ក្រុមហ៊ុន VinFast

ក្រុមហ៊ុន VinFast នឹងបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីទ្វេដង ទោះតម្រូវការក្នុងស្រុកដាំក្បាលចុះ


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast គ្រោងបង្កើនការផលិតរថយន្តទូទាំងពិភពលោកឱ្យកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នេះ ទោះបីជាក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងបរិយាកាសទីផ្សារមិនច្បាស់លាស់ ដោយសារតែការធ្លាក់ចុះតម្រូវការជាសកល និងការប្រកួតប្រជែងតម្លៃខ្លាំងក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុន VinFast
ដោយ

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast កំពុងសាងសង់រោងចក្រទីពីរនៅសួនឧស្សាហកម្មដែលមានទីតាំងនៅភាគកណ្តាលខេត្តហាទិញ (Ha Tinh) នៅភាគកណ្ដាលប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ នេះ។

លោក ង្វៀន វៀត ឆួង (Nguyen Viet Quang) អនុប្រធានក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន VinFast បាននិយាយក្នុងពេលបើកការដ្ឋានសាងសង់រោងចក្រ កាលពីខែធ្នូ ថា នៅក្នុងដំណាក់កាលដំបូង រោងចក្រថ្មីនេះ នឹងមានសមត្ថភាពផលិតរថយន្តអគ្គិសនីបានចំនួន៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

ក្រុមហ៊ុន VinFast ក៏កំពុងចាប់ផ្ដើមសង់រោងចក្រថ្មីមួយនៅប្រទេសឥណ្ឌូនេស៊ី និងមួយនៅឥណ្ឌាផងដែរ​។ បើបូករួមទាំងរោងចក្រថ្មីនៅខេត្តហាទិញដែរនោះ រោងចក្រទាំងបីនេះនឹងមានសមត្ថភាពអាចបង្កើនការផលិតរថយន្តប្រចាំឆ្នាំសរុបរហូតដល់ទៅ៧០ម៉ឺនគ្រឿង ខណៈក្រុមហ៊ុននេះ ក៏គ្រោងនឹងបើកដំណើរការរោងចក្ររបស់ខ្លួនមួយនៅសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ២០២៨ ដែលមានសមត្ថភាពផលិតបាន១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំផងដែរ។ បើផ្អែកលើផែនការរបស់ក្រុមហ៊ុន VinFast ក្រុមហ៊ុននេះនឹងសម្រេចបានសមត្ថភាពផលិតរថយន្តអគ្គិសនីជាសកលប្រហែល១លានគ្រឿងនៅទូទាំងរោងចក្រចំនួន៥របស់ខ្លួន។

ស្ថាបនិកក្រុមហ៊ុន Vingroup និងជានាយកប្រតិបត្តិក្រុមហ៊ុន VinFast លោក ផាម ញ៉ាត វួង (Pham Nhat Vuong) បានលើកឡើងថា ការបង្កើតរថយន្តអគ្គិសនីក្នុងស្រុក គឺជាគម្រោងដ៏សំខាន់មួយសម្រាប់ប្រទេសវៀតណាម។

ទោះជាក្រុមហ៊ុន VinFast កំពុងបង្កើនសមត្ថភាពផលិតរបស់ខ្លួនក៏ដោយ ក៏តម្រូវការរថយន្តអគ្គិសនីកំពុងធ្លាក់ចុះជាសកលផងដែរ។ ក្រុមហ៊ុន VinFast លក់រថយន្តសរុបបានចំនួន៦៧,០០០គ្រឿង នៅប្រទេសវៀតណាម ក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០២៤ ហើយវាអាចនឹងលក់បានតាមគោលដៅចំនួន៨ម៉ឺនគ្រឿងសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤ ដែលនឹងកើនឡើងទ្វេដងនៃបរិមាណកាលពីឆ្នាំ២០២៣ ដោយធ្វើឱ្យក្រុមហ៊ុននេះទទួលបានចំណែកទីផ្សារក្នុងស្រុកនាំមុខក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Hyundai Motor៕​

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន កំពុងផ្ទុះជំងឺផ្លូវដង្ហើមមួយប្រភេទទៀត ខណៈពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់

នៅពេលនេះប្រទេសចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងមេរោគ hMPV ជាវីរុសផ្លូវដង្ហ…

សិង្ហបុរី និងម៉ាឡេស៊ីនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្សរួមគ្នា ដែលមានទំហំធំជាងសិង្ហបុរី៤ដង

សិង្ហបុរី និងម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ខ្នាតយក្សមួយ ដែលមានទំហំធំជាងប្រទេសសិង្ហបុរី រហូតដល់ទៅ៤ដង តភ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ