧសភាកន្លងទៅ មានទឹកប្រាក់ប្រមាណជាង ៦០០លានដុល្លារ នៃកញ្ចប់ថវិកាសរុបដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញ ត្រូវបានប្រើប្រាស់ជួយទៅដល់ប្រជាជនប្រមាណជាង១៣លាននាក់។ ទោះយ៉ាងណា គណៈកម្មាធិការសេដ្ឋកិច្ច នៃ រដ្ឋសភាវៀតណាមបានលើកឡើងថា គោលនយោបាយប្រើប្រាស់កញ្ចប់ថវិកានាពេលកន្លងមកនេះ មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីជួយដល់កម្មករ និង អាជីវកម្មដែលរងគ្រោះពីការរាតត្បាតកូវីដ-១៩នោះទេ។
ពលរដ្ឋវៀតណាមជាច្រើនបានត្អូញត្អែរថា វាមាននីតិវិធីសាំញាំពេកក្នុងការទទួលបានថវិកាជំនួយពីរដ្ឋ។ គណៈកម្មាធិការសេដ្ឋកិច្ច របស់វៀតណាមបានស្នើដល់រដ្ឋាភិបាលឲ្យធ្វើការវាយតម្លៃឲ្យបានទូលំទូលាយពីគោលនយោបាយគាំទ្រនាពេលកន្លមក ដើម្បីធ្វើយ៉ាងណាឲ្យវាកាន់តែមានប្រសិទ្ធភាពថែមទៀត។
បើតាមការព្យាកររបស់ក្រសួងការងារវៀតណាម ប្រសិនបើការរាតត្បាតកូវីដ-១៩នៅតែបន្ដ នោះនឹងប៉ះពាល់ទៅដល់កម្មករនិយោជិតនៅក្នុងតំបន់ឧស្សាហកម្មប្រមាណ ២លាន៥សែននាក់ អាចនឹងបាត់បង់ការងារធ្វើ៕