កំណើនប្រាក់កម្ចីក្នុងវិស័យសំណង់

មូលហេតុអ្វីខ្លះបានជាធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចព្រួយបារម្ភពីកំណើនប្រាក់កម្ចីក្នុងវិស័យសំណង់កើនឡើងខ្ពស់ទៅវិញ?


ទំហំប្រាក់កម្ចីនៅក្នុងវិស័យសំណង់ និង អចលនទ្រព្យ មានការកើនឡើងជាង ៣០% នៅរយៈពេល៩ខែដំបូងក្នុងឆ្នាំ២០២១ វាបានឆ្លុះបញ្ចំាងពីភាពរីកចម្រើននៃវិស័យសំណង់ និង អចលនទ្រព្យ ទោះបីជាកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)

កំណើននេះ ក៏ឆ្លុះបញ្ចាំងពីលទ្ធភាព និងការជឿទុកចិត្តគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី និងអ្នកទទួលកម្ចីផងដែរ។ ប៉ុន្តែកំណើនទំហំប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យសំណង់ និង អចលនទ្រព្យនេះ បានធ្វើឲ្យអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច ព្រួយបារម្ភថា វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពទទួលបានកម្ចីរបស់វិស័យដទៃទៀត ដែលអាចធ្វើឲ្យមានវិសមភាពចំណូលរវាងអ្នករកស៊ីក្នុងវិស័យសំណង់ អចលនទ្រព្យនិងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនេះអ្នកជំនាញសេដ្ឋកិច្ចស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យ និង សិក្សាលើបញ្ហានេះឲ្យបានល្អិតល្អន់ ដើម្បីរក្សាភាពលម្អៀងក្នុងការទទួលបានកម្ចី។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានចាត់ទុកការកើនឡើងនៃទំហំប្រាក់កម្ចីក្នុងវិស័យសំណង់អចលនទ្រព្យ  ៣១% គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២១ គឺវាបាន ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យមួយនេះ និង លទ្ធភាពរបស់អ្នកខ្ចី ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ។ មួយវិញទៀតវាបានបង្ហាញពីភាពជឿជាក់គ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី និងអ្នកទទួលកម្ចីផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានវាយតម្លៃថា ការកើនឡើងទំហំប្រាក់កម្ចីក្នុងវិស័យសំណង់នេះ គឺដោយសារក្នុងអំឡុងវិបត្តិកូវីដ-១៩ អ្នកវិនិយោគអាចមានតម្រូវការដើមទុនខ្ពស់ ដើម្បីទ្រទ្រង់ដល់ដំណើរការសាងសង់ ឬ បញ្ចប់គម្រោងសាងសង់ជាដើម។ ម្យ៉ាងទៀត នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានជួយសម្របសម្រួល និងស្នើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយលក្ខខណ្ឌកម្ចីមួយចំនួន ដែលធ្វើឲ្យអតិថិជនមានលទ្ធភាពខ្ពស់ក្នុងការទទួលបានប្រាក់កម្ចី សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សិរិវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា ក៏បានយល់ឃើញដែរថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ បានធ្វើឲ្យវិស័យអចលនទ្រព្យមួយចំនួនត្រូវបានជាប់គាំង ដែលទាមទារឲ្យម្ចាស់គម្រោងត្រូវសម្របសម្រួលជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានទុនបន្ថែមទៀតក្នុងការបន្តដំណើរការសាងសង់ និង វិនិយោគ ខណៈគ្រឹះស្ថានហិរញ្ញវត្ថុចង់ឲ្យឥណទានរបស់ខ្លួនមានដំណើរការ។

ប៉ុន្តែទោះបីយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចរូបនេះ មានការព្រួយបារម្ភពីការកើនឡើងខ្លាំងនៃទំហំឥណទានក្នុងវិស័យសំណង់ អចលនទ្រព្យ ថាវានឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យផលិតសម្រាប់នាំចេញ និង លទ្ធភាពចាយវាយរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ ដែលជាកត្តារាំងស្ទះដល់ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ បណ្ឌិត គី សិរិវឌ្ឍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ និងពិចារណាលើឥណទានក្នុងវិស័យនេះ ដើម្បីរក្សាគម្លាតវិសមភាពចំណូលរបស់អ្នករក្សាក្នុងវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗ។

យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញឲ្យឃើញថា នៅក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានក្នុងវិស័យសំណង់មានទំហំទឹកប្រាក់សរុបជាង ៤៧,៤ទ្រីលានរៀល កើនឡើងជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួននេះបានធ្វើឲ្យទំហំឥណទានក្នុងវិស័យសំណង់ អចលនទ្រព្យមានកំណើនខ្ពស់ជាងគេចំណោមវិស័យសំខាន់ៗទាំង៧ នៅកម្ពុជា។ ជារួមទំហំឥណទាននៅកម្ពុជាសរុបនៅ៩ខែឆ្នាំ២០២១ មានទំហំប្រមាណជិត ៤៥ពាន់លានដុល្លារ កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការសិក្សាលើការចាក់វ៉ាក់សាំងសាំងដូសទី៤ សម្រាប់ក្រុមមន្រ្តីជួរមុខ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យមានការត្រៀមការសិក្សាទៅលើការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer ដែលជាជំនួយរបស់ប្រ…

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជំរុញឲ្យ SME ចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍គាំទ្រពីរដ្ឋ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាទាំងអស់ បង្កើនការចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីបង្កភាពងាយស្រួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ