វិស័យអចលនទ្រព្យ គឺមានជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងវិស័យឧស្សាហកម្មផ្សេងៗទៀតនៅវៀតណាម ជាមួយនឹងការបង្កើតការងារជាច្រើនផងដែរ។ ប៉ុន្ដែ វិស័យដែលរួមចំណែកដល់ទៅ ១១% នៃ GDP របស់ប្រទេសវៀតណាមមួយនេះ នៅបច្ចុប្បន្នកំពុងមានជួបប្រឈមនឹងការលំបាកកាន់តែច្រើន ដោយសារតែការផ្ដល់ឥណទានមានការរឹតបន្ដឹង និងតម្រូវការទិញមានការធ្លាក់ចុះ ខណៈដែលគម្រោងជាច្រើនបានជាប់គាំង ដោយសារតែខ្វះខាតដើមទុន។ ស្ថិតិថ្មីចុងក្រោយពីក្រសួងសំណង់វៀតណាម បានបង្ហាញថា មានប្រមាណ ៤០%ឯណោះ នៃអាជីវកម្មអចលនទ្រព្យនៅវៀតណាមបានក្ស័យធនកាលពីឆ្នាំ២០២២។
ដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនេះ លោកផាម មិញជីង នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ឲ្យក្រសួងសំណង់ដាក់ចេញនូវវិធានការនានា ដើម្បីកាត់បន្ថយការលំបាកសម្រាប់វិស័យអចលនទ្រព្យនេះ ហើយត្រូវរាយការណ៍ជូនត្រឡប់មករូបលោកវិញឲ្យបាននៅមុនថ្ងៃទី ១៥ខែកុម្ភៈ។
កាលពីខែធ្នូឆ្នាំមុន លោកនាយករដ្ឋមន្ត្រីវៀតណាម ធ្លាប់បានអំពាវនាវឲ្យធនាគារ កាត់បន្ថយការចំណាយ ដើម្បីអាចបន្ថយអត្រាការប្រាក់ និងស្ដារសេដ្ឋកិច្ចឡើងវិញ។ លោក ផាម មិញជីង ក៏បានណែនាំដល់ធនាគារកណ្ដាលវៀតណាម ពន្លឿនការបញ្ចេញប្រាក់ឧបត្ថម្ភធនកម្ចី ដើម្បីសម្រួលដល់ការផ្ដល់កម្ចីដល់ទីផ្សារអចលនទ្រព្យ ដើម្បីបញ្ជៀសការខ្វះខាតឥណទាន។ ក្នុងខែមករា អត្រាការប្រាក់កម្ចីដែលផ្ដល់ជូនវិស័យអចលនទ្រព្យនៅវៀតណាមមានចន្លោះពី ៤,៩៩% ទៅដល់ ១៣% ក្នុងមួយឆ្នាំ។
កាលពីឆ្នាំ២០២២ វិស័យអចលនទ្រព្យនៅវៀតណាម បានស្រូបទាញបានការវិនិយោគផ្ទាល់ពីបរទេសបន្ថែមក្នុងតម្លៃទឹកប្រាក់វិនិយោគជាង ១ពាន់៨រយលានដុល្លារ ដែលមានទំហំប្រមាណជាង ១៦% នៃការវិនិយោគពីបរទេសសរុប។ នេះបើតាមទិន្នន័យពីក្រសួងសំណង់វៀតណាម។
ជុំវិញទៅនឹងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅវៀតណាមនេះដែរ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងធ្វើការវិនិយោគ១០០លានដុល្លារ ទៅក្នុងធនាគារផ្ដល់កម្ចីរបស់វៀតណាម សាប៊ែង (SeAbank) ដើម្បីផ្ដល់កម្ចីសម្រាប់អ្នកទិញលំនៅដ្ឋានតម្លៃសមរម្យ នៅក្នុងទីផ្សារ ដែលបច្ចុប្បន្នកំពុងមានការផ្គត់ផ្គង់ច្រើនលើសលុបនូវខុនដូរលំដាប់ប្រណីត ប៉ុន្ដែ ការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃទាប គឺនៅមិនទាន់មានគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ។
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងមានគោលដៅចាប់យកអតិថិជនដែលជាអ្នកខ្ចីប្រាក់ ដែលមានប្រាក់ចំណូលទាប និងមធ្យម នៅក្នុងប្រទេសវៀតណាម ដែលពួកគេមានតម្រូវការផ្ទះថ្មីប្រមាណជាង ២៧ម៉ឺនខ្នងឯណោះក្នុងមួយឆ្នាំៗ។ នេះបើតាមទិន្នន័យប៉ាន់ស្មានដោយធនាគារពិភពលោក។ ទោះយ៉ាងណា ការវិនិយោគនេះ ត្រូវបានគេមើលឃើញថា នឹងមិនអាចដោះស្រាយបញ្ហារ៉ាំរ៉ៃនៃការផ្គត់ផ្គង់ក្នុងវិស័យអចលនទ្រព្យវៀតណាមបាននោះឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ន តម្លៃអត្រាការប្រាក់ខ្ពស់ ជាមួយនឹងការចំណាយលើថ្លៃដើមសាងសង់កើនឡើង កំពុងដាក់សម្ពាធកាន់តែខ្លាំងទៅលើក្រុមហ៊ុនសាងសង់ និងអ្នកទិញអចលនទ្រព្យ ហើយវាក៏បានជំរុញឲ្យទីផ្សារមានការថយថយចុះផងដែរ៕