ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានចុះហត្ថលេខាលើឯកសារនៃការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតកាលពីថ្ងៃអាទិត្យ ដែលក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិបានបង្កើតសំណើនេះឡើងនៅកិច្ចព្រមព្រៀងនេះកាលពីពាក់កណ្តាលខែមេសា។
ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់វៀតណាមនេះ គឺធ្វើឡើងនៅចំពេលដែល អតិផរណានៅក្នុងប្រទេសនេះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយតម្លៃប្រេងឥន្ធនៈក៏បាននិងកំពុងកើនឡើងនៅទូទាំងពិភពលោកផងដែរ ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសវៀតណាម មានសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កើនឡើងជាង២,៨% នៅក្នុងខែឧសភា កើនឡើង០,២២% ធៀបនឹងខែមេសា។
ទោះយ៉ាងណា រដ្ឋាភិបាលប្រទេសវៀតណាម ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្របសម្រួលការជំទាស់ពីក្រុមពាណិជ្ជករ ពិសេសនៅក្នុងវិស័យវាយនភណ្ឌ និង អេឡិចត្រូនិកសំខាន់ៗ របស់វៀតណាម និង ការបញ្ចុះបញ្ចូលអាជីវករបរទេស រួមទាំងសភាពាណិជ្ជកម្ម និង ឧស្សាហកម្មជប៉ុនផងដែរ។
មែនទែនទៅ ប្រទេសវៀតណាមបានផ្អាកការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ចាប់តាំងពីមានផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ទើបតែនៅឆ្នាំនេះទេ ដែលរដ្ឋាភិបាលវៀតណាមប្រកាសនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជាមធ្យម ៦% ចាប់ពីខែកក្កដាតទៅ ហើយអាចនឹងដំឡើងថែមទៀតនៅខែមករាឆ្នាំក្រោយ។
ទោះយ៉ាងណា វិនិយោគិនបរទេសកំពុងសម្លឹងមើលទស្សនវិស័យប្រាក់ឈ្នួលនៅក្នុងប្រទេសក្បែខាងកម្ពុជាមួយនេះយ៉ាងយកចិត្តទុកដាក់ ព្រោះថា កន្លងមក ដោយសារតែមានតម្លៃពលកម្មទាប វៀតណាមបានស្រូបទាញរោងចក្រផលិតជាច្រើនពីប្រទេសចិនផ្លាស់ប្ដូរទីតាំង ទៅកាន់ប្រទេសវៀតណាមវិញ ហើយនិន្នាការនេះ ត្រូវបានគេរំពឹងថា នឹងបន្ដកើនឡើងថែមទៀត ដោយសារបច្ចុប្បន្នទីក្រុងប៉េកាំងកំពុងតែមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។
គួរជម្រាបថា ក្រុមហ៊ុននៅវៀតណាមគ្រប់គ្រងដោយបរទេសមានចំណែកកាន់កាប់ទីផ្សារប្រហែល ៧០% នៃការនាំចេញទាំងមូលរបស់វៀតណាម៕