អគ្គនាយកក្រុមហ៊ុនប្រេង និង ឧស្ម័ន ផេត្រូវៀតណាម (PetroVietnam) លោក លី មាញហ៊ុង បាននិយាយថា ជារួមនៅក្នុងរយៈពេល ៥ខែដំបូងឆ្នាំ២០២១នេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលវិជ្ជមានស្ទើរតែពីគ្រប់អណ្ដូងប្រេងទាំងអស់ ទៅតាមផែនការ និង គោលដៅដែលបានគ្រោងទុក។ តួយ៉ាង ទិន្នផលប្រេងនៅក្នុងខែឧសភា ដែលក្រុមហ៊ុន ផេត្រូ វៀតណាម Petro Vietnam បូមបានោះ គឺវាបានសម្រេចលើសផែនការដល់ទៅ ១៨% ហើយវាក៏បានធ្វើឲ្យមានកំណើនល្អក្នុងសន្ទស្សន៍ហិរញ្ញវត្ថុ សម្រាប់រយៈពេល៥ខែរបស់ក្រុមហ៊ុនផងដែរ។
ជាក់ស្ដែង នៅ៥ខែដំបូងនៅឆ្នាំ២០២១ ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់វៀតណាមមួយនេះ ប្រមូលបានប្រាក់ចំណូលសរុបជិត១០ពាន់លានដុល្លារ មានលើសផែនការដល់ទៅ១៤% និងមានកំណើន ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ក្រុមហ៊ុន Petro Vietnam ក៏បានចូលរួមចំណែកផ្ដល់ចំណូលដល់ថវិការដ្ឋវៀតណាមប្រមាណជាង១ពាន់៤រយលានដុល្លារ កើនលើសផែនការ២៣% និងមានកំណើនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ២០%។
ថ្មីៗនេះទៀតសោត ក្រុមហ៊ុន PetroVietnam និងក្រុមហ៊ុនជាសមាជិករបស់ខ្លួនផ្សេងទៀត ក៏បានចូលរួមចំណែកបរិច្ចាគថវិកាជាង២០លានដុល្លារអាមេរិក ទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ថា តម្លៃប្រេងឆៅនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ កំពុងបង្ហាញពីការស្ទុះងើបឡើងគួរឲ្យកត់សម្គាល់ដោយមានតម្លៃដល់ទៅប្រមាណជាង ៧០ដុល្លារអាមេរិកហើយក្នុងមួយធុងបារ៉ែល។ ការស្ទុះងើបឡើងនៃតម្លៃប្រេងឆៅពិភពលោកនេះ គឺដោយសារតែទីផ្សារមានសុទិដ្ឋនិយមខ្ពស់ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលជំរុញឲ្យមានការប្រើប្រាស់ប្រេងកើនឡើងខ្លាំង។ ពិសេស គឺនៅអំឡុងពេលឈប់សម្រាករដូវក្ដៅនេះ តម្រូវការប្រើប្រាស់ប្រេងនៅអាមេរិក និងអឺរ៉ុប ត្រូវបានគេជឿជាក់ថា នឹងស្ទុះកើនឡើងកាន់តែខ្លាំងឡើងថែមទៀត៕