ក្រុមហ៊ុន Hoa Phat Group ដែលជាក្រុមហ៊ុនអ្នកផលិតដែកធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ បានផ្អាកដំណើរការឡស្លរដែកចំនួន៤ទីតាំងក្នុងប្រទេសវៀតណាម ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំ២០២២។ ក្រៅពីនោះ មានក្រុមហ៊ុនផ្សេងទៀត ដែលផលិតដែក ដោយប្រើឡអគ្គិសនីក៏បានបង្ខំចិត្ត ផ្អាកដំណើរការផលិតជាច្រើនផងដែរ។
គណៈគ្រប់គ្រងក្រុមហ៊ុនផលិតដែកឈានមុខគេមួយនៅវៀតណាមបង្ហាញក្តីព្រួយបារម្ភពីវិស័យដែកនៅវៀតណាមក្នុងឆ្នាំ២០២៣នេះថានឹង មានស្ថានភាពអាក្រក់បំផុត ពិបាកនឹងមើលឃើញភាពរីកចម្រើនឡើងវិញណាស់។ លោកបានអះអាងថា ពេលនេះវិស័យដែកបានធ្លាក់ដល់បាតហើយ ហើយស្ថិតក្នុងស្ថានភាពអាក្រក់ណាស់ ដែលមើលទៅឧស្សាហកម្មដែកវៀតណាម ទំនងជាមិនអាចមើលពីភាពរីកចម្រើនឡើយ យ៉ាងហោចណាស់ក៏ដល់ពាក់កណ្តាលឆ្នាំ២០២៣ដែរ។
គួរជម្រាបថា អត្រាប្រតិបត្តិការនៅក្រុមហ៊ុនផលិតដែកដែលប្រើឡអគ្គិសនី ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមបានចាប់ផ្តើមធ្លាក់ចុះពីខែកញ្ញាឆ្នាំ២០២២មក។ រោងចក្រជាច្រើនត្រូវបានគេជឿថាកំពុងដំណើរការផលិតក្នុងអត្រាតិចជាង៥០% នៃសមត្ថភាពផលិតទូទៅ ហើយមួយចំនួនបានចាប់ផ្តើមបញ្ឈប់និងកាត់បន្ថយបុគ្គលិកថែមទៀត។ លើសពីនេះបើគេមើលលើតួលេខនៃការលក់ដែករបស់ក្រុមហ៊ុនធំៗចំនួន៣នៅវៀតណាម មានដូចជាក្រុមហ៊ុនហោ ផាត់ ក្រុមហ៊ុនហោ សិន និងក្រុងហ៊ុន ណាម គីម សុទ្ធតែបានបង្ហាញពីការលក់ធ្លាក់ចុះប្មរាណ ២៥% ក្នុងខែកក្កដាដល់ខែកញ្ញាឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ពីតម្លៃដែកធ្លាក់ចុះផងដែរនៅមួយរយៈចុងក្រោយ។
មានកត្តាអ្វីខ្លះជំរុញឱ្យទីផ្សារដែកក្នុងប្រទេសវៀតណាមជួបស្ថានការបែបនេះ?
កត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលធ្វើឱ្យទីផ្សារដែកវៀតណាមត្រូវប៉ះពាល់ គឺដោយសារសង្គ្រាមនៅអ៊ុយក្រែន ដែលជំរុញឱ្យតម្រូវការបញ្ជាទិញពីក្រៅប្រទេសមានតិច។ កត្តាសំខាន់មួយទៀត គឺក្នុងពេលដែលបក្សកុម្មុយនិស្តក្រោមការដឹកនាំរបស់លោក ង្វៀន ហ្វូជុង បាននិងកំពុងដឹកនាំយុទ្ធសាស្ត្របង្ក្រាបលើអំពើពុករលួយយ៉ាងសកម្ម។ នៅមួយរយៈចុងក្រោយបក្សកុម្មុយនិស្តវៀតណាម ផ្តោតខ្លាំងលើកិច្ចព្រមព្រៀងខុសច្បាប់នៅក្នុងទីផ្សារហិរញ្ញវត្ថុ និងមូលធនដែលជាប់ទាក់ទិនទៅនឹងឧស្សាហកម្មអចលនទ្រព្យ។
ជាក់ស្តែងនៅដើមឆ្នាំ ២០២២ លោក ទ្រិញ វ៉ាន់ខ្វៀត(Trinh Van Quyet) ប្រធានក្រុមហ៊ុនអចលនទ្រព្យ និងលំហែកាយ FLC Group ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានក្លែងបន្លំទីផ្សារភាគហ៊ុន។ បន្តបន្ទាប់ លោក ដូ អាន់ដុង(Do Anh Dung) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tan Hoang Minh Group ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្លែងបន្លំទ្រព្យសម្បត្តិដែលទាក់ទងនឹងទឹកប្រាក់ចំនួន១០ទ្រីលានដុងនៅក្នុងមូលបត្របំណុលនៅក្រុមហ៊ុនចំនួនបី នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោក។ គួរកត់សម្គាល់ថា នៅមានករណីឃាត់ខ្លួនថៅកែអចលនទ្រព្យវៀតណាមធំៗច្រើនទៀត បានកើតឡើងជាហូរហែក្នុងឆ្នាំ២០២២កន្លងទៅ ដែលសុទ្ធសឹងពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។ វិធានការបង្ក្រាបអំពើពុករលួយទាំងនេះហើយ ដែលជំរុញឱ្យសកម្មភាពសំណង់ និងទីផ្សារអចលនទ្រព្យនៅវៀតណាមស្រុតចុះ។
ក្រៅពីនេះ ទីផ្សារអចលនទ្រព្យដែលកំពុងទន់ខ្សោយក្នុងប្រទេសចិនក៏ជាដើមចមមួយប៉ះពាល់ដល់វិស័យដែកក្នុងប្រទេសវៀតណាមផងដែរ ដោយហេតុថាចិនជាប្រទេសមានតម្រូវការដែកច្រើន ដល់ទៅ៦០%ឯណោះនៃ ផលិតកម្មសកល។ អំឡុងពេលដែល អចលនទ្រព្យចិនជួបបញ្ហា ដែកក្នុងស្រុករបស់ចិនក៏មិនមានទីផ្សារដែរ ហេតុនេះវាមិនចម្លែកឡើយដែលទីផ្សារក្រៅប្រទេសត្រូវជួបនឹងការស្រុតចុះការបញ្ជាទិញដែរនោះ។
សូមជម្រាបថា វៀតណាមជាប្រទេសផលិតដែកធំជាងគេបង្អស់ធៀបនឹងប្រទេស៩ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែនៅចុងឆ្នាំ២០២២កន្លងទៅ តម្លៃដែកវៀតណាមបានធ្លាក់ចុះខ្លាំង ក្នុងនោះដែករមូរ ដែលប្រើក្នុងឧស្សាហកម្មយាន្តយន្ត និងគ្រឿងអគ្គិសនី មានតម្លៃប្រហែល៦០០ ដុល្លារក្នុងមួយតោន ធ្លាក់ចុះពីប្រហែល៩៥០ដុល្លារកាលពីដើមឆ្នាំ២០២២៕