
ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា គណៈរដ្ឋមន្ត្រីវៀតណាម និងអាម៉េរិក បានជួបចរចាគ្នានៅទីក្រុងជេជូប្រទេសកូរ៉េខាងត្បូង នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC លើកទី៣១ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគប្រកបដោយស្ថិរភាព។
កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោយមានកិច្ចសន្ទនាគ្នាតាមទូរសព្ទកាលពីខែមុន រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុងដៀន (Nguyen Hong Dien) និងតំណាងពាណិជ្ជកម្មអាម៉េរិក លោក ចេមីសុន ក្រៀ (Jamieson Greer) ដែលនាំឱ្យមានការចរចាជាផ្លូវការនេះកើតឡើង។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មនេះ បាននិយាយថា លោក ក្រៀ បានយល់ព្រមចំពោះវិធីសាស្រ្ត និងសំណើរបស់វៀតណាម ហើយសហរដ្ឋអាម៉េរិក សង្ឃឹមថា ជាមួយនឹងការខិតខំទៅវិញទៅមក ការចរចាកម្រិតបច្ចេកទេសនៅប៉ុន្មានថ្ងៃខាងមុខនេះនឹងផ្តល់លទ្ធផលវិជ្ជមាន។
គួររំលឹកថា អាម៉េរិក បានពន្យារពេលអនុវត្តពន្ធ៤៦% លើវៀតណាមរហូតដល់ខែកក្កដា។ ប្រសិនបើពេលនោះអាម៉េរិក មិនព្រមបន្ធូរបន្ថយទេ ពន្ធនេះអាចរំខានដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម ព្រោះប្រទេសនេះពឹងផ្អែកខ្លាំងលើការលក់ទៅឱ្យអាម៉េរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន និងពឹងលើការវិនិយោគបរទេសយ៉ាងច្រើនក្នុងការផលិតទំនិញសម្រាប់ការនាំចេញ។
ប្រទេសវៀតណាម មានអតិរេកពាណិជ្ជកម្មធំជាងគេទី៤ ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃជាង១២៣ពាន់លានដុល្លារកាលពីឆ្នាំមុន៕
ដោយ៖ សុខ មង្គល