
ក្រុមហ៊ុន វៀតណាម រ៉ែលវេ កំពុងផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាស និងកញ្ចប់សេវាកម្មទេសចរណ៍ថ្មី ដែលអាចឱ្យភ្ញៀវទេសចរសិក្សាស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់វៀតណាម តាមការរយៈការធ្វើដំណើរតាមរថភ្លើង ដែលមានការតុបតែង និងច្នៃប្រឌិតប្រកបដោយប្រណីតភាព និងមានភាពទាក់ទាញខ្ពស់។ សេវាកម្មដែលទើបដាក់ឱ្យដំណើរការកាលពីថ្ងៃទី៦ ខែកញ្ញា ថ្មីៗនេះ បានផ្តល់ការដឹកជញ្ជូនសម្រាប់ភ្ញៀវទេសចរក្នុង១ថ្ងៃ៣ជើង ដោយចំណាយពេលធ្វើដំណើរចន្លោះពី៣ទៅ៤ម៉ោង រួមទាំងការឈប់សម្រាក ដើម្បីទស្សនាតំបន់ប្រវត្តិសាស្ត្រ ហើយនៅលើរថភ្លើងនោះ អ្នកធ្វើដំណើរអាចទស្សនាការសម្តែងតន្ត្រីប្រពៃណី និងទទួលបានតែផ្កាឈូក និងអាហារសម្រន់។
កញ្ចប់សេវាកម្មពិសេស ដែលដំណើរការដោយរថភ្លើងដ៏ចំណាស់ប្រើប្រេងម៉ាហ្សូតនេះមានតម្លៃចន្លោះពី២១ដុល្លារទៅ២៨ដុល្លារ។ ទោះបីរថភ្លើងមានវ័យចំណាស់ តែនៅផ្នែកខាងក្នុងត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាត និងលក្ខណៈជាសេវាកម្មដឹកជញ្ជូនលំដាប់ពិសេស។ ភ្ញៀវទេសចរ ដែលបានជិះរថភ្លើងនេះបានចាត់ទុកផលិតផលទេសចរណ៍ថ្មីរបស់វៀតណាមនេះថា ជាសេវាកម្មដ៏អស្ចារ្យមួយ។
លោក តាវ ឌឹក ហៀប (Tao Duc Hiep) ប្រធានក្រុមហ៊ុនទេសចរណ៍ BHL ដែលជាក្រុមហ៊ុនផ្តួចផ្តើមឲ្យបង្កើតសេវាកម្មនេះបានអះអាងថា នេះជាសេវាកម្ម ដើម្បីបង្កើតជាស្ពានតភ្ជាប់ទីក្រុងហាណូយ ជាមួយទីក្រុងវប្បធម៌ និងប្រវត្តិសាស្រ្ត ថូ សាន់ ក្នុងគោលបំណងចង់ឲ្យអ្នកទេសចរទាំងជាតិ និងអន្តរជាតិយល់ពីប្រវត្តិសាស្រ្តរបស់វៀតណាម៕
ដោយៈ សរ សុជាតិ