ចំណូលគយ

ចំណូលពន្ធគយនៅធ្លាក់ចុះ ៩% នៅឆមាសទី១ឆ្នាំនេះ ខណៈមេគយបន្តជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ


ការប្រមូលចំណូលពន្ធគយបានបង្ហាញតួលេខអវិជ្ជមាននៅឆមាសទី១ក្នុងឆ្នាំ២០២១នេះ ពោលគឺធ្លាក់ចុះជិត៩% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០។ បើទោះបីជា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះនេះក៏ដោយចុះ ប៉ុន្តែ គេអាចវាយតម្លៃបានថា ការធ្លាក់ចុះនេះ ទំនងមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយយ៉ាងយូរនៅកម្ពុជា ក៏ដូចជានៅប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក។
លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រទេស​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្រោយពីចំណូលធ្លាក់ចុះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំរុញឲ្យមន្ត្រីគយ និងរដ្ឋាករពង្រឹង និងបង្កើនការយកចិត្តទុកដាក់កៀរគរចំណូលបន្ថែម និង ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និង អនុវត្តអភិក្រម៥ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។ 

បើតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករនៅឆមាសទី១ឆ្នាំ២០២១ រាជរដ្ឋាភិបាលទទួលបានចំណូលពីពន្ធគយប្រមាណជាង ១ពាន់១រយលានដុល្លារ ធា្លក់ចុះជិត៩% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០ ដែលមានរហូតជិត១ពាន់៣រយលានដុល្លារ។ជាមួយគ្នានេះ  ការប្រមូលចំណូលនៅឆមាសទី១ នេះ សម្រេចបាន ៤៩% ប៉ុណ្ណោះ នៃផែនការប្រចាំឆ្នាំដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករមិនបានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យការប្រមូលចំណូលពន្ធគយនៅឆមាសទី១ក្នុងឆ្នាំ២០២១ ធ្លាក់ចុះនោះទេ។ ទោះបីយ៉ាងនេះក្តី ការធ្លាក់ចុះនេះ ទំនងមកបណ្តាលមកពីការរាតត្បាតជាសកលនៃមេរោគកូវីដ-១៩ ជាពិសេសការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបង្កការរំខានដល់ការផលិត និងការនាំទំនិញចេញចូលរបស់កម្ពុជា។

ចំណូលពន្ធគយក្នុងឆមាសទី១ឆ្នាំ២០២១ មានការរួមចំណែកពីអាករលើតម្លៃបន្ថែមជាង៣៧%, អាករពិសេសជាង៣៧%, ពន្ធគយជាង១៨%, អាករបន្ថែមលើផលិតផលប្រេងជាង៤% និងអាករនាំចេញនិងកម្រៃផ្សេងៗប្រមាណ២%។

ប៉ុន្តែបើយើងគិតពីចំណូលតាមក្រុមទំនិញ ក្នុងនោះចំណូលពីយានយន្ត និងគ្រឿងចក្រគ្របដណ្តប់ជាង ៤២%, ទំនិញចម្រុះ២៨%, ផលិតផលតេលសិលា ឬប្រេងឥន្ធនៈជាង២៣% និងសម្ភារសំណង់ និងកម្រៃផ្សេងៗជាង៦%។

ក្រោយមើលឃើញពីការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធគយ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានដាក់ចេញទិសដៅ និងផែនការមួយចំនួន ដើម្បីធានាឲ្យការអនុវត្តន៍ការប្រមូលចំណូលពន្ធគយទទួលបានលទ្ធផលល្អប្រសើរ ក្នុងបរិបទពិភពលោក ក៏ដូចជាកម្ពុជាកំពុងទទួលរងនូវការឆ្លងជំងឺកូវីដ-១៩។ 

ក្នុងនោះ ឯកឧត្តម ជំរុញឲ្យមន្ត្រីគយ និងរដ្ឋាករពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តតាមអភិក្រមទាំង៥របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនរួមមានឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ លើសពីនេះ ត្រូវពង្រឹងយន្តការកិច្ចការសម្រួលពាណិជ្ជកម្ម និងកិច្ចសហការជាមួយវិស័យឯកជន, ពង្រឹងការបង្ក្រាបអំពើរត់ពន្ធ និងបន្តអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រដ្ឋាភិបាលជាដើម។

បន្ថែមលើនេះឯកឧត្តម គុណ ញឹម បានណែនាំឲ្យមន្ត្រីក្រោមបង្គាប់ពង្រឹងនិងបង្កើនការយកចិត្តទុកដាក់ក្នុងការកៀរគរ និងប្រមូលចំណូលពន្ធគយបានគ្រប់ ឬលើសផែនដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសលើកទឹកចិត្តឲ្យមន្ត្រីគយ និងរដ្ឋាករត្រូវចេះចូលក្នុងសកម្មភាពសង្គមតាមជួយជនក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិកូវីដ-១៩ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈមន្ត្រីរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកា១,៦ពាន់លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
គណៈមន្ត្រីប្រទេសថៃបានសម្រេចអនុម័តទឹកប្រាក់ប្រមាណ១ពាន់ ៦រយលានដុល្លារអាមេរិក សម្រាប់ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ និង អាជីវកម្ម ដែលប៉ះពាល់ដោយ…

អ្នកជំនាញដឹកជញ្ជូន និងឡូជីស្ទិក៖ ក្រុមហ៊ុនដឹកជញ្ចូន៩០% អាចប្រឈមនឹងការក្ស័យធន បើកូវីដ-១៩ បន្តអូសបន្លាយយូរទៀត

ព័ត៌មាន
ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាន និងកំពុងបង្កហានិភ័យដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ