អត្ថបទក្រុមហ៊ុន

តោះ! ទៅលេង ពិធីបុណ្យរដូវរំហើយ នៅខេត្តកំពង់ឆ្នាំងទាំងអស់គ្នា


សិល្បៈ និងប្រពៃណីខ្មែរបុរាណកំពុងវិលត្រឡប់មកវិញបែបទំនើប ជាមួយ ពិធីបុណ្យរដូវរំហើយ ជាពិធីគគ្រឹកគគ្រេងចំនួន២ថ្ងៃ ដែលធ្វើឡើងដើម្បីអបអរសាទរវប្បធម៌ និងមរតកខ្មែរ នៅកណ្តាលខេត្តកំពង់ឆ្នាំង។
ព្រឹត្តិការណ៍នេះហៅថា «ពិធីបុណ្យរដូវរំហើយ»

ព្រឹត្តិការណ៍ដ៏សម្បូរបែប នឹងរំលេចនូវកម្មវិធីកម្សាន្តជាច្រើន រួមមានការប្រកួតបោកបែនស្រូវ ការប្រកួតបង្ហោះខ្លែងឯកខ្មែរ, របាំប្រជាប្រិយ, ការសម្ដែងចាប៉ីដងវែង, ការសម្ដែងក្បាច់គុនល្បុក្កតោ, ការប្រគុំតន្ត្រី, និងកម្មវិធីបាញ់កាំជ្រួច បង្ហោះគោមដ៏អស្ចារ្យ ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើនទៀត ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីជាការចូលរួមចំណែកជួយលើកស្ទួយដល់វិស័យវប្បធម៌ខ្មែរ។

ព្រឹត្តិការណ៍នេះហៅថា «ពិធីបុណ្យរដូវរំហើយ» សំដៅជំរុញប្រពៃណីខ្មែរដែលមានជាយូរលង់មកហើយ ដល់កូនខ្មែរ និងមហាជនបានស្គាល់ ដោយមានការអបអរដ៏ធំ និងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ និង១៨ ក្នុងខែធ្នូខាងមុខនេះ។

«ពិធីបុណ្យរដូវរំហើយ» គឺជាព្រឹត្តិការណ៍មហាជនប្រចាំរដូវរំហើយក្នុងប្រទេសកម្ពុជា ស្របនឹងពេលវេលាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាន និងកំពុងប្រមូលផលស្រូវ ដាល់អំបុក បង្ហើរខ្លែង និងសកម្មភាពអបអរសប្បាយ ទទួលអំណរក្នុងរដូវថ្មី នៅតាមភូមិស្រុកនានា។

ពិធីអបអរនេះត្រូវបានរៀបចំ និងឧបត្ថម្ភដោយ « មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន » ហើយនេះក៏ជាឆ្នាំទី២ដែរ ដែលមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានរៀបចំ និងឧបត្ថម្ភកម្មវិធីដាល់អំបុក ដោយឡែកនៅឆ្នាំនេះ យើងបានរៀបចំជាព្រឹត្តិការណ៍បុណ្យរដូវរំហើយ ដោយរួមបញ្ចូលទាំងពិធីដាល់អំបុក និងពិធីបង្ហើរខ្លែងឯកខ្មែរ និងខ្លែងគ្រប់ប្រភេទ ការសម្ដែងរបាំបុរាណប្រចាំតំបន់ របាំប្រជាប្រិយ ចាប៉ីដងវែង ល្ខោន ល្បែងប្រជាប្រិយ និងទម្រង់សិល្បៈចម្រុះផ្សេងទៀត។ ការរៀបចំទទួលបាន ការសហការពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងគាំទ្របច្ចេកទេសដោយ ភ្លើងគប់។

គោលបំណង នៃការរៀបចំពិធីបុណ្យនេះ គឺចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ ពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា និងអភិរក្ស នូវប្រពៃណី ទំនៀមទម្លាប់ពីបុរាណជាយូរលង់ណាស់មកហើយ។

តាមរយៈ បុណ្យរដូវរំហើយ នឹងបង្ហាញនូវភាពទាក់ទាញថ្មីៗដែលកំពុងកើតមានក្នុងទឹកដី នៃស្រុកកំពង់លែងជារួម និងនិយាយដោយឡែក ការការពារ និងអភិរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» ស្ថិតក្នុងឃុំពោធិ៍ និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយកំពុងសហការជាមួយក្រសួងបរិស្ថាន; ការការពារ និងបង្កើនវត្តមានសត្វព្រៃក្នុងតំបន់ និងការការពារព្រៃឈើ ជីវៈចម្រុះ; គម្រោងរៀបចំវត្តអារាមគំរូលើផ្ទៃដីជាង ១០ហិកតា; មណ្ឌលវិបស្សនា; មណ្ឌលពុទ្ធិកសិក្សា; សួនសេចក្តីស្រលាញ់; កន្លែងកំសាន្តលំហែ កន្លែងជិះកង់; កន្លែងបោះតង់ និងកន្លែងទាក់ទាញអេកូទេសចរណ៍ទេសចរណ៍បុរាណដ្ឋាន និងទេសចរណ៍សហគមន៍ ជាដើម -ល-។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យរដូវរំហើយ ប្រព្រឹត្តធ្វើឡើងរយៈពេល០៣ថ្ងៃ ដោយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទឹកដីនៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងថ្ងៃទី១៧ និងទី១៨ ខែធ្នូ ក្នុងទឹកដីនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កម្មវិធីថ្ងៃនេះ (០២ ធ្នូ) គឺជាវគ្គទី១ នៃការប្រកួតដាល់អំបុក ហៅថាវគ្គប្រកួតច្រូតស្រូវ។ ការប្រកួតច្រូត រួមមានការច្រូត ការបោកបែន ការអុំ និងការស្ទៃ ដើម្បីសំរិតសំរាំងយកគ្រាប់ស្រូវ សំរាប់យកទៅវគ្គទី២ គឺការប្រកួតដាល់អំបុក។

កម្មវិធីសំខាន់ៗនៃពិធីបុណ្យរដូវរំហើយ រួមមាន ការប្រកួតដាល់អំបុក និងការប្រកួតបង្ហើរខ្លែងឯក ដែលមានការចូលរួមពីក្រុមតំណាងស្រុកនីមួយៗរបស់ខេត្តកំពង់ឆ្នាំង ក្នុងនោះការប្រកួតដាល់អំបុក មានក្រុមចូលរួមប្រកួតចំនួន ៨ក្រុម ក្នុងមួយក្រុមមានសមាជិក ៨នាក់ មកពីស្រុកចំនួន ៦ ស្មើនឹង ៦៤នាក់ រីឯការប្រកួតបង្ហើរខ្លែងឯក មានក្រុមចួលរួមចំនួន ១១ក្រុម ក្នុងមួយក្រុមសមាជិក ៤នាក់ ស្មើនឹង៤៤នាក់ ។
ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល, ជ័យលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ ៣លានរៀល, ជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ ២លានរៀល, នឹងមានប្រាក់រង្វាន់លួងចិត្តសម្រាប់ក្រុមមិនបានទទួលជ័យលាភី ក្នុង១ក្រុម ទឹកប្រាក់ ១លានរៀល។ ចំណែកកម្មវីធីសំខាន់ៗផ្សេងទៀត នៃពិធីបុណ្យរដូវរំហើយ រួមមាន៖
- ការដើរក្បួនដង្ហែរភោគផលរដូវរំហើយ មានដូចជា ស្រូវ ទឹកត្នោត ផ្លែត្នោត អំពៅ នំគម នំបត់ នំអន្សម ផ្លែឈើចម្រុះក្នុងរដូវ ដោយមានអ្នកចូលរួមចំនួនប្រមាណ ៥០០នាក់។
- ការបង្ហើរខ្លែងគ្រប់ប្រភេទលេងកំសាន្ត
- ការសម្តែងរបាំប្រពៃណីក្នុងតំបន់; របាំបុរាណ; ចាប៉ីដងវែង; ល្ខោន; និងអាយ៉ៃឆ្លើយឆ្លង ជាដើម
- ការលេងល្បែងប្រជាប្រិយ ចំនួន ១៥ ប្រភេទ
- ការតាំងពិព័ណ៌ផលិតផលក្នុងសហគមន៍ និងផ្សារបុណ្យរដូវរំហើយ
- ការប្រគុំតន្ត្រី មានការចូលរួមពីតារាចម្រៀងល្បីៗ និងសិល្បៈករជាច្រើនអ្នក
- ការបង្ហោះគោមសិរីសួស្តី និងការបាញ់កាំជ្រួចជ័យ

យោងតាមប្រសាសន៍ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានគណៈកម្មការរៀបចំពិធីបុណ្យ រដូវរំហើយ បានថ្លែងថា ឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកស្ទួយ ថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទំលាប់ វប្បធម៌និងសិល្បៈពីដូនតា ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងត្រូវបន្តរៀបចំជារៀងរាល់ឆ្នាំ លើសពីនេះ យើងក៏បានរៀបចំកម្មវិធីប្រចាំឆ្នាំផ្សេងទៀតដូចជា សង្ក្រានភ្នំទូកមាស កាលពីខែ មេសា ឆ្នាំ២០២២កន្លងទៅនេះ យើងបានរៀបចំមានភាពយ៉ាងអធឹកអធម រយៈពេល ០៣ថ្ងៃ នៅស្រុកកំពង់លែង មានមនុស្សចូលរួមប្រមាណ ១ម៉ឺន៥ពាន់នាក់។ លោកបានបន្តថា មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរៀបចំព្រឹត្តិការណ៍បុណ្យរដូវរំហើយ នេះឲ្យបានជារៀងរាល់ឆ្នាំ។ លើសពីនេះ យើងនឹងរៀបចំឲ្យមានកម្មវិធីមហាជនផ្សេងទៀត ដូចជាការរត់ម៉ារ៉ាតុងជាដើម ក្នុងពេលសមស្របខាងមុខ។
មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន មានបេសកកម្មក្នុងលើកតម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដ៏ផូរផង់ដែលជាដួងព្រលឹងជាតិ ឲ្យមានភាពរស់រវើក និងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ស្រុកកំពង់លែង និងប្រជាជននៅជុំវិញតំបន់នេះ ដែលនឹងទទួលផលប្រយោជន៍ដោយផ្ទាល់ពីការអភិរក្សការពារនានា និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់នេះ របស់មូលនិធិ។

ក្រៅពីការលើកតម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានផ្តោតលើកិច្ចការសង្គមផ្សេងៗជាច្រើនទៀត រួមមាន ការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សក្នុងស្រុកកំពង់លែង ការគាំទ្រដល់វិស័យពុទ្ធសាសនា ការចូលរួមថែរក្សាបរិស្ថាន ការពារព្រៃឈើ ការពារនិងបង្កើនវត្តមានសត្វព្រៃនិងជីវៈចម្រុះ និងការចូលរួមក្នុងកិច្ចអភិវឌ្ឍមូលដ្ឋាន ដូចជាផ្លូវថ្នល់ ទឹកស្អាត និងអនាម័យ ជាដើម។

ដោយសម្លឹងឃើញអំពីឱកាសនៃការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឧកញ៉ា អុឹង ប៊ុនហ៊ូវ បានរៀបចំឱ្យមានការជ្រើសរើសយុវជនជាសិស្សានុសិស្សនៃវិទ្យាល័យកំពង់លែង ចំនួន ១៥០នាក់ ធ្វើជាអ្នកស្ម័គ្រចិត្តសម្របសម្រួលរៀបចំពិធីបុណ្យរដូវរំហើយ ដោយទទួលបានការបណ្តុះបណ្តាលពី ភ្លើងគប់ ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំលេង និងមានបទពិសោធន៍សម្បូរបែប ក្នុងការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ប្រពៃណីបុរាណ។

តាមរយៈការបណ្តុះបណ្តាលនេះ យុវសិស្សទាំងអស់ នឹងទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងឈានដល់ការដកបទពិសោធន៍ផ្ទាល់ក្នុងការរៀបចំកម្មវិធីកម្រិតស្តង់ដារដ៏ល្អមួយ ដែលជាចំណែកអភិវឌ្ឍជំនាញរឹង និងជំនាញទន់ដ៏សំបូរបែបសម្រាប់ពួកគាត់។ នេះក៏ជាឱកាសដែលយុវសិស្សទាំងអស់អាចចាប់ផ្តើមគិតគូរពីអាជីពការងារនាពេលអនាគត បានយ៉ាងល្អផងដែរ។




អត្ថបទបន្ទាប់


ទីក្រុងនានារបស់ចិនផ្តើមបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ១៩វិញហើយ ខណៈអាជ្ញាធរថាស្ថានការណ៍កូវីដ១៩កំពុងផ្លាស់ប្ដូរ

ទីក្រុងធំៗចំនួនពីររបស់ប្រទេសចិនចាប់ពីថ្ងៃព្រហស្បតិ៍ទី ០១ ខែធ្នូមក បានផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងមេរោគឆ្លងកូវីដ១៩វិញហើយ ពិសេសគឺនៅក្…

ចិនកំពុងអន្ទងចិត្តអឺរ៉ុប ខណៈអឺរ៉ុប និងអាមេរិកកំពុងឃ្នើសចិត្តគ្នារឿងផលប្រយោជន៍សេដ្ឋកិច្ច

ប្រធានាធិបតីចិនស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ទី១ខែធ្នូ បានទទួលជួបមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបទៀតហើយ ស្របពេលដែលប្រធានាធិបតីបារាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ