កំណើនសេដ្ឋកិច្ចវៀតណាមកើនឡើងនៅត្រីមាសទី១នេះ នៅចំពេលដែលធនាគារពិភពលោកថ្មីៗនេះ ទើបតែបានព្យាករពីសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២១នេះ ថានឹងកើនដល់ទៅ ៦,៦%ឯណោះ ដែលជាកំណើនខ្ពស់ជាងគេមួយនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បន្ទាប់ពីប្រទេសចិន និងម៉ុងហ្គោលី។
របាយការណ៍បានឲ្យដឹងទៀតថា វិស័យឧស្សាហកម្ម និងសំណង់នៅត្រីមាសទី១បានកើនឡើងជាង៦% ខណៈដែលវិស័យសេវាកម្មវិញបានកើនឡើងជាង៣%។ រីឯ វិស័យកសិកម្មវិញបានកើនឡើងជាង៣% អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅក្នុងខែមីនាតែមួយប៉ុណ្ណោះវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានអតិរេកពាណិជ្ជកម្ម៤០០លានដុល្លារ។
នៅត្រីមាសទី១ ការនាំចេញរបស់វៀតណាមសម្រេចបានកំណើន២២% មានតម្លៃជាទឹកប្រាក់ជាង៧៧ពាន់លានដុល្លារ ខណៈដែលការនាំចូលវិញបានកើនឡើងជាង២៦% មានតម្លៃជាទឹកប្រាក់ជាង៧៥ពាន់លានដុល្លារ ដែលបានធ្វើឲ្យវៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្មជាង២ពាន់លានដុល្លារ។
ក្រៅតែពីការនាំចេញនាំចូលកើនឡើងហើយនោះ បើមើលទៅលើការវិនិយោគផ្ទាល់ពីក្រៅប្រទេសដែលវៀតណាមស្រូបទាញបានវិញ នៅ៣ខែដើមឆ្នាំនេះ មានដល់ទៅជាង១០ពាន់លានដុល្លារអាមេរិក កើនឡើងដល់ទៅជាង១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រសួងផែនការ និងវិនិយោគវៀតណាម។
បើតាមការព្យាករថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោកបានឲ្យដឹងថា ប្រទេសវៀតណាមនៅឆ្នាំ២០២១នេះ នឹងមានកំណើនសេដ្ឋកិច្ចដល់ទៅ ៦,៦% ជាកំណើនមួយខ្ពស់ជាងគេលំដាប់ទី៣ បើធៀបនឹងទៅនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក៕