ក្រុមហ៊ុនថៃនៅភូមា

ក្រុមហ៊ុនថៃរកស៊ីនៅភូមាកំពុងស្វែកជំនួយពីរដ្ឋាភិបាលខ្លួន


ជុំវិញនឹងស្ថានការណ៍ដ៏អាក្រក់នៅប្រទេសភូមានេះដែរ ប្រទេសថៃឯណោះវិញ ក៏កំពុងមានផែនការនឹងជួយទៅដល់អាជីវកម្មរបស់ខ្លួនដែលកំពុងរកស៊ីនៅភូមា ស្របពេលដែលជម្លោះនយោបាយនៅក្នុងប្រទេសនេះ កំពុងអូសបន្លាយនិងកើនឡើងកម្ដៅកាន់តែខ្លាំងឡើងៗ រហូតដល់មានការបង្ហូរឈាមគ្នាផងដែរ។ បញ្ហាទាំងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ អះអាងថាកំពុងជះឥទ្ធិពលអាក្រក់ដល់ប្រតិបត្តិការអាជីវកម្មថៃនៅភូមា ទាំងសាច់ប្រាក់ ផលិតភាពការងារ និងការដឹកជញ្ជូនទំនិញជាដើម។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Bangkok Post។
តំបន់សេដ្ឋកិច្ចពិសេសភូមា ក្បែរព្រំដែនថៃ

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងពាណិជ្ជកម្ម​ថៃ លោក​ប៊ូ​ន​យ៉ា​រិ​ទ្ធ បាន​និយាយ​ថា លោក​នឹង​ស្នើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​ឲ្យ​ជួយ​ជំរុញ​ដាក់​ចេញ​នូវ​វិធានការ​សង្គ្រោះ​អាជីវកម្ម​ដែល​កំពុង​រកស៊ី​នៅ​ភូមា​ដែល​កំពុង​រង​ទុក្ខ​លំបាក​ទាំងនោះ រួម​ទាំង​ការ​កាត់​បន្ថយពន្ធ និង​ការ​ផ្ដល់​នូវ​គម្រោង​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​ជាដើម​។

បើ​តាម​លោក ប៊ូ​ន​យ៉ា​រិ​ទ្ធ អាជីវកម្ម​ថៃ នៅ​ភូមា​ភាគច្រើន​ជា​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម គឺ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។ ភាគច្រើន​នៃ​អាជីវកម្ម​ទាំងនោះ កំពុង​ប្រឈម​មុខ​នឹង​កង្វះខាត​កម្លាំង​ពលកម្ម ដោយសារ​តែ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​របប​យោធា និង​ក្រុម​បាតុករ​។ ជាមួយ​គ្នា​នេះ ការ​ដឹក​ជញ្ជូន​ទំនិញ​ក៏​ត្រូវ​បាន​រំខាន ហើយ​សហគ្រាស​ខ្លះ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សាច់ប្រាក់​ផង​ដែរ​។

មន្ត្រីជាន់ខ្ពស់​ថៃ​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ប្រ​សិន​ជម្លោះ​នយោបាយ​កាន់តែ​កើនឡើង និង​មាន​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​នោះ នៅ​ពេល​ខាង​មុខ​នឹង​មានការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​កាន់តែ​ច្រើន​ថែម​ទៀត​ទៅ​លើ​ប្រទេស​ភូមា ហើយ​អាជីវកម្ម​ថៃ​នៅ​ទីនោះ នឹង​ប្រឈម​មុខ​នឹង​បញ្ហា​កាន់តែ​ច្រើន​ដែរ​។

ហេតុ​អ្វី ក៏​អាជីវកម្ម​ថៃ​នៅ​ភូមា​ត្រូវ​រង​ទុក្ខ​ខ្លាំង?

ដូច​យើង​ដឹង​ស្រាប់​ហើយ ប្រទេស​ថៃ គឺជា​ប្រទេស​មួយ ដែល​មានការ​វិនិយោគ​រកស៊ី​ច្រើន​នៅ​ភូមា បើសិនជា​ភូមា​ជួប​ទណ្ឌកម្មសេដ្ឋកិច្ច​កាន់តែ​ច្រើន នោះ​រោងចក្រ​ផលិត​របស់​ថៃ​នៅ​ភូមា​នឹង​មិន​អាច នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ដែល​បាន​ដាក់​ទណ្ឌកម្ម​មក​លើ​ភូមា​នោះ​បាន​ទេ ពិសេស​រោងចក្រ​ថាមពល​តែ​ម្ដង​។

មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ថៃ ឲ្យ​មានការ​ពិចារណា​កាត់​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​ពួក​គេ​។ មួយវិញទៀត ពួក​គេ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ជូន​នូវ​ប្រាក់​កម្ចី​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​ការ​វិនិយោគ​នៅ​ភូមា​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ មក​ទល់​ពេល​នេះ ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា នៅ​តែ​មានការ​ដឹក​ជញ្ជូន​តាម​ព្រំដែន​ដូច​ធម្មតា ដោយ​មាន​ឡាន​ដឹក​ជញ្ជូន​ទំនិញ​ប្រមាណ​៧០០​ទៅ​៨០០​គ្រឿងក្នុង​មួយ​ថ្ងៃ​។

ជុំវិញ​នឹង​ស្ថានភាព​នៅ​ភូមា​នេះ​ដែរ សម្រាប់​កម្ពុជា​វិញ បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស ឯកឧត្តម កុយ គួ​ង បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន​យើង​មាន​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ការងារ និង​រកស៊ី​នៅ​ក្នុង​ប្រទេស​ភូមា​នេះ​ប្រមាណ ជាង​១​ពាន់​នាក់ ហើយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​នោះ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​អះអាង​ទៀត​ថា មក​ទល់​ពេល​នេះ  មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​រង​ផល​ប៉ះពាល់​ពី​ការ​បាតុកម្ម​នៅ​ភូមា​នេះនោះ​ទេ ព្រោះ​ភាគច្រើន​អ្នក​ដែល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ទីនោះ គឺ​ធ្វើការ​នៅ​រោងចក្រ សហគ្រាស និង​ឧស្សាហកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​ភូមា និង​ថៃ​តែ​ប៉ុណ្ណោះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះមានការបង្ក្រាបក៏ពលរដ្ឋមីយ៉ាន់ម៉ាបន្ដបាតុកម្មតវ៉ានឹងយោធាដោយមិនញញើត

ព័ត៌មាន
បញ្ហានៅភូមាកំពុងវិវត្តទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗហើយ ខណៈក្រុមបាតុករនៅតែបន្ដជំហរប្រឆាំងឥតចុះញញមដដែល។ ជាក់ស្ដែង បើទោះបីជាមានការការបង្ក្…

GDP វៀតណាមសម្រេចបានកំណើនជិត៤,៥%នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថាគឺជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅក្នុងតំបន់ ស្របពេលដែលជាច្រើនផ្សេងៗទៀត មានសេដ្ឋកិច្ចដាំក្បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ