អាហ្រ្វិកខាងត្បូងប្រកាសអាសន្នពីកង្វះខាតចរន្តអគ្គិសនី

អាហ្រ្វិកខាងត្បូងប្រកាសអាសន្នពីកង្វះខាតចរន្តអគ្គិសនី ខណៈសេដ្ឋកិច្ចកំពុងខាតបង់រាប់លានដុល្លារក្នុងមួយថ្ងៃៗ


កាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រាម៉ាផូសា(Cyril Ramaphosa) បានប្រកាសអាសន្ននៅក្នុងប្រទេសរបស់ខ្លួន ពីបញ្ហាកង្វះខាតថាមពលអគ្គិសនី ដើម្បីបង្ហាញជាសញ្ញាជំរុញដល់កិច្ចខិតខំប្រឹងប្រែង ឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហានេះ។ កង្វះខាតថាមពលអគ្គិសនី បានបង្អាក់កំណើនសេដ្ឋកិច្ច ឧស្សាហកម្មនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ អស់ពេលជាយូរមកហើយ ខណៈដែលការខាតបង់សេដ្ឋកិច្ច ដោយសារបញ្ហាអគ្គិសនីនេះ ក៏មានរាប់សិបលានដុល្លារក្នុងមួយថ្ងៃៗផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
អាហ្រ្វិកខាងត្បូងប្រកាសជាផ្លូវការពីស្ថានភាពខ្វះខាតចរន្តអគ្គិសនីនៅប្រទេសរបស់ខ្លួន

លោក Ramaphosa បាននិយាយនៅក្នុងសុន្ទរកថាប្រចាំឆ្នាំមួយថា បច្ចុប្បន្ននេះ​ប្រទេសអាហ្រ្វិកខាងត្បូង កំពុងស្ថិតនៅក្នុងវិបត្តិកង្វះខាតថាមពលអគ្គិសនី​ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយស្ថានការណ៍នេះកំពុងវិវត្តកាន់តែអាក្រក់ទៅៗនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ លោកសម្រេចប្រកាសពីស្ថានភាពអាសន្ន​មួយនេះ ដោយចាត់ទុកថា ជាគ្រោះមហន្តរាយ ដោយសារលោកជឿថា គេនឹងអាចស្វែងរកបានមូលនិធិ និងធនធាន​បន្ថែម ដើម្បីពន្លឿនការដោះស្រាយវិបត្តិមួយនេះ។

គួរជម្រាបថា បញ្ហាទាំងអស់នេះ គឺបណ្ដាលមកពីបណ្តាញអគ្គិសនី​ដែលដំណើរការ​ដោយក្រុមហ៊ុនថាមពលរដ្ឋរបស់​អាហ្រ្វិកខាងត្បូង​ ឈ្មោះថា Eskom បានបរាជ័យក្នុងការផ្គត់ផ្គង់​តម្រូវការ​របស់ប្រជាពលរដ្ឋ ខណៈដែលក្រុមហ៊ុនជួបការលំបាកក្នុងការរក្សា​ថាមពលដើរដោយធ្យូងថ្ម។ ចំពោះដំណោះស្រាយដែលគេអាចធ្វើបាននៅពេលនេះ គឺគេបានដាក់​កាលវិភាគ​ក្នុងការផ្ដាច់ ផ្អាកផ្គត់ផ្គង់ភ្លើង ដើម្បីជួយឱ្យប្រព័ន្ធ​ថាមពលដែលផលិតដោយធ្យូងថ្ម​អាចដំណើរការផលិតបានទាន់ពេលវេលា ចំពោះមុខតម្រូវការដ៏ច្រើនលើសលប់បែបនេះ។

នៅក្នុងកិច្ចប្រជុំសភាមួយ ដែលត្រូវបានពន្យារពេលដោយសារមានការជំទាស់​ពីសមាជិក​សភាបក្សប្រឆាំង​ចំពោះវិធានប្រកាសអាសន្ននេះ លោក Ramaphosa បានថ្លែងថា កាលៈទេសៈដ៏លំបាកនេះគឺទាមទារឱ្យមានវិធានការពិសេសបែបនេះ​ទើបអាចដោះស្រាយទៅបាន។ ជាមួយគ្នានេះ លោកបាន​ប្រកាស​ថា ​លោក​នឹង​តែងតាំង​រដ្ឋមន្ត្រី​ពិសេសថ្មីមួយរូប មកទទួល​បន្ទុក​ផ្នែកអគ្គិសនីនេះតែម្តង។

គួរជម្រាបថា ខណៈ​ពេលនេះប្រជាជនអាហ្រ្វិកខាងត្បូង​កំពុងអស់សង្ឃឹមចំពោះស្ថានភាពនៅប្រទេសរបស់ខ្លួន ដែលកំពុងមានសេដ្ឋកិច្ចដើរអូសជើងផង ហើយបទឧក្រិដ្ឋក៏កើនឡើង អត្រាអ្នកគ្មានការងារធ្វើក៏មានខ្ពស់ ស្របពេលដែលកម្រិតអតិផរណាកាន់តែអាក្រក់ទៅៗ និងកង្វះទឹកប្រើប្រាស់ថែមទៀត។

ជាក់ស្ដែង​ ​ប្រជាជនអាហ្រ្វិកខាងត្បូងប្រមាណ ៦០លាន​នាក់ ​ត្រូវបង្ខំឲ្យស៊ូទ្រាំ​​នឹង​ការ​ដាច់​ភ្លើង​រហូត​ដល់​ទៅ១២ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយកង្វះខាត​ចរន្ត​អគ្គិសនី​នេះ កំពុង​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ ដែលគេធ្លាប់តែ​​រំពឹង​ថា ​នឹងអាច​មានកំណើនក្នុងរង្វង់ ០,៣% នៅ​ឆ្នាំ២០២៣​នេះ ខណៈឆ្នាំ២០២២ មានកំណើនប្រមាណ​ ២,៥%។

បើតាមរដ្ឋមន្ត្រីអាហ្រ្វិកខាងត្បូង​ម្នាក់បានប៉ាន់ប្រមាណកាលពីដើមសប្តាហ៍នេះថា ការដាច់ចរន្តអគ្គិសនីកំពុងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រាក់ប្រមាណ៥៧លានដុល្លារក្នុងមួយថ្ងៃ។ គេយល់ថា វិបត្តិ​នេះ​កំពុង​បំផ្លាញ​ឱកាស​របស់ លោក Ramaphosa ក្នុង​ការ​បន្ត​អាណត្តិ​ទីពីរ​របស់លោកជាអ្នកដឹកនាំប្រទេស៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិកច្រើនជាងមុនមិនធ្លាប់មាន ក្នុងព្យុហយាត្រារំឭកខួបកងទ័ព

ព័ត៌មាន
រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង នៅរាត្រីថ្ងៃពុធទី៨កុម្ភៈបាន បង្អួតមីស៊ីលបាលីស្ទិកដែលខ្លួនដែលខ្លួនមាន ក្នុងចំនួនច្រើនជាងសព្វមួយដងមិនធ្លាប់មាន ន…

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិនៅ១ខែដំបូងឆ្នាំ២០២៣ ធ្លាក់ចុះជិត២៩%

ព័ត៌មាន
នៅ១ខែដំបូងក្នុងឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣ពាន់៤រយលានដុល្លារ មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ