ចិន-អឺរ៉ុប-អាមេរិក

ចិនកំពុងអន្ទងចិត្តអឺរ៉ុប ខណៈអឺរ៉ុប និងអាមេរិកកំពុងឃ្នើសចិត្តគ្នារឿងផលប្រយោជន៍សេដ្ឋកិច្ច


ប្រធានាធិបតីចិនស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ទី១ខែធ្នូ បានទទួលជួបមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបទៀតហើយ ស្របពេលដែលប្រធានាធិបតីបារាំងឯណោះ ទើបតែបានស្កាត់ទៅជួបលោក ចូ បៃឌិន ដល់អាមេរិក។ ដោយក្នុងជំនួបនោះ បុរសខ្លាំងរដ្ឋចិនស៊ី ជីនពីង បាននិយាយលើកឡើងអំពីទំនាក់ទំនងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរវាងចិន និងអឺរ៉ុប ហើយភាគីទាំងពីរប្ដេជ្ញា នឹងធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅមុខជាមួយនឹងដំណើរការនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគដែលបានជាប់គាំងផងដែរ។
ចិនកំពុងប្រទាញប្រទង់អឺរ៉ុបពីអាមេរិក!

នៅក្នុងជំនួប​រវាង​លោកស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់អឺរ៉ុបនេះ ក៏ត្រូវបាន​អ្នកតាមដាន​ព្រឹត្តិការណ៍នយោបាយ​អន្តរជាតិមួយចំនួន មើលឃើញថា វាទំនងជាទីក្រុងប៉េកាំង​កំពុង​លួងលោម​អឺរ៉ុបឲ្យងាកចេញ​ពីសហរដ្ឋអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងតែមានការថ្នាក់ថ្នាក់រឿង​ផលប្រយោជន៍សេដ្ឋកិច្ចបន្តិចបន្តួចជាមួយអឺរ៉ុបនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។​

អំឡុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ប្រធានាធិបតីចិន គឺលោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនទន្ទឹងរង់ចាំសហភាពអឺរ៉ុបចូលរួមចំណែកឱ្យបានច្រើននៅក្នុងឱកាសទីផ្សារដ៏ធំរបស់ប្រទេសចិន។

ក្នុងន័យសំដៅដល់យុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការដាក់សម្ពាធមកលើខ្លួន លោកស៊ី ជីនពីង បានស្នើឱ្យអឺរ៉ុប បដិសេធសង្រ្គាមត្រជាក់ថ្មី​ក្នុងទម្រង់ណាក៏ដោយ។ ដោយឡែក ក្នុងន័យសំដៅដល់សំណុំរឿងកោះតៃវ៉ាន់ លោកស៊ីបានសង្កត់ធ្ងន់​លើជម្លោះដែលមិនចាំបាច់ ប៉ះពាល់ដល់ប្រយោជន៍ជាមូលដ្ឋានរវាងទីក្រុងប៉េកាំង និងទីក្រុងព្រុចសែល ហើយបានអំពាវនាវឱ្យភាគីទាំងពីរគោរព​ផលប្រយោជន៍ស្នូល​ជារួម។

បើតាមសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំ ប្រធានក្រុមប្រឹក្សាអឺរ៉ុប​ លោកMichel បាននិយាយថា EU នឹងធ្វើការជាមួយប្រទេសចិន​ ដើម្បីឆ្ពោះទៅមុខជាមួយ​នឹង​ដំណើរការនៃការផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀង​វិនិយោគរវាងភាគីទាំងពីរ។

បន្ទាប់ពីកិច្ចប្រជុំ លោក Michel បានប្រាប់អ្នកយកព័ត៌មានថា លោកបានជំរុញឱ្យលោក ស៊ី ជីនពីង ប្រើប្រាស់ឥទ្ធិពលរបស់លោក ដើម្បីលើកទឹកចិត្តរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន។ លោក បន្ថែមថា លោក ស៊ី បានបញ្ជាក់កាន់តែច្បាស់ថា ទីក្រុងប៉េកាំងមិនបាន​ផ្គត់ផ្គង់អាវុធដល់ទីក្រុងម៉ូស្គូទេ។

ចំពោះបញ្ហាសេដ្ឋកិច្ចវិញ ប្រធានក្រុមប្រឹក្សា​អឺរ៉ុបរូបនេះ និយាយថា ចិន និង អឺរ៉ុប ត្រូវការ​ទំនាក់ទំនងដែលមានតុល្យភាពជាងមុន ដោយមិនមាន​ការពឹងផ្អែកខ្លាំងពេក។ ប៉ុន្តែ​លោក​បានស្នើឱ្យ​ចៀសវាង​ការប្រឈមមុខដាក់គ្នាខ្លាំងក្លា ​ដូច​ជាមួយសហរដ្ឋអាមេរិក ដោយ​លើកទឹកចិត្ត​ឱ្យមាន​​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ណា ដែល​ទាមទារ​ឱ្យមាន​ការឆ្លើយតប​ជា​សកល ដូចជា​ការប្រែប្រួល​​អាកាសធាតុ និង​សុខភាព​សាធារណៈ​ជាដើម។

គួរជម្រាបថា ជំនួបកាលពីថ្ងៃព្រហស្បតិ៍ទី០១វិច្ឆិកា ម្សិលមិញនេះធ្វើឡើង​នៅថ្ងៃតែមួយ នៅពេលដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់សេតវិមានអាមេរិក សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ដែលរៀបចំ​ដោយប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden។ លោក ចូ បៃឌិន រៀបចំទស្សនកិច្ចនេះឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ​ពីរដ្ឋាភិបាលទីក្រុងប៉ារីស​ក្នុងការបន្តដាក់សម្ពាធលើប្រទេសចិន ហើយបារាំងខ្លួនឯងក៏ចង់ជជែកជាមួយអាមេរិក ជុំវិញច្បាប់កាត់បន្ថយ​អតិផរណា​ថ្មីរបស់អាមេរិកផងដែរ។

សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​ទីក្រុង​ព្រុចសែល និង​ទីក្រុង​ប៉េកាំង​​បាន​ធ្លាក់ចុះ​គួរកត់សម្គាល់ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍លើកិច្ចព្រមព្រៀងវិនិយោគមួយកាលពីខែធ្នូឆ្នាំ២០២០។ ប៉ុន្តែ EU បានដាក់ទណ្ឌកម្មលើ​មន្ត្រីចិននៅខែមីនា ជុំវិញការចោទប្រកាន់ការរំលោភសិទ្ធិមនុស្ស​នៅក្នុងតំបន់ Xinjiang ហើយ ទីក្រុងប៉េកាំងបានសងសឹកជាមួយនឹងវិធានការស្រដៀងគ្នា ដែលធ្វើឱ្យការផ្តល់សច្ចាប័ន​លើកិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានផ្អាកមកទល់ពេលនេះ៕




អត្ថបទបន្ទាប់


តោះ! ទៅលេង ពិធីបុណ្យរដូវរំហើយ នៅខេត្តកំពង់ឆ្នាំងទាំងអស់គ្នា

ព័ត៌មាន
សិល្បៈ និងប្រពៃណីខ្មែរបុរាណកំពុងវិលត្រឡប់មកវិញបែបទំនើប ជាមួយ ពិធីបុណ្យរដូវរំហើយ ជាពិធីគគ្រឹកគគ្រេងចំនួន២ថ្ងៃ ដែលធ្វើឡើងដើម្បីអបអរសាទរវ…

លោក ចូ បៃដិន អះអាងថា ច្បាប់កាត់បន្ថយអតិផរណាថ្មីរបស់អាមេរិក អាចនឹងត្រូវកែសម្រួលឡើងវិញដើម្បីគាំទ្រដល់ក្រុមហ៊ុនអឺរ៉ុប

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយប្រាប់ទៅកាន់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង អំឡុងពេលលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅទីក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ