រដ្ឋសភាវៀតណាម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានអនុម័តលើសំណើរបស់រដ្ឋាភិបាលវៀតណាម ក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនប្រវែង១,៥៤១គីឡូម៉ែត្រ ដែលនឹងឆ្លងកាត់ទីក្រុង និងខេត្តចំនួន២០ ជាមួយនឹងល្បឿនរហូតដល់ទៅប្រមាណ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋាភិបាលវៀតណាមរំពឹងថា គម្រោងនេះនឹងបញ្ចប់សាងសង់ជាស្ថាពរនៅឆ្នាំ២០៣៥។
ប្រទេសវៀតណាម បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពីរង្វង់៦,៥% ទៅ៧% សម្រាប់ឆ្នាំ២០២៥ ខណៈដែលវៀតណាម បន្តលេចធ្លោក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ រដ្ឋាភិបាលវៀតណាម ក៏បាននិយាយផងដែរថា ខ្លួននឹងប្រឹងជំរុញកំណើនឱ្យសម្រេចបានក្នុងរង្វង់៧% សម្រាប់ឆ្នាំ២០២៤ នេះ ហើយបានប្តេជ្ញាពន្លឿនការបញ្ចេញមូលនិធិសាធារណៈដើម្បីជំរុញការអភិវឌ្ឍ។
កាសែតក្នុងស្រុកឈ្មោះ ទៀន ហ្វុង (Tien Phong) បានរាយការណ៍កាលពីខែកញ្ញា ថា គម្រោងផ្លូវដែកល្បឿនលឿននេះនឹងជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម បានក្នុងរង្វង់ប្រមាណ០,៩៧% និងរកប្រាក់ចំណូលបានប្រមាណ២២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Voice of Vietnam (VOV) បានឱ្យដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម ខាងលើនេះ ត្រូវបានលើកយកមកបង្ហាញជាលើកដំបូងទៅកាន់រដ្ឋសភា ក្នុងឆ្នាំ២០១០ ប៉ុន្តែមិនត្រូវបានអនុម័តរហូតមកទល់បច្ចុប្បន្ន ដោយសារតែសេដ្ឋកិច្ចរបស់វៀតណាមនៅពេលនោះមានទំហំតូច ហើយបំណុលសាធារណៈមានកម្រិតខ្ពស់នៅឡើយ៕
ដោយ: តែម សុខុម