ប្រសិនបើការបោះផ្សាយលក់បណ្ណបំណុលអន្តរជាតិរបស់ក្រុមហ៊ុន Vingroup ពិតជាត្រូវបានធ្វើឡើងនៅក្នុងខែឧសភានេះមែន នោះវាគឺជាការបោះផ្សាយលក់បណ្ណបំណុលលើកដំបូង នៃផែនការរបស់ក្រុមហ៊ុននេះ ដែលគ្រោងបោះផ្សាយលក់បណ្ណបំណុលឲ្យបានពីរលើកនៅក្នុងឆ្នាំ២០២២។ ទោះយ៉ាងណា ពាក់ព័ន្ធនឹងព័ត៌មានលម្អិតជុំវិញការបោះផ្សាយបណ្ណបំណុលនេះ មិនត្រូវបានខាងក្រុមហ៊ុនលាតត្រដាងនៅឡើយទេ។
គេនៅចាំបានថា កាលពីឆ្នាំមុន ក្រុមហ៊ុនវៀតណាម Vingroup ដែលជាក្រុមហ៊ុនវិនិយោគរកស៊ីពហុវិស័យនៅវៀតណាម និងមានការវិនិយោគរកស៊ីនៅក្រៅប្រទេសផងដែរនោះ ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងបោះផ្សាយលក់បណ្ណបំណុល ដែលមានកាលកំណត់រយៈពេល៥ឆ្នាំ ហើយយកមូលនិធិទាំងនេះ ដើម្បីចាក់បញ្ចូលក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដំបូងគេបង្អស់របស់វៀតណាម ហើយក្រុមហ៊ុននេះ ក៏កំពុងមានផែនការបង្កើតរោងចក្រផលិតរថយន្ដអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។
នៅក្នុងខែមេសាកន្លងទៅនេះ ក្រុមហ៊ុនវៀតណាម Vingroup បានចុះបញ្ជីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយទៀតរបស់ខ្លួននៅប្រទេសសិង្ហបុរីឈ្មោះ VinFast Trading & Investment Pte Ltd ដើម្បីត្រៀមរៀបចំបំពេញឯកសារ សម្រាប់ការចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន VinFast បានប្រកាសពីផែនការរបស់ខ្លួន ដើម្បីសាងសង់រោងចក្រផលិតរថយន្ដតម្លៃ ៤០ពាន់លានដុល្លារអាមេរិក នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងជើងនៃសហរដ្ឋអាមេរិក។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vingroup គឺលោក ផាម ញាត់ហ្វ័ង (Pahm Nhat Vuong) បាននិយាយថា ការបោះផ្សាយលក់មូលបត្រជាសាធារណៈ របស់ក្រុមហ៊ុន VinFast នឹងជួយឲ្យក្រុមហ៊ុននេះមានកេរ្ដិ៍ឈ្មោះល្បីល្បាញលំដាប់ពិភពលោក ប៉ុន្ដែ វាអាចនឹងត្រូវរង់ចាំសិន ប្រសិនបើលក្ខខណ្ឌមិនអំណោយផលល្អសម្រាប់ការបោះផ្សាយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន VinFast បានក្លាយជាក្រុមហ៊ុនវៀតណាមដំបូងគេ ដែលមានរោងចក្រផលិតរថយន្ដនៅក្នុងឆ្នាំ២០១៩ ហើយបានបង្ហាញពីមហិច្ឆតារបស់ខ្លួនថា នឹងផលិតរថយន្ដអគ្គិសនីទាំងស្រុងតែម្ដងនៅក្នុងឆ្នាំនេះ ខណៈកន្លងមកក្រុមហ៊ុនមានការផលិតរថយន្ដប្រើអគ្គិសនីផង និងរថយន្ដប្រើប្រេងឥន្ធនៈផងដែរ៕