 
      តម្លៃទ្រព្យសកម្មរបស់ក្រុមហ៊ុនបរទេស នៅក្នុងប្រទេស វៀតណាម បានកើនឡើងដល់ ៣៧៧ពាន់លានដុល្លារ ពោលគឺ កើនជាង១៣%ពីឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុ វៀតណាម។ វិស័យ ដែល ជំរុញ ដល់កំណើន នៃការវិនិយោគ ផ្ទាល់ ពីបរទេស នេះរួមមាន ការផលិត ការកែច្នៃ ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ថាមពល លក់ដុំនិងរាយ និងភស្តុភាកម្ម។
កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ ទ្រព្យសកម្មនៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យផលិតកម្មបានកើនឡើង លឿនដល់ទៅជាង៤,៥ដង ខណៈការកែច្នៃកើនឡើងដល់ ទៅ៩ដង បើធៀបនឹងវិស័យផ្សេងៗ។
ទោះយ៉ាងណា គិតត្រឹមចុងឆ្នាំ ២០២២ ក្រុមហ៊ុនជិត១៤៣០០ ក្រុមហ៊ុន ឬ៥៥% នៃ ក្រុមហ៊ុនវិនិយោគ ផ្ទាល់ពីបរទេស ទាំងអស់ ដែល ប្រតិបត្តិការ នៅក្នុងប្រទេស វៀតណាម បានរាយការណ៍ពីការខាតបង់។ ក្រសួងហិរញ្ញវត្ថុវៀតណាម បានលើកឡើងថា ការខាតបង់ របស់ ក្រុមហ៊ុនទាំងនោះ ដោយ សារតែពួកគេ មិន បានប្រើប្រាស់ការវិនិយោគរបស់ពួកគេឱ្យអស់ពីសក្តានុពល និង មានប្រសិទ្ធភាព នោះទេ។
ក្រសួងដដែលបន្តទៀតថាភាគច្រើន នៃ ក្រុមហ៊ុនបរទេសបានជ្រើសរើសទីតាំងនៅក្នុង ឬនៅជិត ទីក្រុង និងខេត្តសំខាន់ៗ នៅ តាមតំបន់ដីសណ្តទន្លេមេគង្គ និងទន្លេក្រហម ដើម្បីទាញ យកផលប្រយោជន៍ ពីហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។
ជាក់ស្តែង ទីក្រុងហូជីមិញ នៅតែជាគោលដៅធំជាងគេបំផុត ជាមួយនឹងលំហូរវិនិយោគផ្ទាល់ពីបរទេស បន្ទាប់មកគឺ ក្រុងរដ្ឋធានីហាណូយ ខេត្តប៊ីងស៊ឺង និង ក្រុងហៃផុង។
ក្រសួងហិរញ្ញវត្ថុវៀតណាមបានអំពាវនាវឱ្យមានវិធានការបង្កើននូវការអភិវឌ្ឍ ឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ព្រមទាំងការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ក្នុងចំណោម មជ្ឈមណ្ឌលសេដ្ឋកិច្ច និង សមត្ថភាពផលិតកម្មក្នុងស្រុក។
សូម ជម្រាប ថា ផលិតផលក្នុងស្រុកសរុបឬGDPរបស់វៀតណាម បានកើនឡើងក្នុងរង្វង់ ៨% ក្នុងឆ្នាំ២០២២ ដែលជាកំណើនប្រចាំឆ្នាំដ៏លឿនបំផុត គិតចាប់តាំងពីឆ្នាំ១៩៩៧មក។ កត្តាសំខាន់ៗដែលជំរុញសេដ្ឋកិច្ចវៀតណាម គឺដោយសារភាពខ្លាំងនៃវិស័យលក់រាយក្នុងស្រុក និងការនាំចេញ។
វៀតណាមនៅតែអាចសម្រេចកំណើន GDP ដ៏ខ្ពស់នេះបាន បើទោះបីជា មានការបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចសាកល និងផលប៉ះពាល់ទៅលើតម្រូវការ សម្រាប់ការនាំចេញពីប្រទេសវៀតណាមក្តី ជាពិសេសគឺផលិតផលវាយនភណ្ឌ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច ដែលកំពុងមានទំនោរធ្លាក់ចុះការបញ្ជាទិញពីក្រៅប្រទេស៕
អត្ថបទ ៖ នៅ សំភី
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              