
រដ្ឋាភិបាលវៀតណាម នៅប៉ុន្មានឆ្នាំកន្លងមកនេះ បានលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសន្យាទិញអគ្គិសនីពីគម្រោងផលិតថាមពលរដ្ឋកកើតឡើងក្នុងស្រុកក្នុងតម្លៃលើសទីផ្សារសម្រាប់រយៈពេល២០ឆ្នាំ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកប្រភពថាមពលស្អាត។ វិធានការនេះ ក៏មានបំណងឆ្លើយតបនឹងតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងរបស់ប្រទេសនេះផងដែរ ខណៈសេដ្ឋកិច្ចរបស់ខ្លួនបានពង្រីកក្នុងអត្រាលឿនបំផុតមួយនៅក្នុងពិភពលោក។
តម្លៃអគ្គិសនីដែលរដ្ឋាភិបាលវៀតណាម សន្យាទិញពីក្រុមហ៊ុនឯកជនចន្លោះពីជាង៧ដុល្លារទៅជិត១០ដុល្លារអាម៉េរិកក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុន្តែឥឡូវនេះអាជ្ញាធរអគ្គិសនីវៀតណាម ចង់បង់ថ្លៃឱ្យអ្នកវិនិយោគជារូបិយប័ណ្ណដុងត្រឹមជិត២ពាន់ដុងប្រហែលជិត៥ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលបានធ្លាក់ចុះចន្លោះពី៣៤-៥០% ផ្អែកតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន។
ការកាត់បន្ថយប្រាក់ឧបត្ថម្ភធនរបស់រដ្ឋាភិបាលវៀតណាម នេះ បានប៉ះពាល់ដល់គម្រោងថាមពលអគ្គិសនី ដែលភាគច្រើនជាកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ។ តាមរយៈលិខិតដែលផ្ញើជូនថ្នាក់ដឹកនាំវៀតណាម កំពូលៗ រួមទាំងប្រធានបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីវៀតណាមដែរនោះ ម្ចាស់គម្រោងខាងលើបានជំរុញឱ្យរដ្ឋាភិបាលរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុចរិតភាពនៃកិច្ចសន្យាដើម ស្ថិរភាពបទប្បញ្ញត្តិ និងភាពជឿជាក់លើបរិយាកាសវិនិយោគរបស់វៀតណាម។ ពួកគេបានបន្ថែមថា ស្ថានភាពបច្ចុប្បន្នងាយនឹងបង្កហានិភ័យធ្ងន់ធ្ងរ និងភ្លាមៗដល់ទំនុកចិត្តវិនិយោគិន ស្ថិរភាពហិរញ្ញវត្ថុ និងគោលបំណងអាកាសធាតុ និងថាមពលរយៈពេលវែងរបស់វៀតណាម៕
ដោយ៖ សុខ មង្គល