ក្រុមហ៊ុន Meta

ក្រុមហ៊ុន Meta កាត់បន្ថយបុគ្គលិកជាង ១ម៉ឺននាក់ ខណៈប្រាក់ចំណូលធ្លាក់ចុះយ៉ាងគំហុក


ក្រុមហ៊ុនយក្ស Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ខ្លួននឹងកាត់បន្ថយការងារបុគ្គលិកជាង១ម៉ឺនកន្លែង ឬប្រហែល ១៣% នៃកម្លាំងពលកម្មរបស់ក្រុមហ៊ុន។ ការកាត់បន្ថយការងារដ៏សម្បើមនេះ គឺធ្វើឡើងនៅក្រោយពេលដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះយ៉ាងគំហុក ជាពិសេសគឺបន្ទាប់ពីការចំណាយលុយយ៉ាងក្រាស់ក្រែលទៅក្នុងគម្រោង Metaverse ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ស្ថាបនិកក្រុមហ៊ុន Meta ប្រកាសកាត់បន្ថយបុគ្គលិកជាង ១ម៉ឺននាក់
ដោយ

បើទោះបីជា ត្រូវខាតបង់ចំណូលក្ដី ក៏ក្រុមហ៊ុននេះនៅតែបន្តចាក់លុយចូលក្នុងគម្រោងនេះទៀតដដែល ដ្បិតគេជឿលើចក្ខុវិស័យអនាគតនៃគម្រោងថ្មីនេះ។

ស្ថាបនិកក្រុមហ៊ុនMeta គឺលោក Mark Zuckerberg បានហៅថា កាត់បន្ថយការងារបុគ្គលិកនាពេលនេះថា ជាការសម្រេចចិត្តដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនយក្សហ្វេសប៊ុក។

លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានរៀបរាប់នៅក្នុងសារផ្ញើទៅបុគ្គលិកថា ការធ្លាក់ចុះម៉ាក្រូសេដ្ឋកិច្ច ការកើនឡើងនៃការប្រកួតប្រជែង និងការបាត់បង់ការផ្សព្វផ្សាយ បានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះជាងការរំពឹងទុក។ លោកបានទទួលស្គាល់ និងទទួលខុសត្រូវចំពោះកំហុស ដែលបានមើលស្រាលចំពោះស្ថានភាពនេះ។

ការកាត់បន្ថយចំនួនការងារដ៏ច្រើនសម្បើមបំផុតក្នុងរយៈពេល ១៨ឆ្នាំរបស់ក្រុមហ៊ុននេះ គឺធ្វើឡើងបន្ទាប់ពីគូប្រជែង Twitter ក្រោមការដឹកនាំថ្មីរបស់លោក Elon Musk បានកាត់បន្ថយបុគ្គលិកប្រមាណ ៥០% ឯណោះ។

ក្នុងអំឡុងពេលផ្ទុះការរាតត្បាតកូវីដ១៩ខ្លាំងកាលពីឆ្នាំមុនៗ ក្រុមហ៊ុន Meta ក៏ដូចជាក្រុមហ៊ុនបណ្តាញសង្គមផ្សេងៗទៀតដែរ បានជ្រើសរើសបុគ្គលិកយ៉ាងច្រើន ដោយសារតែបណ្តាប្រទេសនានាបានបិទខ្ទប់ ធ្វើឱ្យមនុស្សប្រើប្រាស់បណ្តាញសង្គមជាចាំបាច់បំផុត។ ប៉ុន្តែ អាជីវកម្មបណ្តាញសង្គមនេះ បែរជាត្រូវរងគ្រោះ ដោយសារតែវិបត្តិសាកលឆ្នាំនេះទៅវិញ ដែលបណ្តាលឱ្យការផ្សព្វផ្សាយលើបណ្តាញសង្គមបានធ្លាក់ចុះយ៉ាងគំហុក។

ក្រុមហ៊ុន Meta ដែលធ្លាប់មានទ្រព្យសម្បត្តិជាង ១ទ្រីលានដុល្លារ ពេលនេះបានធ្លាក់តម្លៃមកសល់ត្រឹមតែ ២៥៦ពាន់លានដុល្លារ បន្ទាប់ពីបាត់បង់តម្លៃជាង ៧០% ក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក្តី តម្លៃភាគហ៊ុនរបស់ Meta បានកើនឡើង ៤% គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា បន្ទាប់ពីលោក Mark Zuckerberg បានប្រកាសវិនិយោគបន្ថែមលើគម្រោង Metaverse ហើយលោករំពឹងថា វានឹងចំណាយពេល ១ទសវត្សរ៍ ដើម្បីទទួលបានផ្លែផ្កាមកវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Meta បានចាក់លុយចូលយ៉ាងច្រើនក្នុងគម្រោង Metaverse ដែលក្រុមហ៊ុននេះ សង្ឃឹមថា វានឹងអាចជួយស្រោចស្រង់ក្រុមហ៊ុនបច្ចេកវិទ្យានេះឡើងវិញ។ Metaverse នេះ គឺជាពិភពសិប្បនិម្មិតមួយ ដែលអាចឱ្យមនុស្សមើលឃើញ និយាយឆ្លើយឆ្លងគ្នាបានតាមរយៈ ឧបករណ៍វែនតា VR ដោយមិនចាំបាច់ត្រូវជួបគ្នាផ្ទាល់៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ៤ចំណុច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនៅឆ្នាំ២០២២ បានកំណត់នូវយុទ្ធសាស្ត្របន្ថែមចំនួន៤ចំណុច ដើម្បីរួមចំណែកជួយស្តារ និងអភិវឌ្ឍស…

បុរសខ្លាំងរុស្ស៊ី លោកពូទីន បដិសេធចូលរួមក្នុងកិច្ចប្រជុំកំពូលៗចំនួន២នៅតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ប្រទេសចំនួន៣ នៅអាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី និងថៃ កំពុង និងត្រៀម រៀបចំកិច្ចប្រជុំកំពូលៗចំនួន៣ រួមមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ