តែទោះជាយ៉ាងណា វិធីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើកិច្ចការការទូតជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រ កំពុងគំរាមកំហែងឈានទៅដល់ការលុបចោលកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ដែលមានចំណាស់៣ទសវត្សរ៍ ខណៈដែលប្រទេសជាសមាជិកខ្លះនៃគណៈកម្មការទន្លេមេគង្គ (MRC) បានសម្ដែងការមិនសប្បាយចិត្តចំពោះគម្រោងនេះ ជាពិសេសគឺវៀតណាម តែម្ដង ដោយវៀតណាម បានចោទថា កម្ពុជា មិនផ្ដល់ព័ត៌មានគ្រប់គ្រាន់ទាក់ទិននឹងគម្រោងនេះ។
អ្នកជំនាញអន្តរជាតិ ពីររូប គឺលោក ប្រាយអែន អីល័រ (Brian Eyler) ប្រធានកម្មវិធីអាស៊ីអាគ្នេយ៍ (Southeast Asia Program) នៃមជ្ឈមណ្ឌលស្ទីមសុន (Stimson Center) ដែលធ្វើការវិភាគបញ្ហានានាទាក់ទិននឹងសន្តិភាពពិភពលោក និងលោក ជេក ប្រាន់ន័រ (Jake Brunner) ប្រធានកម្មវិធីអនុតំបន់ទន្លេមេគង្គ (Lower Mekong Sub-region) នៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បានលើកឡើង៣ចំណុចសំខាន់ៗទាក់នឹងគម្រោងព្រែកជីកហ្វូណនតេជោ ដូចខាងក្រោម៖
អ្នកជំនាញទាំងនេះបានលើកឡើងយ៉ាងដូច្នេះថា ទី១៖ ចាំបាច់ត្រូវធ្វើការពិគ្រោះយោបល់ថ្នាក់តំបន់សម្រាប់គម្រោងណាមួយដែលតភ្ជាប់ទៅនឹងខ្សែទឹកនៃដងទន្លេមេគង្គ និងដែលផ្លាស់ប្តូររំហូរនៃចរន្តទឹក។ ហើយផែនទី និងប្លង់មេនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ជូនគណៈកម្មការទន្លេមេគង្គ (MRC) បង្ហាញយ៉ាងច្បាស់ថា ព្រែកជីកនេះតភ្ជាប់ទៅនឹងបណ្តាញចរន្តខ្សែទឹកទាំងពីរ គឺទាំងទន្លេមេគង្គ និងទន្លេបាសាក់។ ការអះអាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថាទន្លេបាសាក់ គ្រាន់តែជាដៃនៃទន្លេមេគង្គ គឺមិនត្រឹមត្រូវនោះទេ។ ទន្លេបាសាក់ បែកចេញពីដងទន្លេមេគង្គ ត្រង់ចំណុចភូមិសាស្ត្ររាជធានីភ្នំពេញ ហើយទឹករបស់វាមានចរន្តហូរ។ តាមនិយមន័យ ទឹកនៃដៃទន្លេគ្មានចរន្តហូរនោះទេ។
ទី២៖ មុននឹងឈានដល់ការផ្ទេរទឹករវាងអាងទន្លេ ចាំបាច់ត្រូវធ្វើការពិគ្រោះថ្នាក់តំបន់។ ប្រាកដណាស់ថា ព្រែកជីកនេះនឹងផ្លាស់ទីទឹកពីអាងទន្លេមេគង្គ ទៅកាន់អាងមួយទៀត ពោលគឺវានឹងហូរចាក់ចូលឈូងសមុទ្រថៃ។
ទី៣៖ ចាំបាច់ត្រូវធ្វើការពិគ្រោះយោបល់ថ្នាក់តំបន់ជុំវិញការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្ររដូវប្រាំងនៃរំហូរទឹកទន្លេមេគង្គ។ ទោះបីជាប្រព័ន្ធធារាសាស្រ្តមិនត្រូវបានដាក់បញ្ចូលថា ជាអត្ថប្រយោជន៍មួយនៅក្នុងឯកសារផ្លូវការនៃគម្រោងព្រែកជីកហ្វូណនតេជោ យ៉ាងណាក្ដី ក៏ក្រុមថ្នាក់ដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា នាពេលថ្មីៗនេះបានសរសើរពីសក្តានុពលរបស់ព្រែកជីកនេះថា "ជួយសម្រួលដល់សកម្មភាពកសិកម្មតាមរយៈការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះដំណាំ"។ វាសមហេតុផលក្នុងការសន្មត់ថា ទឹកនេះនឹងត្រូវបានប្រើប្រាស់ក្នុងរដូវប្រាំង ពីព្រោះទឹកជំនន់ធម្មជាតិ ផ្តល់ទឹកគ្រប់គ្រាន់ហើយក្នុងរដូវវស្សា។ មធ្យោបាយតែមួយគត់សម្រាប់ព្រែកជីកនេះផ្គត់ផ្គង់ទឹកស្រោចស្រពក្នុងរដូវប្រាំង គឺត្រូវយកទឹកពីទន្លេមេគង្គ និងទន្លេបាសាក់។ កិច្ចព្រមព្រៀងមេគង្គ (Mekong Agreement) ទាមទារមិនត្រឹមតែការពិគ្រោះយោបល់ថ្នាក់តំបន់សម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត
រដូវប្រាំង នៃរំហូរទឹកទន្លេមេគង្គ ប៉ុណ្ណោះទេ ថែមទាំងទាមទារឱ្យមានការព្រមព្រៀងរវាងប្រទេសជាហត្ថលេខីទាំងអស់ទៀតផង ដែលនេះជាការអនុវត្តបែបការទូត មុននឹងឈានដល់ការអនុវត្តដោយគណៈកម្មការទន្លេមេគង្គ (MRC)។
អ្នកជំនាញអន្តរជាតិទាំងពីរបានលើកឡើងទៀតថា វាមិនទាន់យឺតពេលទេសម្រាប់ប្រទេសជាសមាជិកផ្សេងទៀតនៃគណៈកម្មការទន្លេមេគង្គ (MRC) និងបណ្ដាភាគីពាក់ព័ន្ធបញ្ចុះបញ្ចូលកម្ពុជា ឱ្យស្នើសុំការពិគ្រោះយោបល់ថ្នាក់តំបន់ស្របតាមកិច្ចព្រមព្រៀងទន្លេមេគង្គ៕
ដោយ: តែម សុខុម