ទីផ្សារទុរេន

ទុរេនវៀតណាម កំពុងចាល់ពេញទីផ្សារ ខណៈការនាំចេញទៅចិន ត្រូវបានរាំងស្ទះ ដោយសារការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹងពីសំណាក់អាជ្ញាធរចិន


កុងតឺន័រដឹកផ្លែឈើវៀតណាម នាំចេញទៅចិន កំពុងកកស្ទះជាច្រើនថ្ងៃនៅតាមព្រំដែន ដោយសារតែគយចិន ដាក់ការត្រួតពិនិត្យដ៏តឹងតែងបំផុត ១០០% លើមុខទំនិញផ្លែឈើដែលនាំចូលពីវៀតណាម ដើម្បីធ្វើតេស្ដរកមើលសាធាតុគីមីហាមឃាត់ ដែលអាចបង្កជាជំងឺមហារីក នៅលើផ្លែឈើ ពិសេសផ្លែទុរេនរបស់វៀតណាម ដែលកំពុងដល់រដូវប្រមូលផល។ បញ្ហានេះ កំពុងធ្វើឱ្យផលិតផលទុរេនរបស់វៀតណាម រងនូវការប្រកួតប្រជែងទីផ្សារជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត និងកំពុងធ្វើឱ្យតម្លៃទុរេនក្នុងស្រុកវៀតណាម ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។
ទីផ្សារទុរេន
ដោយ

អាជីវករលក់ទុរេនវៀតណាម ដែលត្រូវបានសម្ភាស​ដោយសារព័ត៌មាន VN Express បានឱ្យដឹងថា ការត្រួតពិនិត្យដ៏តឹងតែងរបស់គយចិន បានចំណាយពេលវេលាយូរ ហើយធ្វើឱ្យផ្លែឈើខូចគុណភាព នៅពេលដែលដឹកទៅដល់ទីផ្សារលក់បោះដុំនៅក្នុងប្រទេសចិន។

បញ្ហានេះ បានធ្វើឱ្យកសិករដាំផ្លែទុរេនរបស់វៀតណាម បានបង្ខំចិត្តលក់ទុរេនទម្លាក់តម្លៃប្រហែល ៣០% ពោលបច្ចុប្បន្នទុរេននៅវៀតណាម មានត្រឹមតម្លៃជាង ៥ពាន់រៀល ទៅជាង១ម៉ឺនរៀលប៉ុណ្ណោះនៅក្នុងមួយគីឡូក្រាម ដោយតម្លៃនេះ គឺមានត្រឹមតែ ១ភាគ៣ប៉ុណ្ណោះបើធៀបនឹងតម្លៃកាលពីឆ្នាំមុន។ ការត្រួតពិនិត្យរបស់អាជ្ញាធរចិន ក៏បានធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាម នៅ២ខែដើមឆ្នាំនេះ ធ្លាក់ចុះ ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការធ្លាក់ចុះនៃការនាំចេញ គឺមួយផ្នែកដោយសារអាជីវកម្មមានការប្រុងប្រយ័ត្ន និងលែងហ៊ាននាំចេញក្នុងទំហំធំ ដោយសារខ្លាចខាតបង់។ ចំណែកទីផ្សារទុរេនរបស់វៀតណាម នៅក្នុងប្រទេសចិន បានធ្លាក់ចុះពី ៦២% មកនៅត្រឹម ៣៧% ប៉ុណ្ណោះ ខណៈដែលទីផ្សារទុរេនប្រទេសថៃ នៅចិន បានកើនឡើងពី ៣៧% ទៅជាង ៦២%វិញ។ ផ្លែទុរេននាំចេញរបស់ប្រទេសថៃ ក៏រងនូវការត្រួតពិនិត្យយ៉ាងតឹងរឹង ពីអាជ្ញាធរចិន ដូចគ្នាដែរ ប៉ុន្ដែ រាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវវិធានការណ៍ ដើម្បីធានាបាននូវការនាំចេញក្នុងបរិមាណខ្ពស់។

ទន្ទឹមនឹងការនាំចេញទុរេនរបស់វៀតណាម ទៅចិន ដាំក្បាលចុះខ្លាំង ការនាំចេញទុរេនរបស់ម៉ាឡេស៊ី ទៅចិន នាពេលនេះ កំពុងក្ដោបក្ដាប់ឱកាសទីផ្សារបានល្អ ដោយរំពឹងថា នឹងអាចកើនឡើងប្រមាណ ១៥% ទៅ ២០% នៅឆ្នាំនេះ ដោយសារតែតម្រូវការទុរេននៅចិន កើនឡើង បើទោះបីជាការដាំដុះទុរេននៅម៉ាឡេស៊ី កំពុងប្រឈមនឹងបញ្ហាអាកាសធាតុយ៉ាងណាក្ដី។ តម្លៃទុរេន នៅម៉ាឡេស៊ី ក៏ខ្ពស់គួរសមដែរ ពោលគឺ សម្រាប់ផ្លែទុរេនមួសាងឃីង Musang King គុណភាពខ្ពស់ អាចលក់បានដល់ទៅជិត ៣ម៉ឺនរៀល នៅក្នុងមួយគីឡូក្រាមតម្លៃលក់នៅចម្ការផ្ទាល់ ហើយតម្លៃនេះ ត្រូវបានគេព្យាករថា នឹងអាចកើនឡើងជាង២ដង នៅពេលរដូវជិតអស់ទុរេន។ កាលពីឆ្នាំមុន ចិនបាននាំចូលទុរេនពីម៉ាឡេស៊ី ក្នុងតម្លៃ ២១២ លានដុល្លារ។ ប្រទេសចិន បានពង្រឹងការត្រួតពិនិត្យយ៉ាងដិតដល់បំផុត លើទុរេននាំចូលពីវៀតណាម និងថៃ ទាក់ទងនឹងការតេស្ដរកមើលសារធាតុសំណល់លោហៈដែលមាននៅលើផ្លែទុរេន និងសារធាតុគីមីហាមឃាត់ម្យ៉ាង ដែលគេប្រើជាថ្នាំជ្រលក់ទុរេន ដើម្បីឱ្យឆាប់ទុំ ហើយវាត្រូវបានហាមឃាត់ដោយសារមានហានិភ័យខ្ពស់ ដែលអាចបង្កជំងឺមហារីកលើអ្នកទទួលទាន៕

អត្ថបទ ចាន់ ភារម្យ​




អត្ថបទបន្ទាប់


តើអ្នកជំនាញមានការរំពឹងបែបណាចំពោះការចរចាពន្ធបដិការជាមួយអាម៉េរិក ហើយប្រសិនបើមិនទទួលបានលទ្ធផលល្អ វាអាចប៉ះពាល់អ្វីខ្លះដល់កម្ពុជា?

បើមិនមានការប្រែប្រួលទេ ក្រុមមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅថ្ងៃទី១៤-១៥ ខែឧសភា …

តើប្រទេសណាខ្លះ ដែលអាម៉េរិក ផ្តល់អាទិភាពដំបូងគេសម្រាប់ការចរចាលើបញ្ហាពន្ធបដិការ?

នៅក្នុងចំណោមជាង១៨០ប្រទេស ដែលរងពន្ធបដិការពីសហរដ្ឋអាម៉េរិក មានប្រទេសចំនួន៦ប៉ុណ្ណោះ ដែលសហរដ្ឋអាម៉េរិក ផ្តល់អាទិភាពដំបូងគេក្នុងការចរចាលើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ