ទីភ្នាក់ងារវិនិយោគបរទេសចំណុះឲ្យក្រសួងផែនការនិងវិនិយោគ ត្រូវបានសារព័ត៌មាន Vietnam News ដកស្រង់សំដីថា ទុនវិនិយោគបរទេសដែលបានចុះបញ្ជីនៅវៀតណាមបានបង្ហាញពីសញ្ញានៃការងើបឡើងវិញក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៣នេះ។
ប្រភពដដែលបានអះអាងថា ក្នុងអំឡុងពេលត្រួតពិនិត្យវិនិយោគិនបរទេសនៅក្នុងរយៈពេល៧ខែនេះ គឺបានរកឃើញតួរលេខសរុបមានទំហំទឹកប្រាក់រហូតដល់ជាង ១៦ ពាន់លានដុល្លារ កើនឡើង៤,៥ ភាគរយ ។
ទីភ្នាក់ងារវិនិយោគបរទេសចំណុះឲ្យក្រសួងផែនការនិងវិនិយោគ បានកត់សម្គាល់ថា នេះជាកំណើន លើកដំបូងក្នុងឆ្នាំ ២០២៣ បន្ទាប់ពីថយចុះពេញមួយឆមាសកន្លងមក ហើយក្នុងខែកក្កដាតែមួយ ការវិនិយោគបរទេសបានកើនឡើងដល់ជិត ៣ ពាន់លានដុល្លារ កើនឡើងជិត ៩ ភាគរយ ។
បើយោងតាមស្ថិតិបានបញ្ជាក់ថា ទុនវិនិយោគសរុបដែលមានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងថ្មីចំនួន ១ ៦២៧ គម្រោង កើនឡើង ៧៥,៥ ភាគរយ នៃចំនួនគម្រោងសរុប ។ ក្រៅពីនោះ ទឹកប្រាក់ទំហំ វជាង៤ ពាន់លានដុល្លារទៀត ត្រូវបានគេដឹងថា បានមកពីប្រតិបត្តិការនៃការរួមចំណែកមូលធន និងការទិញភាគហ៊ុនដែលធ្វើឡើងដោយវិនិយោគិន បរទេសលើគម្រោងដែលបានប្រកាសខាងលើ ហើយទឹកប្រាក់ជាង ៤ ពាន់លានដុល្លារផ្សេងទៀត ត្រូវបានគេបង្កើននៅលើគម្រោងដែលមានស្រាប់ប្រមាណជា ៧៣៦ គម្រោង ។
លោក ឌឹ ញាត ហុង (Đỗ Nhất Hoàng) ប្រធានទីភ្នាក់ងារវិនិយោគបរទេសវៀតណាម បាននិយាយថា អត្រាកំណើននៃចំនួនគម្រោងថ្មី បានកើនឡើងជិតទ្វេដងនៃទុនវិនិយោគសរុប។
លោកបានបន្តថា តួលេខទាំងនេះបានបង្ហាញថា ហិរញ្ញប្បទានបរទេសបានបន្តរក្សាការជឿជាក់ របស់ពួកគេចំពោះបរិយាកាសវិនិយោគក្នុងស្រុក ខណៈដែលពួកគេបន្តធ្វើការសម្រេចចិត្តវិនិយោគថ្មីនៅក្នុងទីផ្សារវៀតណាម។
លោកបានបន្តថា ទោះបីជាក្រុមហ៊ុនខ្លះបានធ្វើការកែប្រែដើមទុនវិនិយោគក៏ដោយចុះ ប៉ុន្តែស្ថានភាព វាមានទំនោរទៅរកភាពប្រសើរឡើងពីមួយខែទៅមួយខែ ទន្ទឹមនឹងនេះ ចំនួនគម្រោងដែលបានបន្ថែមដើមទុននៅតែកើនឡើងក្នុងរយៈពេលដូចគ្នានេះ ដូច្នេះវាបញ្ជាក់ពីទំនុកចិត្តរបស់អ្នកវិនិយោគលើបរិយាកាសវិនិយោគរបស់វៀតណាម ។
នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ នេះ គម្រោងវិនិយោគបរទេសទាំងនេះគឺត្រូវបានបណ្តាក់ទុនដោយវិនិយោគិនមកប្រទេសចំនួន ៩៤ ដោយនៅក្នុងនោះសិង្ហបុរីច្រើនជាងគេ ជាមួយនឹងទុន ជិត៤ ពាន់លានដុល្លារ កូរ៉េខាងត្បូង ជាង ២ ពាន់លានដុល្លារ និងចិន ជាង ២ ពាន់លានដុល្លារដែរ ហើយគោលដៅដែលទាក់ទាញវិនិយោគច្រើនជាងគេគឺ នៅហាណូយ , ហៃហ្វុង, ក្រុងហូជីមិញ, បាក យ៉ាង, ប៊ិញ ឌឿង, បាក និញ, និង ដុង ណៃ៕
ដោយៈ សរ សុជាតិ