បើយោងតាមសារព័ត៌មានវៀតណាម VN Express បច្ចុប្បន្នមាសដុំក្នុងប្រទេសវៀតណាមមួយតម្លឹងមានតម្លៃដល់ទៅជាង៣ពាន់៤រយដុល្លារ ខណៈនៅប្រទេសថៃ មាសដុំដូចគ្នាត្រូវបានរំពឹងថា នឹងហក់ឡើងថ្លៃដល់ប្រមាណ៣ពាន់៦០ដុល្លារ ក្នុងមួយតម្លឹងក្នុងឆ្នាំ២០២៤ នេះ ខណៈនៅកម្ពុជា ហាងឆេងមាសគីឡូមួយតម្លឹងមានតម្លៃត្រឹមតែ២ពាន់៥រយដុល្លារប៉ុណ្ណោះ។
តម្លៃមាសដុំនៅប្រទេសវៀតណាម បានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពោលគឺឡើងដល់ជាង៣ពាន់៤រយដុល្លារក្នុងមួយតម្លឹង រហូតដល់ធនាគារកណ្តាលវៀតណាម បានព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្ននៅពេលជួញដូរមាស ចំពេលមានការប្រែប្រួលខ្លាំង។
លោក ដាវ ហ្សាន់ ទួន ( Đào Xuân Tuấn) ប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់បរទេសនៃធនាគារកណ្ដាលវៀតណាម បានកត់សម្គាល់ថា ធនាគារបានរៀបចំវិធានការ ដើម្បីរក្សាស្ថិរភាពទីផ្សារមាសក្នុងស្រុក ដោយសំដៅលើការកើនឡើង នៃការផ្គត់ផ្គង់មាស ដែលមានម៉ាក និងចុះបញ្ជីត្រឹមត្រូវ។
លោកបានបញ្ជាក់ថា ធនាគារកណ្តាលវៀតណាម តែងតែតាមដានយ៉ាងដិតដល់ចំពោះការវិវត្តរបស់ទីផ្សារ ហើយត្រៀមខ្លួនទទួលយកដំណោះស្រាយដើម្បីរក្សាស្ថិរភាព និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃមាសទៅលើអត្រាប្តូរប្រាក់ អតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកបន្តថា ធនាគារកណ្ដាលវៀតណាម នឹងបន្តសម្របសម្រួលជាមួយក្រសួងសន្តិសុខសាធារណៈ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងការត្រួតពិនិត្យលើអាជីវកម្មមាស។
នៅប្រទេសថៃ ឯណោះវិញ តម្លៃមាស ក៏មិនធម្មតាដែរ ដោយមានការព្យាករថា តម្លៃមាសអាចនឹងហក់ឡើងរហូតដល់ប្រមាណ៣ពាន់៦០ដុល្លារអាមេរិក ក្នុងមួយតម្លឹងនៅដើមឆ្នាំ២០២៤ នេះ។
លោក គ្រីតឆារ៉ាត់ ហ៊ីរ៉ានយ៉ាស៊ីរី (Kritcharat Hiranyasiri) ប្រធានសមាគមអ្នកជូញដូរមាសថៃ បានឱ្យដឹងថា ដោយសារអត្រាការប្រាក់ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ហើយប្រាក់ដុល្លារ ក៏នឹងធ្លាក់ថ្លៃ មាសដែលគេទទួលស្គាល់ថា ជាទ្រព្យសកម្មដ៏មានសុវត្ថិភាពនឹងហក់ឡើងថ្លៃខ្លាំងនៅដើមឆ្នាំ២០២៤ នេះ។
លោកបានបន្តថា ប្រាក់ដុល្លារ បាននិងកំពុងធ្លាក់ថ្លៃ ខណៈដែលទីផ្សាររំពឹងថា ការដំឡើងអត្រាការប្រាក់នឹងឈានដល់ទីបញ្ចប់ ហើយធនាគារកណ្តាលមួយចំនួននៅជុំវិញពិភពលោកកំពុងរង់ចាំពេលវេលាដ៏ស័ក្ដិសម ដើម្បីបញ្ចុះអត្រាការប្រាក់ ដូច្នេះហើយបានជាធ្វើឱ្យហាងឆេងមាសកម្រើកឡើងខ្លាំង៕
ដោយៈ សរ សុជាតិ