ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup មានជាង ៥ពាន់ ៥រយលានដុល្លារកាលពីឆ្នាំ២០២១ កើនឡើង ១៣ ភាគរយលើសពីឆ្នាំ ២០២០ ។
ក្រុមហ៊ុន Vingroup បានឱ្យដឹងថា អាជីវកម្មមួយចំនួនរបស់ខ្លួន រួមទាំងអចលនទ្រព្យសម្រាប់ជួល រមណីយដ្ឋាន និងការកម្សាន្ត ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការរក្សាគម្លាតសង្គមដែលអូសបន្លាយយ៉ាងយូរនៅក្នុងតំបន់ជាច្រើន។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានឧបត្ថម្ភប្រាក់ដល់រដ្ឋាភិបាលសម្រាប់វិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងសកម្មភាពផ្សេងទៀតចំនួនជាង ២៦៩លានដុល្លារផងដែរ។
ទន្ទឹមនេះក្រុមហ៊ុន Vincom Retail ដែលជាផ្នែកអចលនទ្រព្យលក់រាយរបស់ក្រុមហ៊ុន Vingroup បានចំណាយរហូតដល់ជាង ៩៣ លានដុល្លារ ជួយដល់អ្នកជួលអចលនទ្រព្យរបស់ក្រុមហ៊ុនក្នុងអំឡុងពេលកូវីដ១៩រាតត្បាត ដែលវាក៏បានប៉ះពាល់ដល់ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផងដែរ។យ៉ាងណាមិញ នៅចុងឆ្នាំ ២០២១ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុននេះមានតម្លៃជិត ១៩ពាន់លានដុល្លារ កើនឡើង ១ ភាគរយធៀបនឹងដើមឆ្នាំ២០២១។
គួរជម្រាបថា ក្រុមហ៊ុន Vingroup បានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្ត ដែលប្រើសាំងចាប់ពីចុងឆ្នាំ ២០២២ ដើម្បីផ្តោតលើធនធានរថយន្តអគ្គិសនី។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានកែសម្រួលទិសដៅរបស់ខ្លួន ដោយកំណត់ឡើងវិញនូវក្រុមផ្តោតសំខាន់បីនៃសកម្មភាពគឺ បច្ចេកវិទ្យា និងឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំងសប្បុរសធម៌សង្គម៕
អត្ថបទ ស៊ើង និមល់