
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានអំពាវនាវឱ្យមានរុះរើភាពផ្តាច់មុខរបស់រដ្ឋលើការគ្រប់គ្រងមាស និងបង្កើតក្របខណ្ឌច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធ្វើសមាហរណកម្មទីផ្សារមាសក្នុងស្រុកឱ្យកាន់តែប្រសើរឡើងជាមួយនឹងប្រព័ន្ធទីផ្សារពិភពលោក។ នៅក្នុងកិច្ចប្រជុំការងារកាលពីថ្ងៃពុធ ជាមួយគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់គោលនយោបាយ និងយុទ្ធសាស្ត្រស្តីពីយន្តការ និងគោលនយោបាយសម្រាប់ការគ្រប់គ្រងទីផ្សារមាសឱ្យកាន់តែមានប្រសិទ្ធភាពលោក តូ ឡឹម បានទទួលស្គាល់ការកែលម្អជាវិជ្ជមានថ្មីៗនៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធ ប៉ុន្តែលោកបានលើកឡើងពីចំណុចខ្វះខាតជាបន្តបន្ទាប់មួយចំនួន រួមទាំងយន្តការបទប្បញ្ញត្តិហួសសម័យ កំណែទម្រង់យឺត ការរត់ពន្ធមាស លំហូរចេញរូបិយប័ណ្ណបរទេស និងការអនុវត្តផ្តាច់មុខនៅក្នុងទីផ្សារ។
ជាមួយគ្នានេះ មេដឹកនាំរូបនេះ ក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋបាលគ្រប់គ្រង ពោលគឺត្រូវផ្លាស់ប្តូរពីអ្វីគោលការណ៍រឹតបន្តឹងដើម្បីគ្រប់គ្រង ទៅជាការបើកចំហរដើម្បីគ្រប់គ្រង។ សម្រាប់លោក តូ ឡឹម វាពិតជាមានភាពចាំបាច់ណាស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពសិទ្ធិកាន់កាប់អចលនទ្រព្យ កម្មសិទ្ធិទ្រព្យសម្បត្តិ និងសេរីភាពក្នុងការធ្វើអាជីវកម្មសម្រាប់ទាំងបុគ្គល និងសហគ្រាស។ លោកបានបន្តថា តម្លាភាពទីផ្សារត្រូវតែត្រូវបានធានា ហើយការអនុវត្តនៃការស្តុកទុកមាសដោយប្រជាជនគួរតែត្រូវបានទទួលស្គាល់ថា ជាទម្រង់នៃការសន្សំ និងការវិនិយោគស្របច្បាប់៕
ដោយៈ សរ សុជាតិ