Advertisement
កម្លាំងពលកម្ម​ជំនាញ​ក្នុងវិស័យសំណង់

អ្នកជំនាញវិស័យសំណង់៖ កម្មករជំនាញ ចេញពីសាលា កំពុងមានតម្រូវការច្រើនជាង កម្មករជំនាញចេះតៗគ្នា


ស្របពេលដែលវិស័យសំណង់ កំពុងមានសន្ទុះកើនឡើងយ៉ាងគំហុក ធនធានមនុស្ស ក៏ដូចជាកម្លាំងពលកម្មជំនាញដែលបម្រើដល់វិស័យនេះ កំពុងមានតម្រូវការខ្ពស់ផងដែរ។ ទោះយ៉ាងណា បើតាមអ្នកជំនាញ អះអាងថា បច្ចុប្បន្ន កម្មករជំនាញក្នុងវិស័យសំណង់ ដែលមានការបណ្ដុះបណ្ដាលចេញពីសាលា កំពុងមានតម្រូវការច្រើន ជាងកម្មករដែលចេះជំនាញតៗគ្នា។ ប៉ុន្ដែ កមុ្មករជំនាញក្នុងវិស័យសំណង់ចេញពីសាលា គឺហាក់បីដូចជានៅមានកម្រិតតិចតួចនៅឡើយ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ។
អ្នកជំនាញវិស័យសំណង់៖ កម្មករជំនាញ ចេញពីសាលា កំពុងមានតម្រូវការច្រើនជាង កម្មករជំនាញចេះតៗគ្នា (រូបភាព៖ ហេង ភារម្យ)
ដោយ
Advertisement

ស្របទៅតាម​វិស័យ​សំណង់​កំពុង​មានសន្ទុះ​យ៉ាង​យាប់រហ័សនេះ អ្នកជំនាញ​ក្នុងវិស័យនេះ​បាន​អះអាងថា តម្រូវការ​ពលកម្ម​ដែលមានជំនាញ​ពិត ដែលចេញពីសាលា​បណ្ដុះ​បណ្ដាល គឺ​ពិតជាសំខាន់ណាស់​​ក្នុងការ​អភិវឌ្ឍ​សំណង់ ​ប្រកបដោយគុណភាព និងរន្ដរភាព។

ការអះអាង បែបនេះ ក៏ដោយសារតែ​អ្នកជំនាញ​បាន​មើលឃើញថា បច្ចុប្បន្ននេះ កម្មករ​ជំនាញ​ក្នុងស្រុក​របស់កម្ពុជា ក្នុងវិស័យសំណង់​ គឺមាន​ភាគច្រើន​មិនបាន​បណ្ដុះបណ្ដាល​ចេញពីសាលា​ប្រកបដោយ​វិជ្ជាជីវៈនោះទេ ពោលគឺ ចេះធ្វើ​សំណង់​តៗគ្នាតែ​ប៉ុណ្ណោះ ដែលនេះ វាពិតជាចាំបាច់​បំផុត ក្នុងការ​​ជួយពង្រឹង​ជំនាញ​ និងវិជ្ជាជីវៈ​ដល់​ពួកគាត់បន្ថែម ស្របទៅតាម​កំណើន​រីកលូតលាស់​ក្នុងវិស័យនេះ។

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC) បានលើកឡើងថា ការបណ្ដុះបណ្ដាល​ធនធានមនុស្ស ដែលមានជំនាញ​បច្ចេកទេស គឺពិតជាសំខាន់ណាស់​សម្រាប់ការអភិវឌ្ឍ ពិសេស​នៅក្នុងវិស័យ​សំណង់​តែម្ដង ខណៈដែលធនធាន​មនុស្ស​ដែល​មានជំនាញ​ពិត​ដែលឆ្លងកាត់​ការបណ្ដុះ​បណ្ដាល​ចេញពីសាលា​សម្រាប់​បម្រើ​ដល់វិស័យសំណង់នេះ គឺនៅមិនទាន់​មានគ្រប់គ្រាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​នាពេលបច្ចុប្បន្ន​នេះនៅឡើយទេ។

ទោះយ៉ាងណានាយក​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា បាន​គូសបញ្ជាក់ទៀតថា ចំនួន​និស្សិត​ដែលបាន​ចូល​រៀន​ជំនាញ​បច្ចេកទេស​មានការ​កើនឡើង​ជាលំដាប់។ តួយ៉ាង កាលពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បានបើក​កាលពី​ឆ្នាំ២០០៥ មាន​សិស្សចូលរៀន​តែប្រមាណ ២០០ នាក់ប៉ុណ្ណោះ តែ​មកទល់​បច្ចុប្បន្ន​មាន​ជាង​១.០០០នាក់ និងរំពឹងថា នៅឆ្នាំសិក្សា​២០១៩-២០២០​នេះ នឹង​កើនឡើង​ដល់​ជាង​២.០០០នាក់។ ​

កម្មករ​សំណង់ កំពុង​សាងសង់​សំណង់​អគារ​មួយកន្លែង​ក្នុងរាជធានី​ភ្នំពេញ (រូបភាព៖ ហេង ភារម្យ)

លោក ឆុង យឿប អនុប្រធាន​ផ្នែកលក់​នៃក្រុមហ៊ុន ជីប ម៉ុង អិន ស៊ី​បានលើកឡើងថា ដោយមើលឃើញ ពីសារសំខាន់​នៃការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ចេញពីសាលា​ ក្រុមហ៊ុន ជីប ម៉ុង ក៏បាន​បញ្ជូន​ មេជាង​ និង​អ្នកម៉ៅការ​​ក្នុងវិស័យ​សំណង់​របស់​ក្រុមហ៊ុន​ចំនួន​៩០​នាក់មកហើយ ដើម្បី​ឲ្យមកទទួល​ការបណ្ដុះ​បណ្ដាល​ពីវិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC។

លោក ឆុង យឿប បន្តទៀតថា ការអប់រំ​ពីសាលា​បានជួយ​ច្រើន​ដល់​ការអភិវឌ្ឍ​សមត្ថភាព​មេជាង និង​អ្នកម៉ៅការ​សំណង់​របស់ក្រុមហ៊ុន ពោលគឺ មិនមែនត្រឹមតែ​ការងារ​បច្ចេកទេសនោះទេ តែ​ក៏បានការ​អភិវឌ្ឍ​ផ្នែកវប្បធម៌​ទំនាក់ទំនង​ ឬហៅថា​ជំនាញទន់ (Soft Skill) កាន់តែល្អ​ជាងមុនផងដែរ។

របាយការណ៍​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​បង្ហាញថា នៅរយៈពេល ៦ខែ ឆ្នាំ២០១៩ ក្រសួង បានផ្ដល់លិខិត​អនុញ្ញាត​សាងសង់​សរុប ចំនួនជាង ៤.០៤៧​គម្រោង ដែលមានតម្លៃ​ទុនវិនិយោគ​ជាង  ៣.៣៩២ លានដុល្លារ ធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ២០១៨ មានចំនួន​គម្រោង​ត្រឹម​១.៦៤៣ គម្រោង ជាមួយ​តម្លៃ​ទុន​វិនិយោគ ២.១៥៣ លាន​ដុល្លារ​អាមេរិក​​បានកើនឡើង ៥៧ភាគរយ។

របាយការណ៍​បាន​បញ្ជាក់ទៀតថា គិតត្រឹម​​ត្រីមាសទី១​ឆ្នាំ២០១៩ កន្លង​ទៅនេះ វិស័យសំណង់​​បានផ្ដល់​ការងារ ជិត​៣ម៉ឺននាក់​​ក្នុងមួយថ្ងៃ ក្នុងនោះ​​តម្លៃពលកម្ម សម្រាប់កម្មករ​​គ្មានជំនាញ មានចំនួន ៣ម៉ឺនរៀល និងមាន​​ជំនាញ ៦ម៉ឺនរៀល​​ក្នុងមួយថ្ងៃ។ រីឯ វិស្វករ ស្ថាបត្យករ និងអ្នក​ជំនាញ​​ផ្សេងទៀត ទទួលបាន​ប្រាក់​ឈ្នួលពី ៤០០ដុល្លារ ទៅ ២.៥០០​ដុល្លារ ក្នុងមួយខែ​​ផងដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ផ្សារ​ទំនើប​ប្រណីត The Bridge Lifestyle Mall មានអ្វីពិសេសខ្លះ?

ព័ត៌មាន
ជាផ្សារ​ទំនើប​ដ៏​ប្រណីត​បំផុត​សម្រាប់​ជីវិត​បែប​ស៊ីវិល័យ The Bridge Lifestyle Mall បាន​បើក​ដំណើរការ​ហើយ នៅ​រាជ​ធានី​ភ្នំពេញ ដោ...

ផ្សារទំនើបសុវណ្ណា បានបិទទ្វារផ្អាកដំណើរការហើយ ដូចការគ្រោងទុក!

ព័ត៌មាន
គិតមកទល់ថ្ងៃទី១៦កញ្ញានេះ គឺមានរយៈពេលប្រមាណកន្លះខែមកហើយ ដែលផ្សារទំនើបសុវណ្ណា ដែលជាផ្សារទំនើបវ័យចំណាស់មួយ ដែលមានអាយុកាលជាង១០ ឆ្នាំមក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ