វៀតណាម-​ចិន

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កុងត្រា ៩៩​ឆ្នាំ របស់​វៀតណាម ត្រូវ​បាន​អាក់ខាន​ដោយសារ​ពលរដ្ឋ​បាតុកម្ម​ប្រឆាំង​ចិន


គម្រោង​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​បី​ទីតាំង​ដំបូង​របស់​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​អាក់​ខាន រហូត​ដល់​ឆ្នាំ​ក្រោយ ក្រោយ​ពី​មាន​មហាបាតុកម្ម​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ពលរដ្ឋ​វៀតណាម ដោយ​ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​ហូរ​ចូល​នូវ​ឥទ្ធិពល​ពាណិជ្ជកម្ម​ចិន ចូល​មក​ក្នុង​ទឹក​ដី​វៀតណាម។
ដោយ

សារព័ត៌មាន Nikke របស់ជប៉ុន បាន​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​នេះ បាតុកម្ម​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស រួមទាំង​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ហូជីមិញ​ផងដែរ។ រោងចក្រ និង​ហាង​ជាច្រើន​កន្លែង​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ក្រុម​បាតុករ ខណៈ​ដែល​ក្នុង​ហេតុការណ៍​នោះ យ៉ាង​ហោច​ណាស់ មាន​មនុស្ស ១.០០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន។ 

ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នូវ​បាតុកម្ម​នេះ រដ្ឋាភិបាល​វៀតណាម​បាន​ផ្អាក​ការ​ពិចារណា និង​បោះឆ្នោត​លើ​ច្បាប់​ទាក់ទង​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ ហើយ​ថ្មីៗ​នេះ ត្រៀម​នឹង​ឈាន​ទៅ​បញ្ចប់​បញ្ហា​នេះ នៅ​កិច្ច​ប្រជុំ​នា​ខែ​តុលា។

លោក Nguyen Chi Dung រដ្ឋមន្ត្រី​ក្រសួង​ផែនការ​និង​​វិនិយោគ​វៀតណាម បាន​ថ្លែង​កាល​ពី​ខែ​មិថុនា​ថា មិន​មាន​ពាក្យ​ណាមួយ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ បាន​លើក​ឡើង​អំពី​ប្រទេស​ចិន​នោះ​ទេ។ លោក​បន្ថែម​ថា មនុស្ស​មួយ​ចំនួន​យល់​ខុស និង​បង្កើត​ជា​គំនិត​គំរាម​កំហែង​ឡើង។ 

នៅឆ្នាំ​២០១៣ វៀតណាម​បាន​ដាក់​ឈ្មោះ​តំបន់​មួយ​ចំនួន ជា​តំបន់​សេដ្ឋកិច្ច ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស Quang Ninh ខេត្ត​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ហាណូយ ដែល​មាន​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន ព្រមទាំង​មជ្ឈមណ្ឌល​រមណីយដ្ឋាន​នៃ​ខេត្ត Khanh Hoa និង​កោះ​ភូកុក (ដែល​ខ្មែរ​ស្គាល់ថាជា ​កោះត្រល់) ផង​ដែរ។

តាម​ប្រភព​ព័ត៌មាន តំបន់​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស ដោយ​ការ​ផ្ដល់​នូវ​សម្បទាន​ដី​រហូត​ដល់​៩៩ឆ្នាំ ច្បាប់​បន្ធូរ​បន្ថយ​លើ​ឧស្សាហកម្ម​កាស៊ីណូ និង​ការ​សម្រួល​នីតី​វិធី​ច្បាប់​មួយ​ចំនួន​ទៀត​ជាដើម។ ទោះយ៉ាងណា ការ​ទទួល​យក​គំរូ​តំបន់​សេដ្ឋកិច្ច​លក្ខណៈ​​បែប​នេះ​របស់​វៀតណាម ត្រូវ​បាន​គេ​ដឹង​ថា ធ្វើ​ឡើង​នៅ​ក្រោយ​ប្រទេស​តំបន់​អាស៊ី​ផ្សេង​ទៀត ដែល​ធ្លាប់​បាន​ធ្វើ​រួច​ហើយ។ 

នៅ​ពីក្រោយ​ការ​ព្រួយ​បារម្ភ​របស់​មតិ​សាធារណៈ ក៏​ព្រោះ​តែ​លំហូរ​វិនិយោគ​និង​ពាណិជ្ជកម្ម​របស់​ចិន​ក្នុង​ប្រទេស​វៀតណាម កំពុង​មាន​សន្ទុះ​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជាមួយនេះ។ តួយ៉ាង នៅ​ឆ្នាំ​មុន ក្រុមហ៊ុន​ចិន ​បាន​វិនិយោគ​ផ្ទាល់​មក​កាន់​ប្រទេស​វៀតណាម សរុបជាទឹកប្រាក់ មាន ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​៥​ដង ធៀបនឹង​តួលេខ​ឆ្នាំ​២០១២ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​មក​លេង​ប្រទេស​វៀតណាម កើន​ឡើង ៣​ដង ដែល​មាន​ប្រមាណ ៤​លាន​នាក់។ រីឯ​នៅ​តំបន់​រមណីយដ្ឋាន​មួយ​ចំនួន ដូចជា ដាណាង ភូត្រាង និង​ភូកុក (កោះត្រល់) ត្រូវ​បាន​ជនជាតិ​ចិន​ទិញ​យក​យ៉ាង​គគ្រឹក​គគ្រេង ព្រមជាមួយ​នឹង​ការ​លេច​ឡើង​នូវ​រូបរាង​ទី​ក្រុងចិន (China Towns) នៅ​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ។

មិន​ត្រឹមតែ​វៀតណាម​នោះ​ទេ ដែល​កំពុង​ទទួល​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ពី​ប្រទេសចិន នៅ​ប្រទេស​ជិត​ខាង​វៀតណាម ដូចជា កម្ពុជា និងឡាវ ក៏​កំពុង​មាន​ការ​ហូរចូល​នូវ​ឥទ្ធិពេល​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ដែរ។ ប៉ុន្ដែ ប្រជាជន​វៀតណាម គឺ​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រទេស​ចិន​នោះ​ទេ ព្រោះ​ថា ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​គ្នា នៅ​ក្នុង​សម័យ​សង្គ្រាម​តាម​ព្រំដែន និង​ជម្លោះ​ប្រដាប់​អាវុធ នៅ​ឆ្នាំ​១៩៧០ និង ១៩៨០ ហើយ​នៅតែ​បន្ត​ប្រឈម​មុខ​តាន​តឹង​ដាក់​គ្នា លើ​បញ្ហា​ទឹកដី​សមុទ្រ​ចិន​ខាង​ត្បូង​មក​ទល់​សព្វ​ថ្ងៃ​នេះ។ 

តំបន់​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​ខ្លាំងក្លា​ជាង​គេ​នៅ​ប្រទេស​វៀតណាម ដើម្បី​តវ៉ា​ការ​សម្រេច​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ គឺ​នៅ​ខេត្ត Binh Thuan ខេត្ត​ដាច់​ស្រយាល​ភាគ​ខាង​កើត​នៃ​ទីក្រុង​ហូជីមិញ ដែល​គ្មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ឡើយ។ ព័ត៌មាន​ក្នុង​ស្រុក​វៀតណាម បាន​រាយការណ៍​ថា មនុស្ស​នៅ​ពីក្រោយ​បាតុកម្ម​ដោយ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នោះ ត្រូវ​បាន​គេ​ចំណាយ​លុយ​ជួល​មក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន COSCO បានទិញភាគហ៊ុនមួយចំណែកធំពី កំពង់ផែរបស់អេស្ប៉ាញ

ក្នុងនាមជាមហាអំណាចពិភពលោកទី២ ប្រទេសចិន បានពង្រីកអាណាចក្រ ពាណិជ្ជកម្មរបស់ខ្លួនកាន់តែធំឡើងៗ ពិសេស គឺការវិនិយោគលើកំពង់ផែសមុទ្រ ដែលជាច្រក…

ដើម​ទុន​សរុប​ធនាគារ​អេស៊ីលីដា កើន​ដល់​ជិត​៤០០​លាន​ដុល្លារ ក្រោយ​ពី​បន្ថែម​ជាង​៣៦​លាន​ដុល្លារ

ធនាគារ អេស៊ីលីដា បាន​ប្រកាស​បន្ថែម​ទុន​ចំនួន​ជាង ៣៦​លាន​ដុល្លារ ពី​លើ​ដើម​ទុន​របស់​ខ្លួន​ដែល​មាន​នៅ​បច្ចុប្បន្ន ជាង ៣៥០​លាន​ដុល្លារ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ